មេដឹកនាំនៃបញ្ជាការដ្ឋានកងអង្គរក្សបានធ្វើការប្រកាសកាលនៅថ្ងៃអាទិត្យក្នុងពិធីប្រារព្ធខួបលើកទី៨នៃការបង្កើតកងអង្គរក្សលោកហ៊ុន សែនថា ខ្លួនបេ្តជ្ញាប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជានិងការពាររដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ដែលបានកាន់អំណាចជាងបីទសវត្សរ៍មកនេះ។ ក្រុមមេបញ្ជាការក៏ប្រកាសបេ្តជ្ញាប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ ការពារប្រជាពលរដ្ឋរដ្ឋធម្មនុញ និងព្រះមហាក្សត្រផងដែរ។
មេដឹកនាំនៃបញ្ជាការរដ្ឋានអង្គរក្សប្រកាសថា ខ្លួនប្រឆាំងជាដាច់ខាតរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងអំពើភេរវកម្មនៅកម្ពុជា ដើម្បីការពារសន្តិភាព និងស្ថិរភាពនយោបាយប្រទេសដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានបញ្ចប់ការវាយប្រយុទ្ធខ្មែរនឹងខ្មែរនៅក្នុង១៩៩៨។
ការប្រកាសនេះធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ នៅឯទីបញ្ជាការដ្ឋានកងអង្គរក្សក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ថ្លែងក្នុងឱកាសប្រារព្ធខួបនេះ លោកប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ក្រុមកងអង្គរក្សនឹងបង្កើនប្រសិទ្ធភាពការបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើអសន្តិសុខនានាក្នុងប្រទេស ឬសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដែលជាហេតុនាំឲ្យមានការភ័យខ្លាច និងប៉ះពាល់ដល់បរិយាកាសនយោបាយ និងសន្តិសុខជាតិទាំងមូល។ លោកបន្តថា ក្រុមកងអង្គរក្សប្ដេជ្ញាការពារលោកនាយករដ្ឋមន្រ្តីហ៊ុន សែនព្រមទាំងក្រុមគ្រួសារឲ្យមានសុវត្ថិភាព។
លោកមានប្រសាសន៍ថា៖
«ជាចុងក្រោយនៃការចូលរួមមតិនេះ សូមធ្វើបទបញ្ជាពីរដូចតទៅនេះ៖ ទីមួយដាច់ខាតស្មោះត្រង់ការពារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបានមួយរយភាគរយ។ ទីពីរដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគឺលោកយឹម សុវណ្ណមានប្រសាសន៍ប្រាប់ VOAនៅពីថ្ងៃអាទិត្យនេះថា ការធ្វើបដិវត្តន៍មិនមែនជាជម្រើសនយោបាយរបស់គណបក្សប្រឆាំង ហើយប្រជារាស្ត្រខ្មែរក៏មិនមានសេចក្តីស្រេកឃ្លានឲ្យមានការធ្វើបដិវត្តន៍នោះដែរ។
«មិនមានទេ។ ខ្ញុំ អ្នកនយោបាយ មិនមានអ្នកណា... ខ្ញុំក្នុងនាមអ្នកនយោបាយ ក៏ខ្ញុំមិនចង់ឃើញការបង្ហូរឈាមនេះដែរ។ ខ្ញុំមិនចង់ឃើញពាក្យបដិវត្តន៍ ពាក្យស្អីហ្នឹង គឺពាក្យទាំងអស់ហ្នឹងដែលធ្វើឲ្យយើងឈឺចាប់មកទល់សព្វថ្ងៃហ្នឹង ព្រាត់ប្រាស់ក្រុមគ្រួសារ ស្លាប់សមាជិកក្នុងគ្រួសារ ដោយសារសង្រ្គាមស៊ីវិល ដោយសារពួកខ្មែរក្រហម ដោយសារពួកបដិវត្តន៍ហ្នឹង។ ដូច្នេះយើងអត់ចង់ជួបប្រទះទេ។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរដូចគ្នា មិនចង់ឃើញការបង្ហូរឈាម ការសម្លុតខ្មែរគ្នាឯងគឺមិនចង់ទេ»។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានប្រាប់ VOA នៅថ្ងៃអាទិត្យនេះថា ប្រជារាស្ត្រខ្មែរ ឬក្រុមអ្នកនយោបាយមិនអាចបំផុសឲ្យមានចលនាបដិវត្តន៍នោះទេ នៅគ្រាដែលស្ថានភាពសេដ្ឋកិច្ចនៃប្រទេសដ៏ក្រីក្រនេះ កំពុងជួបការអភិវឌ្ឍក្នុងគន្លងមួយដែលមិនបង្កើតហានិភ័យដល់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ។
«ខ្ញុំមើលទៅ វាទៅមិនរួចទេ លើកលែងតែសេដ្ឋកិច្ចធ្លាក់ខ្លាំង។ បើសិនសេដ្ឋកិច្ចធ្លាក់ខ្លាំងមានប្រជាពលរដ្ឋឈឺចិត្តខ្លាំង អាហ្នឹងវាអាចមានបាតុកម្មអីធ្ងន់ធ្ងរ។ តែបើអត់ទេគឺអត់មានទេ បាទ។ ប្រជាពលរដ្ឋយើងនៅមិនទាន់ហ៊ាន មិនទាន់មានសុវត្ថិភាព នៅមានការបាក់ស្បាត គ្មានសមត្ថភាព ដោយសារសេដ្ឋកិច្ច។ ប្រជាពលរដ្ឋភាគច្រើននៅជនបទទេ មិនមែនជាប្រទេសមួយដែលប្រជាពលរដ្ឋភាគច្រើននៅក្រុង នៅប្រជុំជនទេ»។
ក្រុមអ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបន្តមានសេចក្តីភ័យខ្លាច នៃការផ្ទុះឡើងចលនាបដិវត្តន៍ពណ៌ ដែលបានផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសជាច្រើនក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក និង អឺរ៉ុបខាងកើត។ ដើមចមនៃចលនាបដិវត្តន៍ទាំងនោះផ្តើមចេញពីការធ្លាក់ចុះដុនដាបផ្នែកសេដ្ឋកិច្ច គម្លាតខុសគ្នាខ្លាំងនៃទ្រព្យសម្បតិ្ត ការក្រាញអំណាចយូរឆ្នាំ និងការជ្រៀតជ្រែកពីបរទេសជាដើម។
លោកអ៊ូ វីរៈបន្តថា៖
«ការណ៍ពិត ការពាររដ្ឋធម្មនុញ ការពារប្រជាពលរដ្ឋ ការពាររដ្ឋាភិបាលស្របច្បាប់ជាតួនាទីត្រឹមត្រូវគឺអត់មានអីខុសទេ។ តែបើនិយាយរឿងព្រួយបារម្ភរឿងបដិវត្តន៍ពណ៌វិញ ខ្ញុំមើលទៅ វាមានគន្លឹះពីរដែលសំខាន់នោះ ទីមួយគឺការព្រួយបារម្ភមែនទែន ការព្រួយបារម្ភមែនទែន គឺគាត់ខ្លាចជ្រុល។ ខ្ញុំមើលទៅគាត់គឺព្រួយបារម្ភជ្រុល។ ទីពីរខ្ញុំមើលទៅជាយុទ្ធសាស្រ្ត ប្រហែលជាយុទ្ធសាស្រ្តដណ្ដើមអំណាចគ្នាទេ ឬមួយក៏យុទ្ធសាស្រ្តទាញយកផលប្រយោជន៍រៀងៗខ្លួន។ ពេលណាយកបដិវត្តន៍ពណ៌ធ្វើជាខ្មោចលងគ្នាទៅ គេថា ដើម្បីបង្ការ ឲ្យអំណាចមកខ្ញុំអីបន្តិចមក ឲ្យឥទ្ធិពលមកខាងខ្ញុំអីវិញមក។ ជាយុទ្ធសាស្រ្តដណ្ដើមតួនាទីគ្នានៅក្នុងជួររដ្ឋាភិបាល។ ខ្ញុំឃើញនៅក្នុងប្រទេសមួយចំនួនគេធ្វើអញ្ចឹង។ ហើយខ្ញុំមិនឃើញមានអីត្រូវព្រួយបារម្ភអីផង»។
នៅក្នុងពិធីរំឭកខួបនៃការបង្កើតក្រុមកងអង្គរក្សនេះ គេសង្កេតឃើញមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា នាយទាហានជាន់ខ្ពស់ អ្នកវិយោគជាតិ និងអន្តរជាតិនានា។ លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ប្រធានអង្គភាពប្រឆាំងអំពើភេរវកម្ម និងជាអនុប្រធាននៃបញ្ជាការដ្ឋានអង្គរក្ស និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រមទាំងលោកហ៊ុន ម៉ានិតកូនប្រុសទីពីររបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងអនុប្រធានអង្គភាពចារកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ៕