នៅក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានអរគុណកម្ពុជាសាជាថ្មីចំពោះការកាន់ជំហរគាំទ្រអ៊ុយក្រែន និងការផ្តល់ជំនួយមនុស្សធម៌នៅក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនកាលពីពេលកន្លងទៅ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែនធ្វើតាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ តាមការស្នើសុំរបស់ប្រធានាធិបតីអ៊ុយក្រែន។ នេះគឺជាជំនួបតាមទូរស័ព្ទលើកទី២ហើយរវាងថ្នាក់ដឹកនាំទាំងពីរ។
សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា នៅក្នុងជំនួបនោះ លោក ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់សង្គ្រាម ដើម្បីនាំប្រជាពលរដ្ឋចេញពីសេចក្តីទុក្ខ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «សម្តេចតេជោបានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងកាន់ខ្ជាប់យ៉ាងម៉ឺងមាត់តាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានប្រកាសគាំទ្រប្រទេសអ៊ុយក្រែននៅក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អង្គការតំបន់អាស៊ានផងដែរ៕