ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រជាជន​ចោទ​បាតុកម្ម​ប្រឆាំង​​លោក​ហ៊ុន ម៉ាណែត​ នៅ​អូស្ត្រាលី​​ថា​ទទួល​ការ​ញាក់​ខ្សែ​ពី​គណបក្ស​ក្នុង​ស្រុក


លោក ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍​ឯក និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថ្លែង​ទៅ​កាន់ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្នុង​កម្មវិធី​ជួបជុំ​បរិភោគ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ។ (រូបភាព​ដក​ស្រង់ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន
លោក ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍​ឯក និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថ្លែង​ទៅ​កាន់ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្នុង​កម្មវិធី​ជួបជុំ​បរិភោគ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ។ (រូបភាព​ដក​ស្រង់ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន

អ្នក​វិភាគ​ថ្លែង​ថា​ គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរ​តែ​កុំ​យក​ការ​ធ្វើ​បាតុកម្ម​​ដែល​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​មក​ផ្សារ​ភ្ជាប់​នឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​ ដែល​កំពុង​ជួប​ភាព​ទ័ល​ច្រក​ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា។

ក្រោយ​ការ​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត នៅ​ប្រទេស​អូស្រ្តាលី គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​ចាត់​ទុក​មេដឹកនាំ​ធ្វើ​បាតុកម្ម​ម្នាក់ ​គឺ​លោក​ ហុង​ លីម​ សមាជិក​សភា​អូស្រា្តលី​ថា​ ជា​មនុស្ស​មាន​សញ្ជាតិ​ខ្មែរ​ តែ​បំផ្លាញ​ប្រយោជន៍​ខ្មែរ​ខ្លួនឯង។

​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ បាន​ចោទ​បាតុកម្ម​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្រា្តលី​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេរវកម្ម​ថា​ ជា​ចលនា​តវ៉ា​ដែល​ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​នយោបាយ​ណា​មួយ។

អ្នក​វិភាគ​ថ្លែង​ថា​ គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរ​តែ​កុំ​យក​ការ​ធ្វើ​បាតុកម្មដែល​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​មក​ផ្សារ​ភ្ជាប់​នឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​ ដែល​កំពុង​ជួប​ភាព​ទ័ល​ច្រក​ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្សប្រជាជន​កម្ពុជា​ ចុះ​ថ្ងៃ​ទី​៩​ ខែ​តុលា​ គណបក្ស​កាន់​អំណាច​នេះ​បាន​ចោទ​លោក​ ហុង​ លីម​ ដែល​ជា​សមាជិក​សភា​មួយ​រូប​នៅ​ប្រទេស​អូស្ត្រាលី​ថា​ ពិត​ជា​រៀប​ចំ​បាតុកម្ម​ក្រោម​ខ្សែ​ញាក់​របស់​គណបក្ស​នយោបាយ​ណា​មួយ​ ដែល​កំពុង​ជំរុញ​ស្ថានភាព​នយោបាយ​កម្ពុជា​ឲ្យ​ឡើង​កម្តៅ​ស្រប​នឹង​គោលបំណង​របស់​មេដឹកនាំ​នយោបាយ​ទុច្ចរិត​ ដែល​នៅ​ពី​ក្រោយ​ខ្នង​ សំដៅ​បំភាន់​មតិ​ជាតិ​ និង​អន្តរជាតិ។

លោក​ ហុង​ លីម​ ដែល​ជា​អ្នកតំណាងរាស្ត្រ​ក្នុង​រដ្ឋ​ Victoria (វិកថូរីយ៉ា) ​ប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្មប្រឆាំង​លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ធ្វើ​នៅ​ទីក្រុង​ Melbourne​ រដ្ឋ​ Victoriaកាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា​ បាតុកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ស្លាប់​លោក​ កែម ឡី​ ដែល​រហូត​មក​ដល់​ពេល​នេះ​ជិត​៣​ខែទៅ​ហើយ​ រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​បង្ហាញ​ការ​ពិត​អំពី​ការ​បាញ់​សម្លាប់​អ្នកវិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ដល់​មហាជន​ខ្មែរ។

លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។
លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។

តំណាងរាស្ត្រ​ថ្នាក់​រដ្ឋរបស់​អូស្ត្រាលី​កំណើត​ខ្មែរ​រូប​នេះ​ថ្លែង​ថា៖

«មាន​បង​ប្អូន​យើង​ភាគច្រើន​ចោទ​ប្រកាន់​យ៉ាង​ច្បាស់​លាស់​ថា​ គណបក្ស​ CPP​ នោះ​ឯង​ដែល​បាន​សម្លាប់​គាត់​ ហើយ​ជាង​បី​ខែ​ហើយ​ យើង​ឃើញ​គម្រប់​ខួប​១០០​ថ្ងៃ​ហើយ​ នៅ​មិន​ទាន់​មាន​ដំណឹង​ ចាប់​ឃាតករ​ពិត​ប្រាកដ​ហ្នឹង»។

លោក​ ហុង​ លីម​ ដែល​ជា​អ្នក​ដឹកនាំ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន ម៉ាណែត​ មេបញ្ជាការ​រង​កង​អង្គរក្ស​លោក​ ហ៊ុន សែន​ បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​ថា​ ការ​ធ្វើ​បាតុកម្ម​ដែល​មាន​មនុស្ស​ជាង​២០០នាក់​ចូលរួម​ គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​បញ្ជា​ណា​មួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​ លោក​បាន​សម្តែង​ការ​សោកស្តាយ​ផង​ដែរ​ ចំពោះ​ការ​មិន​ចូលរួម​របស់​បក្ស​ប្រឆាំង​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ។

លោក​ កែម ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ គឺ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ផ្តល់​ការ​អធិប្បាយ​នានា​ជាមួយ​អ្នក​សារព័ត៌មាន​ទៅ​លើ​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មាន​ចំនួន​២០០​លាន​ដុល្លារ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហុង លីម​ ដែល​កាលពី​ខែ​សីហា​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ស្វាគមន៍​លោក​ឲ្យ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ បន្ទាប់​ពី​លោក​បានប្រៀប​ធៀប​របប​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ​ថា​ជា​«របប​តិរិច្ឆាន‍‍»។

ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​លើក​បដាបង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បងរបស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំ័ព័រហ្វេសប៊ុក)
ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​លើក​បដាបង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បងរបស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំ័ព័រហ្វេសប៊ុក)

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ គណបក្ស​បាន​ធ្វើ​ការ​ថ្កោល​ទោស​ការ​សម្លាប់​លោក​ កែម ឡី​ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​គ្រប់​នីតិវិធី​ ដើម្បី​ចាប់​ខ្លួន​ជនល្មើស​និង​អ្នក​ពាក់ព័ន្ធ។​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ចាត់​ទុក​សម្តី​របស់​លោក​ ហុង​ លីម​ ថា​ជា​សម្តី​ដ៏​ថោក​ទាប។​

លោក ​មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អ្នក​នយោបាយ​ខ្មែរ​មិន​អាច​យក​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជារាស្ត្រខ្មែរ​នៅ​អូស្ត្រាលី​ ឬ​ប្រទេស​ដទៃ​ទៀត​ មក​លាយ​ឡំ​ គ្នា​ជាមួយ​ស្ថានការណ៍​នយោបាយកម្ពុជា​នោះ​ទេ​ ដោយ​ហេតុ​ថា​ នយោបាយ​ខ្មែរ​ដែល​វិល​មក​រក​សភាព​ស្ងប់​ស្ងាត់​នេះ​ អាច​នឹង​ឈាន​ទៅ​រក​វិបត្តិ​ធ្ងន់ធ្ងរ​ ប្រសិន​បើ​អ្នក​នយោបាយ​មិន​អាច​ចែក​ឲ្យ​ដាច់​អំពី​កិច្ចការ​នយោបាយ​ និង​សិទ្ធិ​ក្នុង​ធ្វើ​បាតុកម្ម។

អ្នក​ស្រាវជ្រាវ​រូប​នេះ​ថ្លែង​ថា៖​

«នៅ​ក្នុង​ហ្នឹង​ខ្ញុំ​គិត​ថា​ គណបក្ស​នយោបាយក្នុង​ស្រុក​ បាទ​មិន​គួរ​ភ្ជាប់​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​ជាមួយ​ករណី​នយោបាយ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ​ បើ​សិន​វា​មិន​មាន​ភស្តុតាង​អី​ច្បាស់​លាស់​នោះ​ណ៎ា»។

លោក​បន្ត​ថា​ រដ្ឋាភិបាល​មិន​អាច​ចាត់​ទុក​រាល់​សកម្មភាព​តវ៉ា​ទាំងអស់​ រាប់​តាំង​ពី​ការ​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​ថា​ ជា​ចលនា​ប្រឆាំង​នោះ​ទេ។​ លោក​ថា​ រដ្ឋាភិបាល​នឹង​មាន​សត្រូវ​ច្រើន​ ប្រសិន​បើ​មាន​ទស្សនៈ​ថា​ រាល់​ការ​តវ៉ា​សុទ្ធតែ​ជា​ការ​ប្រឆាំង​នោះ។

កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ​ លោក​ ហ៊ុន​ ម៉ាណែត ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​ចុះ​ជួប​សហគមន៍​ខ្មែរ​នៅ​បរទេស​ ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​បង​ប្អូន​ខ្មែរ​អូស្ត្រាលី​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ Melbourne​ នៅ​គ្រា​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន​ ចុះចេញ​ពី​អំណាច​ និង​អំពាវនាវ​ឲ្យ​លោក​ ហ៊ុន ម៉ាណែត​ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ បាតុកម្ម​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នោះ​ គឺ​ចេញ​មក​ពី​ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល។​ លោក​ថ្លែង​ប្រាប់​ VOA បន្ថែម​ថា​ លោក​ ហុង លីម ដែល​ជាអ្នក​ចាត់ចែង​ការ​ធ្វើ​បាតុកម្ម​នោះ បាន​បង្ខូច​កេរ្តិ៍​វាយ​ប្រហារ​ជាតិសាសន៍​ខ្លួន​ឯង​ តាម​រយៈ​ការ​អធិប្បាយ​របស់​លោក​អំពី​ឃាតកម្ម​លោក​ កែម​ ឡី។

«យើង​គ្រាន់​តែ​ឲ្យ​មហាជន​មេត្តា​វិនិច្ឆ័យ​ទៅ​ គាត់​ថា​ គ្មាន​ការ​ទទួល​ខុសត្រូវ​ទេ​ អញ្ចឹង​ទេ​ បាន​ជា​គាត់​ត្រូវ​ពិន័យ​របស់​រាជរដ្ឋាភិបាល​ មិន​ឲ្យ​ចូល​ជាន់​ដី​ស្រុកខ្មែរ​ អា​ហ្នឹង​វា​ខ្មែរ​ វា​លែង​មាន​ខួរ​ក្បាល​ជា​ខ្មែរ​ទៅ​ហើយ។ អញ្ចឹង​វា​អស់​ន័យ​ហើយ​ មនុស្ស​គាត់​រស់​នៅ ​ទោះបី​ថា​គាត់​រស់​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ក៏​ពិត​មែន​ គាត់​ក៏ប៉ុន្តែ​ជា​កិត្តិយស​វា​អស់​រលីង​ហើយ​ ជាតិ​សាសន៍​ខ្មែរ​ទៅ​បរិហារ​កេរ្តិ៍​ វាយ​ប្រហារ​ខ្មែរ​គ្នា​ឯង»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ហុង លីម​ តែ​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​កាល​ពី​ថ្ងៃ​អាទិត្យ។

ថ្វី​បើ​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​ប្រទេស​អូស្រ្តាលី​រង​ការ​តវ៉ា​ពី​ប្រជារាស្ត្រ​ខ្មែរ​មួយ​ចំនួន​នៅ​ទីនោះ​ក្តី​ លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សៅរិ៍​ថា៖

«ទោះ​ជា​មាន​ការ​បំផុស​និង​រៀបចំ​ដឹកនាំ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ការ​ជួប​ជុំ​គ្នា​ដែល​មាន​បាតុករ​ចូលរួម​ប្រមាណ​១៥០នាក់​ ក៏​មិន​អាច​រារាំង​នូវ​ទឹក​ចិត្ត​គាំទ្រ​ការ​ស្រឡាញ់​រាប់អាន​គ្នា​ក្នុង​លក្ខណៈ​ជា​ខ្មែរ​តែ​មួយ​របស់​បងប្អូន​ខ្មែរ​យើង​ជាង​៦០០នាក់​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន ដែល​បាន​ចូលរួម​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​ក្នុង​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​ ដែល​បាន​រៀប​ចំឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៧ តុលា​ ២០១៦​នេះ​ដែរ»។

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុងឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរអាមេរិកាំង​បាន​ជួបជុំ​គ្នា តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ទីក្រុងឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត​ ទៅ​ក្រៅ​ប្រទេស​ជា​រឿយៗ​ជួប​ការ​តវ៉ា។​ ក្នុង​ដំណើរ​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ លោក​ ហ៊ុន ម៉ាណែត​ បាន​ប្រឈម​នឹង​ការ​តវ៉ា​ ហើយ​ក៏​ប្រឈម​នឹង​ការ​ផ្តល់​ជូន​ឲ្យ​លោក​នូវ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ​ រឿង​ក្តី​របស់​លោក​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​អង្គរក្ស​របស់​លោក​ត្រូវ​គេ​ចោទ​ថា​ បាន​ធ្វើ​ឲ្យ​របួស​ដល់​អ្នក​ស៊ើប​អង្កេត​មួយ​រូប​គឺ​លោក​ Paul Hayes​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។

​ភរិយា​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​របស់​អាមេរិក​ប្រចាំ​ភាគ​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ប្រឆាំង​នឹង​លោក​ឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ខែ​មេសា​ពី​បទ​ធ្វើ​ទារុណកម្ម ​ភេរវកម្ម​អន្តរជាតិ ​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ដោយ​ចេតនា ​ការ​វាយ​តប់​ ការ​បំពារ​បំពាន​រាងកាយ ការ​ឃុំឃាំង​ដោយ​ខុស​ច្បាប់​ និង​ការ​ព្រាត់ប្រាស់​ប្តី​ប្រពន្ធ៕

XS
SM
MD
LG