ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ CDC ព្រមានពី​«ពេល​លំបាក​បំផុត»​សម្រាប់​សុខាភិបាល​សាធារណៈ​អាមេរិក ខណៈ​លោក Biden ជួប​អ្នកធ្វើការ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩


បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្អាក​មួយ​សន្ទុះ ក្រោយពី​បញ្ជូន​អ្នកជំងឺ​ម្នាក់​ទៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ទីក្រុង Cranston រដ្ឋ Rhode Island កាលពី​ថ្ងៃអង្គារ​ទី១ ខែធ្នូ ឆ្នាំ២០២០។
បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្អាក​មួយ​សន្ទុះ ក្រោយពី​បញ្ជូន​អ្នកជំងឺ​ម្នាក់​ទៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ទីក្រុង Cranston រដ្ឋ Rhode Island កាលពី​ថ្ងៃអង្គារ​ទី១ ខែធ្នូ ឆ្នាំ២០២០។

មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ​CDC បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​អំពី​រដូវ​រងារ​ដ៏​ត្រជាក់​ខាង​មុខ ​ខណ:​ដែល​អាមេរិក​បន្ត​ឃើញ​ពី​កំណើន​ទូទាំង​ប្រទេស​នៃ​ករណី​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩។

នាយក​មជ្ឈមណ្ឌល​ CDC ​លោក​ Robert Redfield បាន​ថ្លែង​ក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ផ្សាយ​បន្ត​ផ្ទាល់​ដែល​រៀបចំ​ដោយ​មូលនិធិ​សភា​ពាណិជ្ជកម្ម​អាមេរិក​តាម​ប្រសាសន៍​ដើម​ថា៖ «និយាយ​ជា​ការ​ពិត​ទៅ​គឺ​នៅ​ខែ​ធ្នូ ​ខែ​មករា ​ហើយ​និង​ខែ​កុម្ភៈ ​នឹង​អាច​ឆ្លង​កាន់​តែ​ខ្លាំង»។

លោក​បាន​បន្តតាម​ខ្លឹមសារ​ដើម​ថា៖ «ខ្ញុំ​ពិតជា​ជឿ​ថា​ខែ​ទាំង​នេះ​នឹង​ទៅ​ជា​ពេល​ដ៏​លំបាក​បំផុត​សម្រាប់​ប្រវត្តិសាស្ត្រសុខាភិបាល​សាធារណ:​របស់អាមេរិក»។

លោក ​Redfield ​បាន​ថ្លែង​ថា ​កំណើន​បច្ចុប្បន្ន​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩នៅ​ពេល​នេះ គឺ​ធ្ងន់ធ្ងរ​ជាង​ការ​ឆ្លងជំងឺ​លើកមុនៗ ​ហើយ​ដោយ​លោក​កត់សម្គាល់​ទំហំ​ភូមិសាស្ត្រ​និង​កំណើន​ខ្លាំង​នៃ​អាត្រា​ឆ្លង​និង​ការ​ស្លាប់ ​ដោយ​សហរដ្ឋ​អាមេរិក​បាន​រាយកាណ៍​ថា​ មានមនុស្ស​ស្លាប់​ប្រមាណ​២.០០០​នាក់​ដោយ​វីរុស​នេះ​ជា​រៀង​រាល់​ថ្ងៃ​នោះ។

សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ពុធ​មានចំនួន​អ្នកជំងឺ​កូវីដ១៩​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កើនរហូត​ដល់១០០.០០០​នាក់​ជាលើក​ដំបូង​តាំងពីមាន​ជំងឺឆ្លង​រាតត្បាត​នេះ​មក។ នេះ​បើយើង​តាម​គម្រោង​តាម​ដាន​ជំងឺ​កូវីដ ​ COVID ​Tracking project ។

សហរដ្ឋ​អាមេរិក​មាន​មនុស្ស​ស្លាប់​សរុប​ដល់ទៅ​ជាង​២៧៣.000 ​និង ​មាន​មនុស្ស​ឆ្លង​ដល់​ទៅ​ជាង​១៣,៩លាននាក់មក​ទល់​ពេល​នេះ បើ​យោង​តាម​សាកល​វិទ្យាល័យ​ Johns Hopkins University។

ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ក្នុង​ថ្ងៃ​ពុធ​នោះ​ដែរ ប្រធានាធិបតី​ដែល​គេ​សន្មត​ថា​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមរិក​ គឺ​លោក​ Joe Biden​ បាន​ជួប​តាម​អនឡាញ​ពី​ចម្ងាយ​ជាមួយ​ម្ចាស់អាជីវកម្មខ្នាតតូច​និង​អ្នកធ្វើការ​ដែល​រងគ្រោះ​ពី​ការ​អន់​ថយនៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការ​ឆ្លងរាត​ត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា។

លោក ​Biden ​បាន​រៀបចំ​ជំនួប​ពិភាក្សា​នេះ​ពីទីក្រុង ​Wilmington ​រដ្ឋDelaware ​ដែល​ជា​កន្លែង​ធ្វើ​ការងារ​អំឡុង​អន្តរកាល​ផ្ទេរ​អំណាច​ នៅ​រយ:​ពេល​៧សប្តាហ៍​មុន​ពីធី​ស្បថ​ចូលកាន់​មុខតំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី២០ ​ខែមករា។ ជាថ្មី​ទៀត​ លោក Biden បាន​ទទួល​សេចក្តី​រាយការណ៍​ព័ត៌មាន​ប្រចាំថ្ងៃ​សម្រាប់​ប្រធានាធិបតី​ ​គឺ​ព័ត៌មាន​មក​ពី​សហគមន៍​ស៊ើបការណ៍​សម្ងាត់ កន្លែង​ដែល​មាន​ចម្រូងចម្រាស​ខ្លាំង​ក្នុង​ពិភពលោក​ និង​ការ​គំរាមកំហែង​សន្តិសុខ​សហរដ្ឋអាមេរិក​ធ្ងន់ធ្ងរ​ណាមួយ។

នៅ​ពេល​ចូលកាន់​តំណែង​លោក ​Biden ​នឹង​ប្រឈម​ដោះស្រាយ​ភ្លាមៗ​ចំពោះការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ​ដែល​បណ្តាល​មកពី​កំណើន​ជាថ្មី​នៃការ​ឆ្លងរាតត្បាត​កូវីដ១៩ ថ្វី​បើ​គេ​រពឹង​ថា​នឹង​អាច​មាន​ការបញ្ចេញ​វ៉ាក់សាំង​ឱ្យប្រើប្រាស់​នៅ​ចុង​ខែធ្នូ​ក្តី។ ចំនួន​មនុស្ស​ឆ្លង​បានកើន​ខ្លាំង​ឡើង ​ហើយ​ចំនួន​មនុស្ស​ស្លាប់​បានកើត​ឡើង​ខ្លាំងលើស​ប្រទេស​ផ្សេងៗ។

នៅ​ពេល​ដែល​បាន​បង្ហាញមុខ​ទីប្រឹក្សា​សេដ្ឋកិច្ច​សំខាន់ៗ​របស់លោក​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ Biden ថា​លោក​ទំនង​ជា​ជំរុញ​ឲ្យមាន​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​រដ្ឋាភិបាល​សហព័ន្ធ​បន្ថែម​ទៀត និងជំរុញ​ដល់សភា​ឲ្យ​អនុម័តជំនួយ​ទាំងឡាយ​ដែលសភា​សម្រេចបាន​នៅ​ខែនេះ​ គឺ​សូម្បីមុន​ពេល​ដែលលោក​ចូល​កាន់​តំណែង​ផង៕

XS
SM
MD
LG