មន្ត្រីអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃចន្ទនេះអំពីការវាយប្រហារថ្មីរបស់រុស្ស៊ីតាមផ្លូវអាកាសលើទីក្រុងកៀវ បន្ទាប់ពីមានការវាយប្រហារដូចនេះយ៉ាងខ្លាំងក្លារយៈពេលពីរយប់កន្លងមកលើទីក្រុងនេះ។
អភិបាលក្រុងកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថាមានការផ្ទុះកើតឡើងនៅកណ្ដាលទីក្រុងកៀវ និងបានប្រាប់ប្រជាជនឱ្យស្នាក់នៅក្នុងកន្លែងស្នាក់នៅសុវត្ថិភាពបណ្ដោះ អាសន្ន។
ការវាយប្រហារនៅថ្ងៃចន្ទនេះបានធ្វើឡើងបន្ទាប់ពីអ្វីដែលលោក Klitschko ហៅថាជា «រាត្រីដ៏លំបាកមួយទៀតសម្រាប់រដ្ឋធានីកៀវ»។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងកៀវ បាននិយាយថា កងទ័ពរុស្ស៊ីបានប្រើមីស៊ីលសំកាំងនិងដ្រូន Shahed នៅក្នុងការវាយប្រហារកាលពីយប់មិញ ដោយបានសំដៅលើទីក្រុងកៀវលើកទី ១៥ នៅក្នុងខែឧសភានេះ។
ការវាយប្រហារជាបន្តតាមអាកាសនេះបានធ្វើឡើងមុនការវាយបកវិញរបស់អ៊ុយក្រែនដែលត្រូវបានរំពឹងទុក ដែលថ្នាក់ដឹកនាំអ៊ុយក្រែនបាននិយាយថាដើម្បីដណ្ដើមទឹកដីដែលរុស្ស៊ីបានដណ្ដើមយកតាំងពីពេលដែលរុស្ស៊ីបានធ្វើការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីដើមឆ្នាំមុនមក។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានបញ្ជាក់ថា ជាសរុប កងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ២៩ គ្រឿងក្នុងចំណោមដ្រូនចំនួន ៣៥ គ្រឿង និងមីស៊ីល ៣៧ គ្រាប់ក្នុងចំណោមមីស៊ីលទាំង ៤០ គ្រាប់របស់រុស្ស៊ីកាលពីយប់មិញ។
អាជ្ញាធរនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានចំទីតាំងយោធាមួយកន្លែងនៅក្នុងតំបន់ Khmelnytskiy ដោយធ្វើឱ្យយន្តហោះ ៥ គ្រឿងលែងដំណើរការ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរនៅលើ Twitter ថា៖ «ការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់រុស្ស៊ីលើទីក្រុងសន្តិភាពនានារបស់អ៊ុយក្រែនគឺមិនអាចចាត់ទុកថាជារឿងធម្មតាបានទេ មិនថាការវាយប្រហារនោះធ្វើឡើងញឹកញាប់ប៉ុណ្ណានោះឡើយ។ ការវាយប្រហារទាំងអស់នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងត្រូវតែបញ្ឈប់តាមរយៈការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំង F-16 និងការកម្ចាត់ភាពគឃ្លើនរបស់រុស្ស៊ីដូចនេះទៀតផង»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានផ្ដល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មាន AP , Reuters និង AFP។