ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ម៉ាណែត៖ កម្ពុជា​ក៏​ស្អិត​រមួត​ជាមួយ​អាមេរិក​ដែរ


រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​នឹង​ VOA ​ថា​ គេ​គួរ​តែ​វាយ​តម្លៃ​ទំនាក់​ទំនង​ទាំង​នេះ ដោយ​ក្រឡេក​មើល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ គឺ​មិន​មែន​តែ​លើ​ហេតុការណ៍​មួយ​ទេ។

លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ព្យាយាម​បង្ហាញ​ជំហរ​កណ្តាល​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា ​ជាមួយ​នឹង​ប្រទេស​ចិន ​ដោយលោក​បាន​អះអាង​ពី​ចំណង​ពាណិជ្ជកម្ម​ និង​សហប្រតិបត្តិ​ការ​កម្រិត​អន្តរជាតិ​ដូចជា​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដែល​កម្ពុជា​មាន​ជាមួយ​នឹង​មហា​អំណាច​ទាំង​ពីរ។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​នឹង​ VOA ​ថា​ គេ​គួរ​តែ​វាយ​តម្លៃ​ទំនាក់​ទំនង​ទាំង​នេះ ដោយ​ក្រឡេក​មើល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ គឺ​មិន​មែន​តែ​លើ​ហេតុការណ៍​មួយ​ទេ។​

«ចឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ចិន​ អាច​មាន​ការវាយ​តម្លៃ ជាច្រើន​ថា​ មាន​ភាព​ជិតស្និទ្ធ​ជាពិសេស​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ដោយ​សារ​មាន​អ្នក​វិនិយោគ​ទុន​ចិន​ច្រើន​នៅ​កម្ពុជា​ ក៏​ដូច​ជា​ចិន​បាន​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ច្រើន​ដល់​កម្ពុជា។ ប៉ុន្តែ​ បើ​យើង​ក្រឡេក​ទៅ​មើល​វិស័យ​ផ្សេងៗ​ទៀត​ ដូច​ជា​វិស័យ​សន្តិសុខ​ វិស័យ​ប្រឆាំង​ភេរវកម្ម ​ប្រឆាំង​គ្រឿង​ញៀន ​ផ្សេងៗ​គឺ​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា​ បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​យ៉ាងស្អិត​រមួត»។

ជារឿយៗ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​លើក​សរសើរ​ដល់​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ជំនួយ​ជួយ​លើក​ស្ទួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ហើយ​លោក​តែង​តែ​ឆ្លៀត​ពេល​រិះគន់​ដល់​លក្ខខណ្ឌ​តឹង​រឹង ​ដែល​សហរដ្ឋ​អាមេរិក​មាន​មកលើ​កម្ពុជា​ ដែល​ផ្តោត​ខ្លាំង​លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​រាល់​ពេល​ដែល​និយាយ​ពី​ទំនាក់​ទំនង​សេដ្ឋកិច្ច។ ​

ការ​បរាជ័យ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ​២០១២​ដែល​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​បាន​ ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​បាន​គេ​រិះគន់​ថា ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន​នៅក្នុង​រឿង​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ហ៊ុន ម៉ាណែត៖ កម្ពុជា​ក៏​ស្អិត​រមួត​ជាមួយ​អាមេរិក​ដែរ
សូម​រង់ចាំ

No media source currently available

0:00 0:01:36 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​វិភាគ​នានា ​ក៏​បាន​មើល​ឃើញ​ថា​ កម្ពុជា​បាន​ខិតជិត​ប្រទេស​ចិន​បន្តិច​ម្តងៗ​ ហើយ​ប្រទេស​លោក​ខាង​លិច ​មិន​សូវ​មាន​ឥទ្ធិពល​លើ​កម្ពុជា ដូច​កាល​គ្រា​ដែល​កម្ពុជា​ត្រូវ​ការ​ជំនួយ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៀត​ទេ។

បញ្ហា​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចេះ​តែ​ឡើង​កំដៅ​រវាង​ប្រទេស​ចិន​ជាមួយ​នឹង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​សហគមន៍​អាស៊ាន​ ដែល​រួមមាន​វៀតណាម ​និង​ហ្វីលីពីន​ជាអ្នក​ចេញ​មុខ​ជំទាស់​ខ្លាំង ក៏បាន​ទាញ​សហរដ្ឋ​អាមេរិក​ឱ្យ​យក​ចិត្ត​ទុកដាក់។​

ដោយ​ឡែក​ កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នៅ​ចំ​ចំណុច​កណ្តាល​នៃ​បញ្ហា​នេះ​ ដោយ​សារ​តែ​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ដែល​ខ្លួន​មាន​ជាមួយ​នឹង​ប្រទេស​វៀតណាម​ជាយូរ​ហើយ​ និង​មិត្ត​ចិន​ថ្មី​របស់​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន។ ​

លោក​ ហ៊ុន ម៉ាណែត​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា​ កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដើម្បី​នឹង​បន្ត​តំណែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក​ ហ៊ុន ម៉ាណែត​ បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​យោធា​ West Point ​របស់​សហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ​១៩៩៩ ​ហើយ​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ខាង​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ Bristol របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៧។ ការណ៍​នេះ​បង្ហាញ​លក្ខណៈ​ខុស​គ្នា​ពី​ឪពុក​ដែល​កាន់​តំណែង​ជាង​៣០ឆ្នាំ​ ប៉ុន្តែ​ទទួល​បាន​ការ​សិក្សា​តិចតួច ​ហើយ​ទទួលបាន​ការ​គាំទ្រ​ពី​ប្រទេ​ស​វៀតណាម​ មុន​ពេល​លោក​ឡើង​កាន់​តំណែង។

នៅ​ពេល​ចោទ​សួរ​ពី​និន្នាការ​យុវជន​ជំនាន់​ក្រោយរបស់​គណបក្ស​កាន់​អំណាច​ ដែល​មាន​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​នឹង​បស្ចឹម​ប្រទេស​ តាមរយៈ​ការ​សិក្សា​របស់​ពួកគេ​ថា អាច​នឹង​ដើរ​ផុត​ពី​ទំនាក់​ទំនង​ប្រពៃណី​ដែល​ថ្នាក់​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​មាន​ជាមួយ​នឹង​ប្រទេស​វៀតណាម​ ឬទេ​លោក ​ហ៊ុន ម៉ាណែត​ បាន​បង្ហាញ​ការ​ប្រយ័ត្ន​ប្រយែង។

លោក​ថា​ កម្ពុជា​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​នានា​ផ្អែក​លើ​គោលការណ៍​ឯករាជ្យ​ អធិបតេយ្យ​ភាព​ និង​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញ​ទៅមក។

«ចឹង​មូលដ្ឋាន​នេះ​ហើយ​ដែល​យើ​ង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ជំនាន់​ត្រូវផ្អែក​ទៅ​លើ។ អីចឹង​យន្តការ​នៃ​ការ​ថា​កៀក​ជាមួយ​អ្នក​នេះ​ជាង​អ្នកនោះ​ជាង​ គឺ​អត់​ទេ។ ផល​ប្រយោជន៍​ជាតិ​យើង​ជាធំ​ ហើយគោលការណ៍​មួយ​នេះ​ដែល​យើង​ត្រូវ​រក្សា​សម្រាប់​មន្ត្រី​គ្រប់​ជំនាន់​ទាំងអស់។ ចឹង​ជា​ការ​ដែល​យើង​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ទំនាក់​ទំនង​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​មិន​ថា​វៀតណាម​ទេ‍»។​

ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ គណបក្ស​កាន់​អំណាច​បាន​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​របស់​គណបក្ស​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​ ក្នុង​នោះ​មាន​ទៅ​អឺរ៉ុប ​អូស្រ្តាលី ​កាណាដា​ និង​សហរដ្ឋ​អាមេរិក។

បញ្ហា​គោល​នយោបាយ​ការបរទេស​កម្ពុជា ​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាម​នយោបាយ​កម្ពុជា​ចង់​ដឹង​ពី​ថ្នាក់​ដឹកនាំ​យុវជន​ទាំងនោះ។ កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​គឺ​លោក​ ហ៊ុន ម៉ានី​ដែល​បាន​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​កាលពី​ចុង​ខែ​មករា ​ក៏​បាន​ប្រឈម​នឹង​សំណួរ​ជាច្រើន​ ទាក់​ទង​នឹង​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​មហា​អំណាច​នានា​ផង​ដែរ៕

XS
SM
MD
LG