បុរសហុងកុងម្នាក់អាយុ២៣ឆ្នាំដែលមានកាន់បដាសរសេរថា«រំដោះហុងកុង បដិវត្តន៍សម័យយើង» (Liberate Hong Kong Revolution Of Our Times) និងបានបើកម៉ូតូបុកប៉ូលិសក្នុងអំឡុងបាតុកម្មក្នុងសប្តាហ៍នេះ បានក្លាយជាជនទីមួយដែលត្រូវចោទប្រកាន់ពីបទភេរវកម្ម និងញុះញង់ឲ្យមានការបំបែករដ្ឋ ក្រោមច្បាប់សន្តិសុខថ្មីរបស់ហុងកុង។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់អនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះកាលពីយប់ថ្ងៃអង្គាររំលងចូលថ្ងៃពុធ ក្រោយពីមានភាពមិនប្រាកដប្រជាជាច្រើនសប្តាហ៍ ដែលនេះបានប្រែក្លាយទីក្រុងដ៏មានសេរីភាពបំផុតរបស់ចិនមួយនិងនិងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយផងនោះ ឲ្យធ្លាក់ក្នុងមាគ៌ាបែបផ្តាច់ការជាងមុនមួយ។
ច្បាប់ថ្មីនេះមានការដាក់ទោសរហូតជាប់ពន្ធនាគារមួយជីវិតចំពោះបទដូចជាភេរវកម្មវិទ្ធង្សនា ការបំបែករដ្ឋ និងការសមគំនិតជាមួយបរទេស។ប៉ុន្តែអ្នករិះគន់ថាច្បាប់នេះមានគោលដៅបញ្ចប់នូវចលនាតវ៉ទាមទារលទ្ធិប្រជាធិបតេយ្យច្រើនជាងមុននៅក្នុងទីក្រុងហុងកុង។
ប៉ូលិសថាបុរសអាយុ២៣ឆ្នាំនោះបានបើកម៉ូតូបុកមន្ត្រីប៉ូលិសនៅបាតុកម្មមួយកាលពីថ្ងៃពុធ ហើយសារព័ត៌មានខ្លះបានរាយការណ៍ថាដំបូងលោកត្រូវបានចាប់ខ្លួនដោយសារការបើកបរគ្រោះថ្នាក់។
បទចោទទាំងពីចំពោះលោកត្រូវបានបង្ហាញនៅក្នុងឯកសារតុលាការកាលពីថ្ងៃសុក្រ គឺនៅតិចជាង២៤ម៉ោងប៉ុណ្ណោះក្រោយពីរដ្ឋាភិបាលហុងកុងថាពាក្យស្លោក «រំដោះហុងកុង»នេះមានទោសក្រោមច្បាប់សន្តិសុខថ្មី។
កាលពីថ្ងៃពុធ អាជ្ញាធរបានចាប់ខ្លួនបាតុករប្រហែល៣៧០នាក់ក្រោយពីមនុស្សរាប់ពាន់នាក់បានតវ៉ាប្រឆាំងច្បាប់សន្តិសុខជាតិថ្មីរបស់ចិនដែលបានចូលជាធរមានកាលពីថ្ងៃពុធនោះ៕