អង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើពិធីសម្ពោធបូជនីយដ្ឋានមួយក្នុងបរិវេណអតីតគុកទទួលស្លែង S-21 របស់ខ្មែរក្រហមដើម្បីចងចាំនិងរំឭកវិញ្ញាក្ខន្ធដល់ជនរងគ្រោះចំនួន១២.២៧២នាក់ដែលត្រូវក្រុមខ្មែរក្រហមធ្វើទារុណ្មកម្មនិងសម្លាប់ក្នុងសម័យខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គាររបស់សាលាក្តីខ្មែរក្រហម បាននិយាយថា បូជនីយដ្ឋានដែលមានកម្ពស់៦ម៉ែត្រ សង់នៅលើផ្ទៃដីទំហំ៤០០ម៉ែត្រការ៉េនោះ ត្រូវសាងសង់ឡើងដោយមានការរៀបចំប្លង់ដោយអគ្គនាយកដ្ឋានបេតិកភ័ណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការសហការជាមួយនឹងអង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម ហើយនឹងទទួលជំនួយពីក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់។ កម្មវិធីសម្ពោធបូជនីយ៍ដ្ឋាននេះនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែក។ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសសម្រាប់ដំណើរការកាត់ទោសខ្មែរក្រហម នឹងចូលរួមជាអធិបតីជាមួយនឹងឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់។
សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គាររបស់សាលាក្តីខ្មែរក្រហមបាននិយាយថា៖
«បូជនីយដ្ឋាននេះសាងសង់ឡើងដើម្បីជាការចងចាំ ឧទ្ទិសដល់វិញ្ញាណក្ខន្ធជន រងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសជនរងគ្រោះ ចំនួន១២២៧២នាក់ ដែលបានជាប់ឃុំឃាំងខុសច្បាប់នៅគុកទួលស្លែង ឬមន្ទីរ ស-២១ ក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩»។
ការសាងសង់នេះត្រូវគេដឹងថា កើតឡើងក្រោយពេលដែលជនរងគ្រោះសម័យខ្មែរក្រហម អ្នករួចជីវិតពីគុកទួលស្លែងនេះ ទាមទារយ៉ាងខ្លាំងដើម្បីជាផ្នែក មួយនៃការផ្សះផ្សារផ្លូវចិត្ត ឬជាសំណងសមូហភាពដែលក្រុមជនរងគ្រោះទាមទារចង់បាន ក្រៅពីសំណងផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មានដដែលបានចាត់ទុកថា ការសាងសង់បូជនីយដ្ឋាននេះគឺនឹងផ្តល់ផលប្រយោជន៍ដល់ជនរងគ្រោះដ៏ទូលំទូលាយ។
ការសាងសង់នេះបានកើតឡើង ក្រោយពេលដែលមេគុកទួលស្លែងគឺកាំងហ្កេចអ៊ាវ ហៅឌុច ត្រូវកាត់ទោសបន្ថែមឲ្យជាប់គុកមួយជីវិតកាលពីខែកុម្ភៈឆ្នាំ២០១២ ពីបទពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងការកាប់សម្លាប់អ្នកទោសក្នុងគុកទួលស្លែងនេះ៕