ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​នៅ​តំបន់​ព្រំដែន ក្រោយ​មាន​ការ​លុកលុយ​ឆ្លង​ព្រំដែន​ពី​អ៊ុយក្រែន


រូបភាពមួយបង្ហាញពីការបាញ់ទម្លាក់ដ្រូននៅតំបន់ Belgorod ដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣។ (Russian Defence Ministry/Handout via REUTERS)
រូបភាពមួយបង្ហាញពីការបាញ់ទម្លាក់ដ្រូននៅតំបន់ Belgorod ដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣។ (Russian Defence Ministry/Handout via REUTERS)

កងទ័ព​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន «ជា​ច្រើន​គ្រឿង» នៅ​ក្នុង​តំបន់ Belgorod នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​រុស្ស៊ី​បាន​ប្រកាស​ថា​កងទ័ព​របស់​ខ្លួន​បាន​កម្ទេច​ការ​សម្រុក​វាយ​ប្រហារ​ឆ្លង​ព្រំដែន​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​មូលដ្ឋាន​ម្នាក់​នៅ​ថ្ងៃ​ពុធ​នេះ។

ដ្រូន​ទាំង​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់ Belgorod។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់ Belgorod លោក Vyacheslav Gladkov តាម Telegram។ លោក​បាន​និយាយ​ថា មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ប៉ុន្តែ​អគារ​រដ្ឋបាល អគារ​ស្នាក់នៅ និង​រថយន្ត​មួយ​ចំនួន​បាន​រង​ការ​ខូចខាត។

មន្ត្រី​អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ភ្លាមៗ​អំពី​រឿង​នេះ​ទេ។

រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​រុញ​ច្រាន​ទៅ​វិញ​នូវ​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ដ៏​ខ្លាំងក្លា​បំផុត​មួយ​នៅ​ក្នុង​សង្គ្រាម​នេះ ដោយ​ក្រសួង​ការពារ​រុស្ស៊ី​បាន​លើកឡើង​ថា អ្នក​វាយ​ប្រហារ​ជាង ៧០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​តំបន់ Belgorod នោះ​ ដែល​មាន​រយៈពេល​ប្រហែល ២៤ ម៉ោង។ ក្រសួង​នេះ​មិន​បាន​បញ្ជាក់​អំពី​ការ​ស្លាប់​ឬ​រង​របួស​ណា​មួយ​របស់​ភាគី​រុស្ស៊ី​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​និយាយ​ថា ទាហាន​មូលដ្ឋាន ការ​វាយ​ប្រហារ​តាម​អាកាស និង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​បាន​ធ្វើ​ឱ្យ​អ្នក​វាយ​ប្រហារ​ទាំង​នោះ​រត់​ខ្ចាត់ខ្ចាយ​ត្រឡប់​ទៅ​វិញ។

អាជ្ញាធរ​ថា ជន​ស៊ីវិល ១២ នាក់​នៅ​ក្នុង​តំបន់​នោះ​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ហើយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ជម្លៀស។

សេចក្ដី​លម្អិត​អំពី​ហេតុការណ៍​នៅ​ក្នុង​តំបន់ Belgorod នេះ​គឺ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។ តំបន់​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨០ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង Kharkiv នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន និង​ស្ថិត​នៅ​ឆ្ងាយ​ពី​សមរភូមិ​ជួរ​មុខ​នៃ​សង្គ្រាម។

រុស្ស៊ី​បាន​បន្ទោស​ក្រុម​អ្នក​បំផ្លិចបំផ្លាញ​យោធា​អ៊ុយក្រែន​ថា​ជា​អ្នក​ធ្វើ​ការ​លុកលុយ​នេះ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ។ រី​ឯ​អ៊ុយក្រែន​វិញ​បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា​ការ​បះបោរ​របស់​បក្ខពួក​រុស្ស៊ី​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី។ ការ​ស្វែង​រក​ចំណុច​កណ្ដាល​នៃ​ការ​លើកឡើង​ផ្សេង​គ្នា​ទាំង​ពីរ​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​អ្នក​ណា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG