ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណែក​ដ្រូន​និង​មីស៊ីល​រុស្ស៊ី​ដែល​អ៊ុយក្រែន​បាញ់​ទម្លាក់​ក្នុង​ទីក្រុង​កៀវ​ធ្លាក់​ចំ​អគារ​នានា


បុរស​ម្នាក់​ពិនិត្យ​មើល​ការខូចខាត​នៅ​លើ​អគារ បន្ទាប់ពី​មាន​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ក្នុង​ទីក្រុង​មូស្គូ នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
បុរស​ម្នាក់​ពិនិត្យ​មើល​ការខូចខាត​នៅ​លើ​អគារ បន្ទាប់ពី​មាន​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ក្នុង​ទីក្រុង​មូស្គូ នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ប្រទេស​រុស្ស៊ី​បាន​ធ្វើ​នូវ​អ្វី​ដែល​មន្ត្រី​អ៊ុយក្រែន​បាន​ហៅ​ថា​ជា«ការ​វាយ​ប្រហារ​ខ្លាំងក្លា» នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​សំដៅ​លើ​ទីក្រុង​កៀវ​ដោយ​ប្រើ​ដ្រូន​ជាង ២០ គ្រឿង​ដែល​ផ្នែក​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់។

លោក Serhiy Popko ​ប្រធាន​រដ្ឋបាល​យោធា​ទីក្រុង​កៀវ បាន​បញ្ជាក់​តាម Telegram ថា ​បន្ទាប់ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​តាម​អាកាស​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក រុស្ស៊ី​បាន​ប្រើ​តែ​ដ្រូន Shahed ​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់​ប៉ុណ្ណោះ​សម្រាប់​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ការ​វាយ​ប្រហារ​លើក​ទី ១៧ របស់​ខ្លួន​លើ​ទីក្រុង​កៀវ​នៅ​ក្នុង​ខែ​ឧសភា​នេះ។

អ៊ុយក្រែន​បាន​លើកឡើង​អំពី​ជ័យជម្នះ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​ការ​បាញ់​ទម្លាក់​ដ្រូន​និង​មីស៊ីល​ភាគ​ច្រើន​ដែល​រុស្ស៊ី​បាន​បាញ់​មក​លើ​ទីក្រុង​កៀវ ប៉ុន្តែ​ជា​រឿយៗ​បំណែកបាក់បែក​នៃ​ដ្រូន​និង​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ទាំង​នោះ​បាន​ធ្លាក់​ចំ​អគារ​នានា​នៅ​លើ​ដី។

លោក Popko បាន​និយាយ​ថា កម្ទេចកំទី​បាក់បែក​នៃ​ដ្រូន​របស់​រុស្ស៊ី​ដែល​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្លាក់​ចំ​អគារ​ស្នាក់នៅ​មួយ​កន្លែង​និង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​ម្នាក់​និង​ធ្វើ​ឱ្យ​មនុស្ស ៣ នាក់​ទៀត​រង​របួស។ លោក​បាន​បន្ថែម​ថា កម្ទេចកំទី​បាក់បែក​បន្ថែម​ទៀត​បាន​បំផ្លាញ​រថយន្ត​មួយ​ចំនួន​និង​ផ្ទះ​មួយ​ខ្នង​នៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ទីក្រុង​កៀវ។

កងទ័ព​រុស្ស៊ី​បាន​ដៅ​យក​ទីក្រុង​កៀវ​ជា​ទិសដៅ​ដើម្បី​វាយ​ប្រហារ​ខ្លាំងក្លា​នៅ​មុន​ការ​វាយបក​ដែល​គ្រោង​ទុក​របស់​អ៊ុយក្រែន​ធ្វើ​ឡើង។ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ការ​វាយបក​ដែល​គ្រោង​ទុក​នេះ​គឺ​ដើម្បី​ដណ្ដើម​មក​វិញ​នូវ​ដែនដី​ដែល​រុស្ស៊ី​បាន​ដណ្ដើម​យក​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ធ្វើ​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២ មក។

នៅ​ប្រទេស​រុស្ស៊ីវិញ​ អភិបាល​រដ្ឋធានី​មូស្គូ​លោក Sergei Sobyanin ​បាន​និយាយ​ថា ក្នុង​អំឡុង​ការ​វាយ​ប្រហារ​លើ​ទីក្រុង​មូស្គូ​នៅ​ថ្ងៃ​អង្គារ​នេះ ដ្រូន​បាន​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​តិចតួច​លើ​អគារ​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​ករណី​រង​របួស​ធ្ងន់ធ្ងរ​ណា​មួយ​ទេ។

លោក Sobyanin បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​វាយ​ប្រហារ​នេះ​បាន​កើតឡើង​នៅ​ពេល​ថ្ងៃ​រះ និង​ថា​អ្នក​រស់នៅ​ក្នុង​អគារ​ពីរ​ខ្នង​ត្រូវ​បាន​ជម្លៀស​ចេញ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP។

XS
SM
MD
LG