ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ពលករ​ចំណាក​ស្រុក


អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ​ដើម្បី​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​ និង​ការពារ​​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​របស់​ខ្លួន។​
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ​ដើម្បី​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​ និង​ការពារ​​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​របស់​ខ្លួន។​
សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចាត់​ទុក​វិធីបញ្ជូន​ពលករ​ចំណាក​ស្រុក​កម្ពុជា​មក​កាន់​ប្រទេស​ខ្លួន​វិញ​ពី​សំណាក់​រដ្ឋាភិបាល​យោធា​ថៃ​ថា​ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ពុំ​មាន​លក្ខណៈ​ស៊ីវិល័យ។​ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ​ដើម្បីធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​ និង​ការពារសិទ្ធិ​ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​របស់​ខ្លួន។​

ក្នុង​សន្និសីទ​កាសែត​មួយលោក ​ធន់ ​សារ៉ាយ​ នាយក​ប្រតិបត្តិ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​សម្តែងការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​យោធា​ថៃ​មក​លើ​ពលករ​កម្ពុជា​នៅ​ទី​នោះ។​

«សមាគម​អាដហុក​យើង​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ពី​របៀប​នៃ​ការ​បញ្ជូន​ពលករ​ចំណាក​ស្រុក​ខ្មែរ​យើង​ពី​ប្រទេស​ថៃ​ ដែល​មាន​លក្ខណៈ​ពុំ​ស៊ីវីល័យ​ មាន​លក្ខណៈ​អមនុស្សធម៌​ ដែល​នាំ​ឱ្យ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ទាំង​នោះ។ ​របៀប​បណ្ដេញ​ពលករ​ចំណាក​ស្រុក​ចេញ​ពី​ប្រទេស​ថៃ​នេះ​ធ្វើ​ឡើង​ដោយ​ការ​បំភិត​បំភ័យ​ពី​អាជ្ញាធរ​យោធា​ថៃ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្មារតី​ពលករ​ចំណាកស្រុក​ជា​ទូទៅ។​ វិធី​ដែល​ធ្វើ​ឱ្យ​តក់​ស្លុត​ជា​ខ្លាំង​នេះ​គឺ​ពលករ​ចំណាកស្រុក​ពិត​ជា​បាន​ទទួល​ការ​គំរាម​កំហែង​ បំបាក់​ស្មារតី​ បំភិត​បំភ័យ ​ធ្វើ​ទារុណកម្ម​ និង​ការ​ធ្វើ​អំពើ​ហិង្សា​ផ្សេងៗ​ទៀត»។​

សមាគម​អាដហុក​អះអាង​ថា​ រដ្ឋាភិបាល​យោធា​ថៃ​គួរ​តែ​ចាត់​វិធានការ​មាន​លក្ខណៈ​មនុស្ស​ធម៌​ជាង​នេះ​មក​លើ​ពលករ​ចំណាក​ស្រុក​ ដោយ​ទុក​រយៈ​ពេល​សមស្រប​មួយ​ដើម្បី​ឱ្យ​ពួក​គេ​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ដោយ​សន្តិវិធី ​មុន​នឹង​ចាត់​វិធានការ​ដោយ​បង្ខំ​បែប​នេះ។​

ក្រោយ​ពី​មាន​រដ្ឋ​ប្រហារ​ទម្លាក់​លោកស្រី​នាយក​រដ្ឋមន្ត្រី​យីងឡាក់​ស៊ីណាវ៉ាត្រ​កាល​ពី​ខែ​មុន​ កម្មករខុស​ច្បាប់មក​ពី​កម្ពុជា ​ឡាវ​និង​ភូមា​រាប់​សែន​នាក់​បាន​គេច​ខ្លួន ​ឬ​ត្រូវ​រដ្ឋាភិបាល​ថៃ​ចាប់​បញ្ជូនទៅ​ប្រទេស​របស់​ខ្លួន​វិញ ​ក្នុង​នោះ​បើ​តាម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ (IOM)​ បាន​ប៉ាន់ប្រមាណ​ថា​ យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ជាង​២​សែន​នាក់​បាន​ត្រូវ​បញ្ជូន​ត្រឡប់មក​ស្រុក​កំណើត​វិញ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ទទូចឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់​វិធានការសមស្រប​ជា​បន្ទាន់​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុកដើម្បី​បញ្ចប់​ការ​ភៀស​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ​ចេញ​ប្រទេស​មួយ​នេះ។​

លោក​ Phil Robertson ​នាយករង​ការិយាល័យ​អាស៊ី​របស់​អង្គការ ​Human Rights Watch​ ថ្លែង​ថា​ រដ្ឋាភិបាល​ថៃ​គប្បី​កែ​សម្រួល​ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន​ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិ​ពលករ​ចំណាក​ស្រុកក្នុង​ប្រទេស​ខ្លួន។​

«ការ​សំខាន់​នៅ​ពេល​នេះ​គឺ​ថា ​វា​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​កំណត់​ប្រព័ន្ធ​មួយ​ដោយ​ធ្វើ​កំណែ​ទម្រង់​មូលដ្ឋាន​សម្រាប់​ពលករ​អន្តោ​ប្រវេសន៍​ក្នុង​ប្រទេស​ថៃ​ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ធានា​ឱ្យ​បាន​ថា​ ពលករ​អន្តោ​ប្រវេសន៍​ត្រូវ​បាន​ការពារ​និង​ចាត់​ទុក​ដោយ​ស្មើ​គ្នា។​រដ្ឋាភិបាល​យោធា​បាន​និយាយ​ថា​ ពួកគេ​នឹង​កំណត់​ប្រព័ន្ធ​ ដែល​យុត្តិធម៌​មួយ ​ប៉ុន្តែ​យើង​មិន​ប្រាកដ​ថា ​គេ​នឹង​ធ្វើ​ដូច្នេះ​ម្តេច​នោះ»។

សូម​បញ្ជាក់​ថា​ ពលករ​កម្ពុជា​ទាំង​ខុស​ច្បាប់​ និង​ស្រប​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ។​

ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រំលោភ​បំពាន​ជា​លក្ខណៈ​ប្រព័ន្ធ​ ហើយ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​និច្ចកាល​ បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ​ពី​សំណាក់​ប៉ូលិស ​អាជ្ញាធរ​និង​និយោជក​របស់​ខ្លួន។ ​ដោយ​ឡែក​ការ​បង្កើត​សហជីព​ និង​សមាគម​របស់កម្មករ​អន្តោ​ប្រវេសន៍​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​កម្មករ​ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​តឹង​តែង​បំផុត។​ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​អង្គការ ​Human Rights Watch។​

យ៉ាង​ណា​ក៏​ដោយ​ ក្នុង​លិខិត​មួយ​ដែល​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ផ្ញើ​មក​កាន់​ការិយាល័យ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ​ រដ្ឋាភិបាល​ថៃ​បាន​ទាត់​ចោល​សេចក្ដី​រាយ​ការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​អំពី​ការ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​ ហើយ​ខ្លួន​កំពុង​តែ​ពិចារណា​ចាត់​វិធានការ​ចាំ​បាច់ ដូចជា​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ និង​បទ​បញ្ញត្តិ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ​អន្តោ​ប្រវេសន៍​ទាំង​នោះ។​

ដោយ​ឡែក​រដ្ឋាភិបាល​ថៃ​ក៏​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដែល​ថា ​ខ្លួន​នឹង​ទទួល​ពលករ​ចំណាក​ស្រុក​ពី​កម្ពុជា​ឡើង​វិញ​ចំពោះ​ពលករ​ដែល​ស្រប​ច្បាប់​ ខណៈ​ពេល​ដែល​ពលករ​កម្ពុជា​ភាគ​ច្រើន​បាន​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ ឬ​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន ​ដោយ​សារ​លិខិត​ឆ្លង​ដែន​មាន​តម្លៃ​ថ្លៃ​ និង​ទាមទារ​រយៈ​ពេល​យូរ។​

ជា​ការ​ឆ្លើយ​តប​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​អនុញ្ញាត​ឱ្យ​ពលករ​ និង​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​អាចធ្វើ​លិខិត​ឆ្លង​ដែន​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​គ្រាន់​តែ​បង់​ថ្លៃ​រូបថត​៤​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​២០​ថ្ងៃ។ ​ដូច្នេះ​គេ​សង្ឃឹម​ថា​ វិធានការ​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ពលករ​កម្ពុជា​ឱ្យ​ត្រឡប់ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ដោយ​ស្រប​ច្បាប់​ នា​ពេល​ខាង​មុខ៕​
XS
SM
MD
LG