ឥស្សរជនដែលលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden ស្នើឈ្មោះតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ ត្រូវបានគេពិព័ណនាថាជាមនុស្សមិនសូវនិយាយស្តី និយាយត្រង់ៗ និងមានចិត្តមេត្តា។
លោក Alejandro Mayorkas ជាជនជាតិអាមេរិកាំងដើមកំណើតគុយបានិងជាអតីតមន្ត្រីរដ្ឋបាលលោកអូបាម៉ានឹងក្លាយជាជនអំបូរអាមេរិកឡាទ្ទីនទីមួយ ដែលនឹងដឹកនាំក្រសួងសន្តិសុខមាតុភូមិ ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា។ ក្រសួងនេះបានត្រូវបង្កើតនៅក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១កញ្ញាឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។ ក្រសួងនេះជាទីភ្នាក់ងារសហព័ន្ធធំទីបីរបស់ប្រទេសជាតិ។
«លោក Alejandro Mayorkas ជាបុរសមិនសូវនិយាយស្តីតែលោកជាមនុស្សធ្វើតាមពាក្យសម្តីលោក ដែលជារឿងសំខាន់ណាស់»។ នេះជាសម្តីរបស់អ្នកស្រី Gaby Pacheco នាយិកាខាងការគាំទ្រគមនាគមន៍និងការអភិវឌ្ឍន៍សម្រាប់អង្គការ TheDream.US ដែលជាអង្គការមិនរកកម្រៃមួយដែលជួយផ្តល់លុយកាក់ដល់ពួកយុវជនគ្មានឯកសារតាមរយៈអាហារូបករណ៍មហាវិទ្យាល័យ។
អ្នកស្រី Pacheco ជាអតីតអ្នកបានទទួលផលប្រយោជន៍ពីកម្មវិធី DACA ដែលជាកម្មវិធីមួយក្នុងពេលលោកអូបាម៉ាកាន់តំណែងប្រធានាធិបតីដែលអនុញ្ញាតឱ្យពួកជនអន្តោប្រវេសន៍ដែលបានមកដល់សហរដ្ឋអាមេរិកពីតូច ដោយគ្មានសំបុត្រស្នាមឱ្យឋិតនៅក្នុងប្រទេសអាមេរិកបានដោយត្រឹមត្រូវតាមច្បាប់ និងសិក្សាដោយមិនបាច់ភ័យខ្លាចអំពីការបញ្ជូនត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។ អ្នកស្រី Pacheco បានជួបជាមួយលោក Mayorkas តាមរយៈការងារគាំទ្រ DACA របស់អ្នកស្រីនៅពេលលោកជាជំនួយការជាន់ខ្ពស់នៃសេវាខាងការចូលសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកហៅកាត់ថា USCIS។
អ្នកស្រី Pacheco បាននិយាយថា៖ «យើងបានជួបលោកជាលើកដំបូងនៅពេលដែលលោកបានមកកាន់ការិយាល័យនៃវេទិកាអន្តោប្រវេសន៍ជាតិ...បន្ទាប់មកយើងបានទៅការិយាល័យUSCIS ហើយជួបជាមួយពួកមន្ត្រីដើម្បីស្វែងរកវិធីអនុវត្តកម្មវិធីDACA»។
នៅក្នុងរដ្ឋបាលលោកអូបាម៉ា លោក Mayorkas ជាជនជាតិអាមេរិកាំងដើមកំណើតគុយបាដែលមានឋានៈខ្ពស់បំផុតដោយលោកបានកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិនៅពេលលោក Jeh Johnson ជារដ្ឋមន្ត្រីក្រសួងនេះ។ នៅមុននោះ លោកបានបម្រើការជានាយក USCIS ដោយលោកមើលការខុសត្រូវលើប្រព័ន្ធនៃការចូលសញ្ជាតិនិងអន្តោប្រវេសន៍។
លោក Mayorkas បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំកម្មវិធី DACA ហើយអ្នកស្រី Pacheco បានថ្លែងថាលោកជាមនុស្សម្នាក់ក្នុងបណ្តាមនុស្សមួយចំនួនតូចដែលទទួលស្គាល់ការងារគាំពារអន្តោប្រវេសន៍។ លោកត្រួតត្រាមើលការអនុវត្តន៍និងដោះស្រាយបញ្ហាភ័ស្តុភារនិងបញ្ហាច្បាប់សម្រាប់អនុវត្តកម្មវិធីនេះប្រមាណពីរខែក្រោយការប្រកាសកម្មវិធីនេះ។
អ្នកស្រី Pacheco បាននិយាយបន្ថែមថា៖ «លោក Mayorkas ឈ្លាសវៃណាស់ក្នុងរបៀបលោកនិយាយ តែលោកសរសើរនៅពេលមានការត្រូវសរសើរហើយខ្ញុំយល់ថានៅពេលខ្លះពួកអ្នកនយោបាយភ្លេចពួកមនុស្សដែលធ្វើការនៅក្រោយឆាកទាំងឡាយ»។
ពីប្រទេសគុយបាមកកាន់សហរដ្ឋអាមេរិក
លោក Mayorkas ជាកូនប្រុសរបស់ពួកជនភៀសខ្លួនគុយបាអំបូរ Juif ដែលបានរត់គេចខ្លួនជាមួយលោកចេញពីការគ្រប់គ្រងកុម្មុយនិស្តរបស់លោក Fidel Castro កាលពីឆ្នាំ១៩៦០។ លោកបានរស់នៅក្នុងក្រុង Miami នៅពេលលោកជាកុមារតែគ្រួសារលោកបានផ្លាស់ទីលំនៅទៅរដ្ឋ California ដែលក្រោយមកលោកបានចាប់ផ្តើមអាជីពជារដ្ឋអាជ្ញានៃរដ្ឋាភិបាលសហព័ន្ធ។
នៅក្នុងសារ tweet មួយកាលពីថ្ងៃចន្ទទី២៣វិច្ឆិកា លោក Mayorkas បាននិយាយថា៖ «នៅពេលនេះខ្ញុំបានទទួលការស្នើឈ្មោះតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិនិងត្រួតត្រាការការពារជនជាតិអាមេរិកាំងទាំងអស់និងពួកជនដែលរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញក្នុងការស្វែងរកជីវភាពល្អប្រសើរជាងមុនសម្រាប់ពួកគេផ្ទាល់និងពួកជនជាទីស្រឡាញ់របស់ពួកគេ»។
លោក Al Cardenas ដែលជាជនជាតិអាមេរិកាំងដើមកំណើតគុយបានិងជាអតីតប្រធានគណបក្សសាធារណរដ្ឋប្រចាំរដ្ ឋFlorida បាននិយាយនៅក្នុងសារ tweet មួយថា៖ «នេះជាការផ្លាស់ប្តូរដែលត្រូវការ»។
រដ្ឋបាលលោក Trump បានចេញបទបញ្ជានីតិប្រតិបត្តិជាង៤០០ ដែលបានកែប្រែប្រព័ន្ធអន្តោប្រវេសន៍របស់ប្រទេសអាមេរិក។ គេរំពឹងថាលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងលប់ចោលគោលនយោបាយទាំងនោះជាច្រើន ដោយមានរួមបញ្ចូលការលុបចោលការរឹតត្បិតការធ្វើដំណើរសម្រាប់ប្រទេស១៣និងការផ្អាកការបញ្ជូនមនុស្សទៅប្រទេសពួកគេវិញសម្រាប់រយៈពេល១០០ថ្ងៃ នៅពេលរដ្ឋបាលលោករៀបចំគោលការណ៍ណែនាំថ្មី។
អ្នកស្រី Pacheco បាននិយាយថា «ខ្ញុំមិនមែនឆោតល្ងង់ទេ។យើងនឹងឱ្យលោក Mayorkas ទទួលខុសត្រូវនិងជំរុញលោកឱ្យធ្វើអ្វីៗដោយត្រឹមត្រូវតែវាមិនពិបាកដូចកាលពីពេលមុនទេ»។
ការរិះគន់
បើតាមរបាយការណ៍មួយរបស់អគ្គាធិការក្រសួងសន្តិសុខមាតុភូមិកាលពីឆ្នាំ២០១៥ថា លោក Mayorkas មានទាក់ទិនក្នុងករណីជាមួយពួកមនុស្សមានអំណាច «ខាងនយោបាយ» ដែលចូលរួមក្នុងកម្មវិធីវិនិយោគទិដ្ឋាការរបស់ប្រទេស។ លោកត្រូវបានចោទប្រកាន់ថា ប្រើតំណែងរបស់លោកដើម្បីពន្លឿនដំណើរការដាក់ពាក្យសុំទិដ្ឋាការ។
អ្នកនាំពាក្យម្នាក់នៃក្រុមអន្តរកាលរបស់លោក Biden បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាលោកអគ្គាធិការមិនបានរកឃើញអ្វីខុសច្បាប់ទេហើយបានសម្រេចថាសកម្មភាពរបស់លោក Mayorkas «ត្រឹមត្រូវតាមច្បាប់ក្នុងតួនាទីរបស់លោក»។
មនុស្សខ្លះបាននិយាយថាការស្នើឈ្មោះតែងតាំងលោក Mayorkas ជាសញ្ញាមួយនៃបំណងរបស់លោក Biden ក្នុងការយកនរណាម្នាក់ដែលមានបទពិសោធន៍ពិតប្រាកដខាងអន្តោប្រវេសន៍ឱ្យមកដឹកនាំក្រសួងសន្តិសុខមាតុភូមិ។
លោក Todd Schulte ដែលជាប្រធាននៃអង្គការ FWD.us បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ពួកអ្នកកាសែតថា៖ «លោក Mayorkas មានការគោរពខ្ពង់ខ្ពស់ចំពោះសហគមន៍ធុរកិច្ច ចំពោះសន្តិសុខជាតិចំពោះពួកអ្នកជំនាញខាងគោលនយោបាយការបរទេសចំពោះពួកអ្នកកែទម្រង់អន្តោប្រវេសន៍ចំពោះពួកមន្ត្រីជាប់ឆ្នោតនិងចំពោះពួកអ្នករដ្ឋការប្រចាំអាជីពនៅក្នុងក្រុមអ្នកមានមនោគមវិជ្ជាផ្សេងៗគ្នា»។
FWD.us ជាអង្គការមួយដែលមិនប្រកាន់គណបក្សនយោបាយដែលត្រូវបង្កើតឡើងដោយពួកសមាជិកនៃសហគមន៍ធុរកិច្ចនិងបច្ចេកវិទ្យា។ អង្គការនេះស្វែងរកការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍និងប្រព័ន្ធយុត្តិធ៌មព្រហ្មទណ្ឌ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ