រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បានផ្តល់ការការពារដល់រដ្ឋអាជ្ញាមួយរូបដែលលោកបានតែងតាំង ក្នុងការត្រួតពិនិត្យអង្កេតពីដើមចមនៃការស៊ើបអង្កេតពាក់ព័ន្ធសំណុំរឿងប្រទេសរុស្ស៊ីនិងលោកត្រាំ ដែលនេះជាការផ្តល់អំណាចមួយដល់រូបលោក ក្នុងនាមជាប្រឹក្សាពិសេសម្នាក់ដើម្បីអាចបញ្ចប់ការងារនេះ ដោយមិនអាចត្រូវបានគេបណ្តេញចេញដោយងាយស្រួលនោះទេ។
លោកBarr បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAssociated Press នៅថ្ងៃអង្គារថាលោកបានតែងតាំងរដ្ឋអាជ្ញាអាមេរិកលោក John Durham ធ្វើជាអ្នកផ្តល់ប្រឹក្សាពិសេសកាលពីខែតុលាក្រោមច្បាប់សហព័ន្ធដូចពេលផ្តល់ជូនអ្នកផ្តល់ប្រឹក្សាពិសេសលោក Robert Mueller នៅក្នុងសំណុំរឿងនៃការស៊ើបអង្កេតពីដំបូងជុំវិញការពាក់ព័ន្ធរបស់ប្រទេសរុស្ស៊ី។
លោកនិយាយថាការស៊ើបអង្កេតរបស់លោក Durham ត្រូវបានកំណត់ឲ្យផ្តោតជាសំខាន់ទៅលើតួនាទីរបស់មន្ត្រីនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ដែលបានស៊ើបអង្កេតលើការចោទប្រកាន់ នៃការធ្វើសហប្រតិបត្តិការរវាងក្រុមលោកត្រាំ និងជនជាតិរុស្ស៊ីមួយចំនួននៅក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦៕