អង្គការសិទ្ធិមនុស្សក្នុងប្រទេសថៃកំពុងអំពាវនាវឲ្យរដ្ឋាភិបាលថៃផ្តល់កិច្ចការពារកាន់តែខ្លាំងឡើង បន្ទាប់ពីការសម្លាប់របស់សកម្មជនសិទ្ធិមនុស្សម្នាក់ទៀតក្នុងតំបន់ខាងត្បូងប្រទេសថៃ។
លោក Chai Bunthonglek អាយុ៦៥ឆ្នាំ ដែលជាអ្នកធ្វើយុទ្ធនាការណ៍ដើម្បីសិទ្ធិដីធ្លីមូលដ្ឋានម្នាក់ ត្រូវបាញ់សម្លាប់ដោយឧក្រិដ្ឋជន ដែលបានមកផ្ទះរបស់លោកកាលពីល្ងាចដើមសប្តាហ៍មុន ដោយបានបាញ់លោកជាច្រើនគ្រាប់មុនពេលរត់គេចខ្លួនដោយជិះម៉ូតូ។
លោក Chai បានស្លាប់ភ្លាមៗ ដែលធ្វើឲ្យលោកបានក្លាយជាអ្វីដែលក្រុមសិទ្ធិមនុស្សថៃនិយាយថា ជាសកម្មជនសិទ្ធិដីធ្លីទី៤ ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ខាងត្បូងនៃប្រទេសថៃចាប់តាំងពីខែឧសភាឆ្នាំ២០១៤មក។
សកម្មជនសិទ្ធិមនុស្សផ្សេងទៀត ដែលត្រូវបានគេសម្លាប់ រួមមានមេធាវីម្នាក់ដែលតំណាងឲ្យពួកកសិករគ្មានដីធ្លី មេដឹកនាំការតវ៉ាប្រឆាំងនឹងអាជីវកម្មអណ្តូងរ៉ែ ហើយនឹងអ្នករៀបចំចាត់ចែងការអំពាវនាវឲ្យមានការស៊ើបអង្កេតតាមផ្លូវច្បាប់ក្នុងរឿងចម្ការដូងប្រេង។
លោកស្រី Angkhana Neelapaichi សកម្មជនសិទ្ធិមនុស្ស ដែលប្តីរបស់លោកស្រីជាមេធាវីដែលបានត្រូវគេចាប់ពង្រត់ហើយបានបាត់ខ្លួនតាំងពីឆ្នាំ២០០៤មកនោះ និយាយថា ការសម្លាប់លោក Chai ក្នុងខេត្ត Surat Thani នៅភាគខាងត្បូងប្រហាក់ប្រហែលគ្នានឹងការសម្លាប់ពួកសកម្មជនដែលត្រូវបានគេគំរាមកំហែង ឬសម្លាប់ដោយសារបញ្ហាដីធ្លី ឬធនធានធម្មជាតិផ្សេងទៀតដែរ។
«ខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំង ពីព្រោះការសម្លាប់នេះបានកើតមានឡើងម្តងហើយម្តងទៀតហើយយើងគ្មានយន្តការដើម្បីការពារ ហើយជាពិសេសរឿងបែបនេះបានកើតមានឡើងនៅក្នុងតំបន់ដាច់ស្រយាល។ ខេត្ត Surat Thani មិននៅឆ្ងាយទេ ក៏ប៉ុន្តែការសម្លាប់បានកើតមានឡើង នៅពេលដែលមនុស្សព្យាយាមការពារធនធានធម្មជាតិ»។
លោកស្រី Angkhana និយាយទៀតថា មានបរិយាកាសនៃការភ័យខ្លាចក្នុងសហគមន៍ ដោយមនុស្សទំនងជានឹងធ្វើការរិះគន់កាន់តែតិចទៅនៅពេលអនាគត។
នៅក្នុងសហគមន៍ Khlong Sai Pattana របស់លោក Chai នៅក្នុងខេត្ត Surat Thani មានសកម្មជនការពារសិទ្ធិដីធ្លីចំនួន៤នាក់បានត្រូវគេសម្លាប់ចាប់តាំងពីឆ្នាំ២០១០មក។ ជម្លោះនោះពាក់ព័ន្ធក្រុមហ៊ុនដូងប្រេងដែលមានកិច្ចសន្យាជួលដីដែលសហគមន៍រស់នៅ។ ក៏ប៉ុន្តែសិទ្ធិនេះបានចប់នៅក្រោមអតីតរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Abhisit Vejjajiva ដែលកាលពីជាង៤ឆ្នាំមុនបានគាំទ្រសិទ្ធិរបស់សហគមន៍រស់នៅលើទឹកដីរបស់ខ្លួន។
ការសម្លាប់បានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដោយការធ្វើឃាតសកម្មជនមូលដ្ឋានម្នាក់។ បន្ទាប់ពីការសម្លាប់នេះ ក៏មានការសម្លាប់មួយទៀតដែលបានកើតមានឡើងក្នុងឆ្នាំ២០១២ ដោយការបាញ់សម្លាប់ស្ត្រី២នាក់ទាំងកណ្តាលថ្ងៃនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ផ្សារក្នុងមូលដ្ឋាន។ ស្រ្តី២នាក់នេះមកពីសហព័ន្ធកសិករតំបន់ខាងត្បូងនៃប្រទេសថៃ។
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក បានចោទប្រកាន់ថា រដ្ឋាភិបាលថៃខកខានមិនបានការពារ ហើយមិនបានឆ្លើយតបនឹងការវាយប្រហារប្រឆាំងសកម្មជនមូលដ្ឋាន។
អង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ បាននិយាយថា មានការរំខានកាន់តែយ៉ាប់យ៉ឺនឡើងខាងសន្តិសុខសម្រាប់អ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសថៃ ជាពិសេសសម្រាប់អ្នកដែលធ្វើការខាងសិទ្ធិដីធ្លី។
លោក Pimsiri Petchnarob នាយកកម្មវិធីតំបន់អាស៊ីខាងកើតនៃអង្គការវេទិកាអាស៊ី បាននិយាយថា ការសម្លាប់នេះបានបង្ហាញបន្ថែមទៀតពីបរិយាកាសនៃការគ្មានទោសពៃរ៍គឺនិទណ្ឌភាព។
«ក្រុមហ៊ុន ឬមនុស្សដែលធ្វើឃាតអ្នកការពារសិទ្ធិមនុស្សដឹងថា ទោះបីជាពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះប្រឆាំងពួកសកម្មជនសិទ្ធិដីធ្លីក៏ដោយ ក៏ពួកគេនឹងអាចគ្មានទោស។ រដ្ឋាភិបាលនិងប៉ូលិសត្រូវតែនាំពួកឧក្រិដ្ឋជនឡើងតុលាការ ហើយពួកគេត្រូវបង្ហាញថា គេនឹងមិនអត់ឱនដល់និទណ្ឌភាពនេះទេ។ ដោយសារតែឃាតករយល់ដូច្នេះហើយបានជាឃាតកម្មកើតមានឡើងជាបន្តបន្ទាប់»។
ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សតំបន់អាស៊ីអាគ្នេយ៍របស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃស៊ើបអង្កេតជាបន្ទាន់នូវការធ្វើឃាតលោក Chai ហើយនឹងធ្វើឲ្យប្រសើរឡើងនូវវិធានការសន្តិសុខសម្រាប់សមាជិកសហគមន៍។
ក្រុមសិទ្ធិមនុស្សនិយាយថា ក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ២០០១មក ពួកអ្នកគាំទ្រសិទ្ធិមនុស្ស និងពួកអភិរក្សនិយមជាង៣០នាក់បានត្រូវសម្លាប់ ហើយប៉ូលិស ធ្វើការចោទប្រកាន់ជនសង្ស័យមិនដល់២០ភាគរយផងទេនៃរឿងក្តីទាំងនោះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន