ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​និយាយ​ថា​មាន​ភាពប្រសើរ​ឡើង​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស


កម្មករ​អន្តោប្រវេសន៍​ជញ្ជូន​ត្រី​ដែល​ត្រូវ​បាន​ក្លាសេ​ពី​ទូក​នេសាទ​នៅ​ផ្សារ​ត្រី​មួយ​នៅ​ក្នុង​ខេត្ត​ Samut Sakhon ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០​ ខែមិថុនា ឆ្នាំ២០១៤។
កម្មករ​អន្តោប្រវេសន៍​ជញ្ជូន​ត្រី​ដែល​ត្រូវ​បាន​ក្លាសេ​ពី​ទូក​នេសាទ​នៅ​ផ្សារ​ត្រី​មួយ​នៅ​ក្នុង​ខេត្ត​ Samut Sakhon ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០​ ខែមិថុនា ឆ្នាំ២០១៤។

ប្រទេស​ថៃ​បាន​រាយការណ៍​អំពីការ​បោះ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កម្មករ​អន្តោប្រវេសន៍។

នៅ​ក្នុង​ឆ្នាំ២០១៤ សហរដ្ឋអាមេរិក​បាន​ទម្លាក់កម្មករ​អន្តោប្រវេសន៍​ជញ្ជូន​ត្រី​ដែល​ត្រូវ​បាន​ក្លាសេ​ពី​ទូក​នេសាទ​នៅ​ផ្សារ​ត្រី​មួយ​នៅ​ក្នុង​ខេត្ត​ Samut Sakhon ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០​ ខែមិថុនា ឆ្នាំ២០១៤។​អត្រា​វាយ​តម្លៃ​ទៅ​លើ​ប្រទេស​ថៃ​ក្នុង​របាយការណ៍​ការ​ជួញដូរ​មនុស្ស​ (Trafficking in Person) របស់ខ្លួន​ ដែល​បាន​បង្ហាញ​ថា​ប្រទេស​ថៃ​មាន​ភាព​ប្រសើរ​ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​កំណត់ត្រា​ការ​ជួញដូរ​មនុស្ស​ និង​ការងារ​ខុស​ច្បាប់។

នៅក្នុង​វិស័យ​ជាច្រើន​របស់​ថៃ​ ចាប់​ពី​នាវា​នេសាទ​ រោងចក្រ និង​កសិដ្ឋាន ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា​កម្មករ​បរទេស​ជាច្រើន​ត្រូវ​បាន​កេង​ប្រវ័ញ្ច ឲ្យ​ប្រាក់ខែ​តិច​ ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជាច្រើន​ម៉ោង​ ក្រោម​ការ​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា​។

ការ​ទម្លាក់​អត្រា​វាយតម្លៃ​របស់​ស.រ.អា​នេះ​បាន​ដាក់​ប្រទេស​ថៃ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ ឬ​កម្រិត​ទី​៣​ ដែល​នេះ​បាន​បើក​ចំហ​ឲ្យ​ប្រទេស​ថៃ​ប្រឈម​នឹង​ការដាក់​ទណ្ឌកម្ម​មិន​ពាក់ព័ន្ធ​នឹង​ផ្នែក​ជំនួញ​និង​មនុស្សធម៌​ ក៏​ដូចជា​ការ​ដក​ចេញ​នូវ​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែលមាន​ធនាគារ​ពិភពលោក​ជាដើម។

ប្រទេស​ថៃ​មាន​កម្មករ​អន្តោប្រវេសន៍​ប្រមាណ​៣លាន​នាក់​ ដែល​ភាគច្រើន​ជា​កម្មករ​ដែល​គ្មាន​លិខិតស្នាម​មក​ពី​ប្រទេស​ភូមា​ ​កម្ពុជា ​ឡាវ និង​វៀតណាម។ របាយការណ៍​របស់​ស.រ.អា​បាន​និយាយ​ថា​ជន​រងគ្រោះ​ទាំងនោះ​តែងតែ​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ និង​ការជួញដូរ​ផ្លូវ​ភេទ​ ដែល​នេះ​រួម​មាន​ប្រជាជន​មក​ពី​ប្រទេស​ចិន រុស្ស៊ី អ៊ូសបេគីស្ថាន (Uzbekistan) ឥណ្ឌា និង​ហ៊្វីជី (Fiji) ផងដែរ។

កាលពី​ឆ្នាំ​ទៅ នាយករដ្ឋមន្រ្តី​ថៃ​ លោកប្រាយុទ្ធ​ ចាន់អូឆា (Prayuth Chan-ocha)​ បាន​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ពិសេស​ដើម្បី​ត្រួត​ពិនិត្យ​ការ​បង្កើត​គោល​នយោបាយ​ថ្មី​ក្នុងការ​បង្រា្កប​ការ​ជួញដូរ​មនុស្ស​ និង​លើកកម្ពស់​សិទ្ធិ​របស់​កម្មករ​នៅ​ក្នុង​វិស័យ​នានា​។

កាលពី​សប្តាហ៍​មុន​ ក្រសួង​ការបរទេស​ថៃ​បាន​ចេញ​នូវ​របាយការណ៍​បណ្តោះ​អាសន្ន​ស្តី​អំពី​វិធានការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​តាក់តែង​ច្បាប់​ដែល​មាន​លក្ខណៈ​តឹងរឹង​ជាងមុន​របស់​រាជរដ្ឋាភិបាល។

លោក Don Pramudwinai អនុ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ​ បាន​ប្រាប់​សន្និសីទ​កាសែត​មួយ​ថា​លោក​ជឿជាក់​ថា​ ការ​ផ្តួចផ្តើម​គំនិត​មួយ​នេះ​បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស។

«កាលពី​៦​ខែ​មុន​ យើង​ទទួល​បាន​លទ្ធផល​ជាក់ស្តែង នៅពេល​ដែល​មាន​វិសោធនកម្ម​ច្បាប់​ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ជន​រងគ្រោះ ក៏ដូចជា​ការ​អនុវត្ត​ផ្សេងៗ ទាំងអស់​នេះ​សុទ្ធ​តែ​ជា​វិធានការ​ជាក់ស្តែង​ដែល​នឹង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព»​។

វិធានការ​ទាំងនោះ​រួម​មាន​បញ្ញតិ្ត​តឹងរឹង​ដើម្បី​ការពារ​ការងារ​នៅក្នុង​វិស័យ​នេសាទ ​ដែល​រួម​មាន​ការ​តម្លើង​អាយុ​ធ្វើការ​ដល់​១៨​ឆ្នាំ និង​ធានា​ឲ្យ​ម្នាក់ៗ​មាន​កិច្ចសន្យា​ការងារ។​ នៅក្នុង​វិស័យ​កសិកម្ម​វិញ ​អាយុ​របស់​កម្មករ​ត្រូវ​បាន​កំណត់​ត្រឹម​១៥ឆ្នាំ។

រាជរដ្ឋាភិបាល​ថៃ​និយាយ​ថា​ខ្លួន​បាន​ជួប​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​អនុវត្ត​និង​តាមដាន​គោលនយោបាយ​ទាំងនោះ។

នៅក្នុង​ខេត្ត​ Phang Na ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ Htoo Chit បុគ្គលិក​សិទ្ធិ​មនុស្ស​ភូមា និង​ជា​ប្រធាន​អង្គការ​យុទ្ធនាការ​គាំពារ​សិទ្ធិ​កម្មករ​អន្តោប្រវេសន៍​ បាន​និយាយ​ថា ​អង្គការ​នេះ​កំពុង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ទៅ​លើ​គម្រោង​សាកល្បង​មួយ​នៅ​ក្នុង​វិស័យ​នេសាទ។​

ប៉ុន្តែ​ Htoo Chit ក៏​បាន​លើកឡើង​ផង​ដែរ​ថា​ទោះបីជា​គោលនយោបាយ​ចាត់​ឡើង​បាន​បង្ហាញ​នូវ​ភាព​ប្រសើរ​ជាង​មុន​របស់​រដ្ឋាភិបាល​អណត្តិ​មុន​ ដែល​រួម​មាន​ការ​ចុះ​បញ្ចី​ឲ្យ​អ្នក​ដែល​គ្មាន​ឯកសារ​ការងារ​ក៏ដោយ​ ក៏​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​បំពេញ​បន្ថែម​។

«ពួកគេ​កំពុង​តែ​ធ្វើ​ការងារ​ទាំងនោះ​បន្ថែម។ ខ្ញុំ​ចង់​និយាយ​ថាបើសិនជា​យើង​ប្រៀបធៀប​រាជរដ្ឋាភិបាល​នេះ​ជាមួយ​រាជរដ្ឋាភិបាល​មុន។ ប៉ុន្តែ​ វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។​ ជា​ឧទាហរណ៍ ពួកគេ​បាន​ព្យាយាម​ផ្តល់​ភាព​ស្របច្បាប់ដល់​ក្រុម​ជន​អន្តោប្រវេសន៍​ជាទូទៅ ប៉ុន្តែ​ជន​រងគ្រោះ​ភាគច្រើន​មិន​មាន​លិខិត​ស្នាម​នោះ​ទេ​ ដូច្នេះ​ត្រូវ​មាន​ការ​តាមដាន​កង​នាវា​នៅ​តាម​ដែន​សមុទ្រ​ផងដែរ​»។

នៅ​ក្រោម​ច្បាប់​ថ្មី​ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​នាវា​ដែល​ទៅ​សមុទ្រ​ទាំងអស់​ចុះ​បញ្ជី​ប្រព័ន្ធ​គ្រប់គ្រង​នាវា (VMS) នៅ​លើ​គ្រប់​នាវាត្រឹម​ខែ​កុម្ភៈ។

រាជរដ្ឋាភិបាល​និយាយ​ថា​ឥឡូវនេះ​ខ្លួន​បាន​ចុះ​បញ្ជីកម្មករ​អន្តោប្រវេសន៍​ដែល​គ្មាន​លិខិតស្នាមពី​មុន​មកនៅ​ក្នុង​ប្រទេស​ថៃ​ចំនួន​១លាន​៦សែន​នាក់​ហើយ​។

Kanchana Patachoke អគ្គនាយករង​នៅក្នុង​ក្រសួង​ការបរទេស​ថៃ​និយាយ​ថា​ប្រទេស​ថៃ​នឹង​ពង្រឹង​ជំហរ​របស់​ខ្លួន​តាម​រយៈ​ការ​គោរព​និង​ប្រព្រឹត្តតាម​ពិធីការអន្តរជាតិ​ស្តី​ពី​ការ​ជួញដូរ​មនុស្ស។

«ប្រទេស​ថៃ​ក៏​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា​ និង​អង្គការ​សហប្រជាជាតិ​ផង​ដែរ​។ នេះ​ជា​កាតព្វកិច្ច​របស់​ថៃ​នៅ​ក្រោម​អនុសញ្ញា​ស្តី​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន (UN Transnational Organized Crime Convention)។ ប្រទេស​ថៃ​ក៏​ជា​ហត្ថលេខី​នៃ​ពិធីការ​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ ឬ​ការ​ជួញដូរ​ជន​អន្តោប្រវេសន៍ ហើយ​យើង​ក៏​កំពុង​ពិចារណាធ្វើ​តាម​ពិធីការ​ស្តី​ពី​ការ​លួច​នាំ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ផងដែរ»។

លោក Don Pramudwinai អនុ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសបាន​ប្រាប់​វីអូអេ​ថា​ គោល​ដៅ​របស់​យើង​គឺ​នៅ​តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្ខិតបង្ខំ​កម្លាំង​ពលកម្ម​ និង​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​ថៃ។

«ពួកយើង​កំពុង​សម្លឹង​ទៅ​គោលដៅ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ឲ្យ​បាន​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ ​បញ្ហា​ទាំងនោះ​បាន​រារាំង​ប្រទេស​យើង​អស់​រយៈពេល​ជាយូរ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​ និង​ស្រ្តីភេទ​។ បញ្ហា​ទាំង​នោះ​ត្រូវតែ​លុប​បំបាត់​ចោល​។ ហើយ​យើង​សង្ឃឹម​ថា​វិធានការ​ទាំង​នេះ​របស់​យើង​នឹង​ត្រូវ​បាន​យក​ទៅ​ពិចារណា​នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស។

Phil Robertson អនុប្រធាន​អង្គការ​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី និយាយ​ថា​ខណៈ​ពេល​ដែល​គោលនយោបាយ​ទាំងនោះ​ត្រូវ​បាន​ស្វាគមន៍ ​អ្វីៗ​ជា​ច្រើន​បន្ថែម​ទៀត​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​ជុំវិញការ​អនុវត្ត​ ជាពិសេស​សម្រាប់ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ដូចជា​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ (Rohingya) ​មកពី​ប្រទេស​ភូមា និង​បង់ក្លាដែស ដែល​ពួកគេ​ជា​ជន​រងគ្រោះ​ពីការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​ថៃ។

«យើង​បាន​ដឹងលឺ​ថា​មាន​ការ​បេ្តជ្ញាចិត្ត​ និង​ការ​សន្យា​ផ្លាស់​ប្តូរ​ច្បាប់​ជាច្រើនលើក​ច្រើនសារ ប៉ុន្តែ​មិន​មាន​អ្វី​ត្រូវ​បាន​កែប្រែ​ចំពោះ​និទណ្ឌភាព​នោះ​ទេ។ ​និទណ្ឌភាព​នៅ​ក្នុង​បាន​បន្ត​ធ្វើ​ការ​ជួញដូរ​មនុស្សជា​អ្វី​ដែល​កំពុង​កើត​ឡើង​ទៅ​លើ​ជន Rohingya និង​ទៅលើ​កម្មករ​នៅ​លើ​នាវា​នេសាទ​។ នេះ​បាន​បង្ក​ជាការ​សង្ស័យ​មួយ​ថា ​រដ្ឋាភិបាល​ថៃ​កំពុង​ព្យាយាម​និយាយ​យក​រួចខ្លួន​ពី​បញ្ហា​នេះ​សារ​ជា​ថ្មី​ម្តង​ទៀត​»​។

រាជរដ្ឋាភិបាល​ថៃ​និយាយ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​ចាត់​ទុក​ជាអាទិភាព​ចម្បង​មួយ​។ ​របាយការណ៍​សង្ខេប​មួយ​ទៅ​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រសួង​ការបរទេស​ស.រ.អា.នា​ក្នុង​ខែ​នេះ៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG