នៅប្រទេសថៃ មានព្រឹត្តិការណ៍ថ្មីៗក្នុងករណីចម្លែកដែលពាណិជ្ជករជនជាតិជប៉ុនម្នាក់ត្រូវបានជឿថាជាឪពុករបស់ទារកចំនួន១៥នាក់ តាមរយៈស្ត្រីថៃស៊ីឈ្នួលពពោះកូនឲ្យបុរសជប៉ុននោះ។ ស្ត្រីខ្លះដែលស៊ីឈ្នូលពពោះកូនឲ្យបុរសនេះកំពុងតែព្យាយាមសុំសិទ្ធិថែទាំទារករបស់ខ្លួន ដែលរដ្ឋបានយកទៅគាំពារ។
ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខប្រជាពលរដ្ឋរបស់ប្រទេសថៃ ច្រានចោលការចោទប្រកាន់ដែលថា ទារកខ្លះដែលឋិតក្រោមអាណាព្យាបាលរបស់ខ្លួនត្រូវបានថែទាំមិនសមរម្យ។
នេះគឺជាការចោទប្រកាន់ក្នុងពាក្យបណ្តឹងមួយដែលត្រូវបានបញ្ជូនទៅតុលាការដោយស្ត្រីថៃស៊ីឈ្នូលពពោះកូនឲ្យគេដែលអះអាងថា អាជ្ញាធរកំពុងរារាំងមិនឲ្យពួកគេបានជួបនឹងកូនៗរបស់គេ។
ទារកទាំងនោះត្រូវបានជឿថាជាកូនរបស់បុរសជំនួញអ្នកមានម្នាក់ ដែលជាជនជាតិជប៉ុន អាយុ ២៤ឆ្នាំ ឈ្មោះ ម៉ីតស៊ូតុគី ហ្ស៊ីហ្គេតា (Mitsutoki Shigeta)។
ករណីនេះបានធ្វើឲ្យមានការចាប់អារម្មណ៍មកលើឧស្សាហកម្មស៊ីឈ្នួលពពោះកូនឲ្យគេជាអាថ៌កំបាំងនៅប្រទេសថៃ ដែលបានក្លាយជាការទាក់ទាញជនបរទេស ដែលចង់ក្លាយជាអាព្យាបាល ដោយជួលស្ត្រីថៃឲ្យពពោះកូនឲ្យពួកគេ។
លោក សេម អេវើរ៉ីងហេម (Sam Everingham) នាយកអង្គការក្រៅរដ្ឋាភិបាលរបស់អូស្ត្រាលីឈ្មោះ គ្រួសារនៃការពពោះកូនឲ្យគេ (Families Through Surrogacy) ឲ្យដឹងថា វាសមរម្យក្នុងការយកកុមារទាំងនោះចេញពីអាណាព្យាបាលរបស់រដ្ឋាភិបាល។
លោកថា៖ «ប្រសិនបើឲ្យនៅជាមួយឪពុកមិនជាការល្អ នោះការដាក់ឲ្យនៅជាមួយម្តាយស៊ីឈ្នួលពពោះកូនឲ្យគេគឺជាកាលៈទេសៈដ៏ល្អមួយ។ ប៉ុន្តែ យើងចង់សង្កត់ធ្ងន់ថា នេះគឺជាករណីមិនធម្មតាទេ ហើយឪពុកម្តាយដែលមានគម្រោងការណ៍ចង់បានកូនតាមរយៈសេវាកម្មនេះនៅប្រទេសថៃ មិនគួរព្រួយបារម្ភអំពីរឿងនេះទេ»។
ករណីរបស់លោក ហ្ស៊ីហ្គេតា និងការលាតត្រដាងអំពីករណីទារកដែលកើតមកមានជំងឺ Down Syndrome ដែលមិនត្រូវបានយកចិត្តទុកដាក់នៅប្រទេសថៃ ដោយប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ បានបណ្តាលឲ្យរដ្ឋាភិបាលចុះអន្តរាគមន៍លើឧស្សាហកម្មពាណិជ្ជកម្មស៊ីឈ្នួលពពោះកូនឲ្យគេរបស់ថៃកាលពីឆ្នាំមុន។
អង្គនីតិបញ្ញត្តិរបស់ថៃ ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធា ក៏កំពុងតែពិចារណាច្បាប់ថ្មីមួយ ដែលអាចនឹងផ្តន្ទាទោស១០ឆ្នាំក្នុងពន្ធនាគារលើជនណាដែលជាប់ពាក់ព័ន្ធនឹងការស៊ីឈ្នួលពពោះកូនដោយបង់ប្រាក់។
អ្នកគាំទ្រការពពោះកូនឲ្យគេ ដូចជាលោក អេវើរ៉ីងហេម សោកស្តាយដែលករណីជ្រុលហួសហេតុខ្លះត្រូវបានផ្សព្វផ្សាយជាព័ត៌មានអន្តរជាតិ ហើយបានបណ្តាលឲ្យមានការរឹតបន្តឹងថ្មី។
លោកនិយាយថា៖ «ករណីលោក ហ្ស៊ីហ្គេតា ជាឧទាហរណ៍ជាក់ស្តែងមួយនៃការរំលោភលើសិទ្ធិពពោះកូនឲ្យគេជាលក្ខណៈអន្តរជាតិ ដោយជនបរទេស។ ហើយនេះគឺជាមូលហេតុមួយ ដែលបណ្តាលឲ្យមានការជំរុញឲ្យលុបបំបាត់ការទទួលបាននូវសេវាកម្មពពោះកូនឲ្យជនបរទេសនៅក្នុងប្រទេសថៃយ៉ាងឆាប់រហ័ស»។
លោក អេវើរ៉ីងហេម បាននិយាយថា ដោយសារតែតម្លែទាប និងភាពសម្បូរ ប្រទេសថៃបានក្លាយជាប្រទេសទិសដៅសម្រាប់គម្រោងពពោះកូនឲ្យគេ ជាពិសេសគឺសម្រាប់ប្តីប្រពន្ធដែលមានភេទដូចគ្នា។
លោកនិយាយថា៖ «ប្រទេសជាច្រើន ដូចជាប្រទេសអូស្ត្រាលី មិនផ្តល់សេវាកម្មទទួលបានការពពោះកូនឲ្យទេ។ រដ្ឋទាំងនោះមិនអនុញ្ញាតិឲ្យមានគម្រោងពាណិជ្ជកម្មបែបនេះ និងការផ្សាយពាណិជ្ជកម្មដោយបង់ប្រាក់អំពីការពពោះកូនឲ្យទេ ដូច្នេះ វាពិបាកក្នុងការទាក់ទងម្តាយដែលស៊ីឈ្នួលពពោះកូនឲ្យគេក្នុងរដ្ឋជាច្រើននៅប្រទេសអូស្ត្រាលី ហើយនិងនៅក្នុងរដ្ឋផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។ ការណ៍នេះបង្ខំឲ្យមនុស្សជាច្រើនទៅប្រទេសក្រៅ»។
មន្ត្រីថៃ ឲ្យដឹងថា ពួកគេកំពុងតែកំណត់ថាតើ ម្តាយស៊ីឈ្នួលពពោះកូនឲ្យគេនៃកុមារដែលឋិតនៅក្រោមការគាំពាររបស់រដ្ឋ អាចនឹងទទួលបានសិទ្ធិធ្វើជាអាណាព្យាបាលដែរឬយ៉ាងណា។
ព្រះរាជអាជ្ញាសម្រាប់សាធារណជន បានពន្យាសេចក្តីសម្រេចរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ដោយត្រូវរង់ចាំព័ត៌មានបន្ថែមពីប៉ូលីស ថាតើគួរតែផ្តន្ទាទោសគ្រូពេទ្យដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជករជាតិជប៉ុនម្នាក់នោះ ដែលត្រូវបានរកឃើញថាជាឪពុករបស់ទារក ១៥នាក់ តាមរយៈម្តាយដែលស៊ីឈ្នួលពពោះកូនឲ្យបុរសនោះនៅក្នុងប្រទេសថៃ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត