ក្រសួងមហាផ្ទៃ បានសម្រេចមិនអនុញ្ញាតឲ្យគណបក្សទើបតែបង្កើតថ្មីមួយឈ្មោះ«បេះដូងជាតិ» បានចុះបញ្ជី ក្រោមហេតុផលថា គណបក្សនយោបាយនេះ បានក្លែងបន្លំស្នាមមេដៃសមាជិកគណបក្ស។ នេះ បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលវីអូអេបានទទួលក្នុងសប្តាហ៍នេះ។
បើតាមលិខិតរបស់លោក ស ខេង ចុះថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ចំនួនជិត៤៨០០ស្នាមមេដៃ ហើយរកឃើញមានស្នាមដៃក្លែងក្លាយប្រមាណ៧៤ស្នាមមេដៃ និងខូចគុណភាពចំនួន២៨៧មេដៃ ហើយមានបុគ្គលខ្លះក្នុងម្នាក់ៗ បានផ្តិតលើឈ្មោះបុគ្គលចាប់ពី៣ ទៅ៥នាក់។
លិខិតរបស់លោក ស ខេង ដែលបានផ្ញើជូនទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរតាមន័យដើមថា៖ «សម្រេចបដិសេធសុំចុះឈ្មោះ គណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ»។
គណបក្សបេះដូងជាតិដែលត្រូវអ្នកនយោបាយក្នុងស្រុកមួយចំនួនសង្ស័យថា ត្រូវបានបង្កើតឡើង តាមការផ្តួចផ្តើមគំនិតរបស់លោក ថាច់ ស៊ីថា អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ឲ្យបង្កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយបានដំណើរការចុះបញ្ជីនៅក្រសួងតាំងពីថ្ងៃទី៩ខែកក្កដា។ នេះ បើតាមតំណាងមួយរូបរបស់គណបក្សបេះដូងជាតិ។
លោក សៀម ភ្លុក តំណាងគណបក្សបេះដូងជាតិដែលអះអាងថា មិនធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនមានការបារម្ភនឹងលិខិតរបស់លោក ស ខេង ដែលលោកជឿថា ជារបាយការណ៍«បែកធ្លាយ» ហើយលោកក៏នឹងមិនមានការឆ្លើយតបនោះដែរ។ លោកនិយាយថា៖
«វាមិនមែនជាការទទួលខុសត្រូវរបស់គណបក្សនយោបាយ ព្រោះខ្ញុំធ្វើហ្នឹងក្នុងបំណងសុចរិត ហើយខ្ញុំអត់មានទៅវាស់ ទៅផ្ទៀងផ្ទាត់ស្នាមមេដៃណាពិតមិនពិត។ អាហ្នឹង វាជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ចង់ឃើញគណបក្សនយោបាយនីមួយៗមានតម្លាភាពក្នុងការរៀបចំសមាសភាពខ្លួនដោយមិនត្រូវមានការលាក់លៀមក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនោះទេ។ ក៏ប៉ុន្តែលោកថា ការបង្កើតគណបក្សនយោបាយច្រើនពេកអាចវាយបំបែកសំឡេងដើម្បីទៅយកឈ្នះតាមការបោះឆ្នោតលើគណបក្សដែលកំពុងស្ថិតនៅក្នុងអំណាច។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន មានគណបក្សនយោបាយដែលកើតក្រោយការរំលាយគណបក្សសង្គ្រោះជាតិប្រមាណ៥ ទៅ៦គណបក្ស តែគណបក្សដែលបានទទួលសុពលភាពឲ្យដំណើរការជាផ្លូវការពីរដ្ឋាភិបាលមានតែ៣ ទៅ៤គណបក្សប៉ុណ្ណោះ ក្នុងនោះគឺមានគណបក្សរបស់លោកមួយផងដែរ៕