រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ក្រសួងយុត្តិធម៌មិនបានរកឃើញភស្តុតាងនៃការលួចបន្លំការបោះឆ្នោតធ្ងន់ធ្ងរណាមួយដែលអាចផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នេះឡើយ។
លោក Barr បានលើកឡើងដូច្នេះ បើទោះបីជាមានការអះអាងម្ដងហើយម្ដងទៀតពីលោកប្រធានាធិបតី Donald Trump ថា ការបោះឆ្នោតមានការលួចបន្លំ ហើយបដិសេធមិនព្រមចុះចាញ់លោក Joe Biden ក៏ដោយ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន The Associated Press លោក Barr បាននិយាយថា មេធាវីអាមេរិកនិងភ្នាក់ងារ FBI បានធ្វើការឆ្លើយតបទៅនឹងបណ្ដឹងនិងព័ត៌មានជាក់លាក់មួយចំនួនដែលពួកគេទទួលបាន ប៉ុន្តែមិនបានរកឃើញភស្តុតាងណាមួយដែលអាចផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតឡើយ។
លោក Barr បញ្ជាក់ដូច្នេះថា៖ «មកទល់នឹងពេលនេះ យើងមិនបានរកឃើញការក្លែងបន្លំក្នុងទំហំណាមួយ ដែលមានឥទ្ធិពលធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ»៕