ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនី បានឡាយព្រះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងបួនសំខាន់ៗនៃក្បាលម៉ាស៊ីនដឹកនាំជាតិ ក្នុងនោះមានតំណែងនាយករដ្ឋមន្រ្តីផងដែរ។
មន្ត្រីមួយចំនួនមកពីគណបក្សកាន់អំណាច និងគណបក្សជំទាស់ បានតទល់គ្នាទៅលើការកំណត់សញ្ជាតិនេះ ដោយខាងគណបក្សកាន់អំណាចអះអាងថា ច្បាប់នេះ នឹងរួមចំណែកដល់ការពង្រឹងឯករាជ្យភាពជាតិ។ ចំណែកខាងគណបក្សជំទាស់ថា ច្បាប់នេះ មានចេតនាការពារអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតក្នុងតំណែងជានាយកមន្ត្រី៣៦ឆ្នាំមកហើយ។
បើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា សភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្សរាជានុញ្ញាតឲ្យប្រើប្រាស់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី បានផ្តល់ការអធិប្បាយកាលពីថ្ងៃទី៤ ខែវិច្ឆិកាថា ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម «សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាលោក ឈាង វុន ដែលមានសញ្ជាតិបារាំង មានប្រសាសន៍ថា ការកំណត់ឲ្យឥស្សរជនកាន់តំណែងបួនខាងលើមានសញ្ជាតិខ្មែរតែមួយនេះ បង្ហាញពីការគិតគូរដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពជាតិ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះយ៉ាងដូច្នេះ៖ «ខ្ញុំចង់និយាយថា ជាស្មារតីទេ ជាស្មារតីជាតិ ជាស្មារតីជាតិ កិត្យានុភាពជាតិ ឯករាជ្យភាពជាតិ មិនឲ្យមានការជ្រៀតជ្រែកពីខាងក្រៅមក ការកំណត់ត្រឹមបួនតួនាទីហ្នឹង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺតិចតួចហើយ។ ប្រទេសមួយចំនួនធំទៀត គេមិនអនុញ្ញាតឲ្យតំណាងរាស្ត្រ ឬក៏សមាជិករដ្ឋាភិបាល ឬមន្ត្រីជាន់ខ្ពស់ធំៗផ្សេងទៀត មានសញ្ជាតិដទៃទេ។ នែ៎អាហ្នឹងមើលថា បរិបទប្រទេសកម្ពុជាយើង ក៏យើងត្រូវតែអនុវត្តដូចគេដូចឯងអ៊ីចឹងដែរ។ យើងមិនមែនរស់ដាច់ពីគេ[ឯ]ណា»។
លោកថា លោកមិនមានមហិច្ឆតាកាន់តំណែងមួយក្នុងចំណោមតំណែងកំពូលទាំងបួននោះទេ។ លោកប្រាប់វីអូអេយ៉ាងដូច្នេះទៀតថា៖
«មនុស្សម្នាក់ៗ មានបំណងគ្រប់ៗគ្នា មិនមែនអត់មានបំណងទេ មនុស្សមួយៗ។ ខ្លួនខ្ញុំផ្ទាល់ បំណងរបស់ខ្ញុំ គឺបានរួមចំណែក មកបម្រើប្រទេសជាតិក្នុងតួនាទីណាក៏បានដែរ។ ខ្ញុំគ្មានមហិច្ឆតាចង់ធ្វើប្រធានព្រឹទ្ធសភា ឬប្រធានរដ្ឋសភា ឬនាយករដ្ឋមន្ត្រី ឬប្រធានក្រុមប្រឹក្សាធម្មនុញ្ញទេ អ៊ីចឹងហើយខ្ញុំយល់ឃើញថា ចំពោះខ្លួនខ្ញុំ ដូចគ្មានអីប៉ះពាល់អីទេ»។
តំណាងរាស្ត្ររូបនោះ បានបញ្ជាក់ច្បាស់ៗថា លោកអាច នឹងបោះបង់សញ្ជាតិបារំាងភ្លាមៗ ប្រសិនបើមានការកំណត់ថា សមាជិកសភា ក៏ត្រូវមានសញ្ជាតិខ្មែរតែមួយនោះ។
«ខ្ញុំបើគេទាំងអស់គ្នា យល់ឃើញថា ត្រូវកំណត់រហូតដល់សមាជិកសភា ខ្ញុំលាលែងភ្លាម ព្រោះខ្ញុំមានវាសនាត្រឡប់មកធ្វើការក្នុងប្រទេសជាតិវិញនេះ។ ហើយយើងគិតមើលទៅនៅក្នុងសាកលលោក កម្រណាស់ដែលទៅរស់នៅស្រុកគេម្ភៃសាមសិបឆ្នាំហើយ ហើយបានវិលត្រឡប់មកបម្រើប្រទេសជាតិវិញនេះ គឺយើងត្រូវដឹងថា ជាគុណបំណាច់ដ៏ធំធេងណាស់»។
លោក ឈាង វុន យល់ថា ច្បាប់កំណត់សញ្ជាតិនេះ អាចបម្រើប្រទេសជាតិបាន ដោយស្មោះត្រង់ ដោយសុទ្ធចិត្ត និងដោយមានមនសិការជាតិពិតប្រាកដ និងក៏មិនផ្សាភ្ជាប់ជាមួយនឹងបញ្ហាផ្សេងទៀតដែរ។
ការកំណត់សញ្ជាតិខ្មែរតែមួយនេះ ដែលទទួលបានទាំងការរិះគន់ និងការគាំទ្រពីមន្ត្រីក្នុងជួររដ្ឋាភិបាល ធ្វើឡើងក្រោយមានការចេញសេចក្តីរាយការណ៍របស់កាសែតអន្តរជាតិធំៗមួយចំនួនដូចជា The Guardian របស់ចក្រភពអង់គ្លេសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសញ្ជាតិស៊ីប (Cypriot) ដែលជាប្រទេសមួយនៅអឺរ៉ុប។
មេបក្សប្រឆាំងលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង ក៏បន្ទរតាមសារព័ត៌មាននោះ និងចោទលោក ហ៊ុន សែន ថា គ្មានភក្តីភាពចំពោះប្រទេសជាតិ។ លោក ហ៊ុន សែន ក៏វាយបកភ្លាមៗ ដោយស្នើក្រសួងយុត្តិធម៌ឲ្យរៀបចំវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងបួនសំខាន់ៗនេះ។
ដំណាលគ្នានឹងការប្រកាសរបស់លោក ហ៊ុន សែន កាសែត The Guardian ក៏បានចេញសេចក្តីកែតម្រូវខ្លឹមសារព័ត៌មានខ្លួនថា លោកនាយករដ្ឋមន្ត្រីខ្មែរមិនមានសញ្ជាតិស៊ីបទេ គឺមានតែក្នុង«បណ្ដាជនដែលនៅក្នុងរង្វង់អ្នកស្និទ្ធបំផុត»នឹងលោកនាយករដ្ឋមន្ត្រី។
ផែនការវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ ត្រូវបានគេមើលឃើញថា វាមិនមែនឆ្លើយតបតែទៅនឹងដៃគូប្រជែងចម្បងនឹងលោក ហ៊ុន សែន គឺលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានសំដៅទៅអ្នកនយោបាយបក្សជំទាស់ផ្សេងទៀត ដែលជាសហការីលោក សម រង្ស៊ី និងដែលមានសញ្ជាតិពីរ គឺខ្មែរផង អាមេរិក កាណាដា និងអូស្ត្រាលីផងជាដើម។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកាំង បានកត់សម្កាល់ថាច្បាប់កំណត់ដែលផ្តួចផ្តើមដោយលោក ហ៊ុន សែន នោះ គឺមិនមានអ្វីក្រៅតែពីការប្រឹងប្រែងការពារអំណាចរបស់លោក ហ៊ុន សែន និងគ្រួសាររបស់គាត់តែប៉ុណ្ណោះ។
លោកប្រាប់វីអូអេពីសហរដ្ឋអាមេរិកថា៖ «ច្បាប់នេះ គឺធ្វើឡើងដើម្បី ធ្វើម៉េចឲ្យលោក ហ៊ុន សែន នៅកាន់អំណាចតែម្នាក់ឯង អត់មានអ្នកផ្សេងអាចទៅដណ្តើមអំណាចពីគាត់បាន។ អាហ្នឹង ធ្វើច្បាប់នេះ គឺដើម្បីផលប្រយោជន៍លោក ហ៊ុន សែន ត្រកូល ហ៊ុន ហើយនិងគណបក្សប្រជាជនតែប៉ុណ្ណោះឯង មិនមែនសម្រាប់ផលប្រយោជន៍ជាតិនោះទេ»។
លោក អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជាវៀតណាម និងដែលត្រូវលោក ហ៊ុន សែន គំរាមចាប់ខ្លួនមុនចាកចេញពីប្រទេសកម្ពុជានោះ យល់ថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី គឺជាកិច្ចការចំាបាច់ ដែលកម្ពុជាគួរធ្វើ។
លោកបន្ថែមថា៖ «ច្បាប់ដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិនោះ គួរតែធ្វើច្បាប់ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិបានហើយ ព្រោះកុំឲ្យអ្នកដែលកាន់អំណាចយូរអស់មួយជីវិតហ្នឹង នាំឲ្យមាន អ្នកដែលកាន់អំណាចយូរហ្នឹង គឺនាំឲ្យមានអំណាចផ្តាច់ការ អំពើពុករលួយ មានបក្ខពួកនិយមអីជាដើមនោះ អាហ្នឹងដែលយើងត្រូវគិត អាហ្នឹង គឺបញ្ហាហ្នឹងសំខាន់ជាង»។
លោកបន្តថា បើសិនជា ត្រូវមកធ្វើនយោបាយនៅកម្ពុជាវិញ ហើយត្រូវលះបង់សញ្ជាតិអាមេរិកាំងនោះ លោកក៏សុខចិត្តដែរ។ លោកបន្ថែមថា អ្វីដែលសំខាន់នោះ គឺឆន្ទៈរបស់មេដឹកនាំក្នុងការរក្សាឯករាជ្យភាព អធិបតេយ្យភាព និងអព្យាក្រឹតភាពរបស់ប្រទេស។
«អ្នកសញ្ជាតិមួយហ្នឹង ដូចជាលោក ដូចជា ប៉ុល ពត ជាដើម គាត់រណបចិន ហើយសម្លាប់ខ្មែរយើងអស់ជាងមួយលាននាក់ឃើញទេ! ដូច្នេះដែលលោក ហ៊ុន សែន គាត់ថា អ្នកមានសញ្ជាតិមួយហ្នឹង កុំឲ្យមានការជ្រៀតជ្រែកពីបរទេស ទៅលើកិច្ចការដឹកនាំប្រទេសជាតិ។ អាហ្នឹងមិនមែនជាការពិតទេ។ យើងឃើញជាក់ស្តែងទាំង ប៉ុល ពត ទាំងលោក ហ៊ុន សែន គឺអែបចិនដូចគ្នា។ ហើយលោក ហ៊ុន សែន ក៏អែបយួនផងដែរ គាត់រណបយួនផងដែរ។ អាហ្នឹងយើងឃើញជាក់ស្តែង»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានការពារច្បាប់កំណត់សញ្ជាតិខ្មែរតែមួយនេះថា មិនមានគោលដៅច្បាមអំណាចឲ្យមកនៅតែក្នុងដៃរបស់គណបក្សប្រជាជនកម្ពុជាទេ តែជាច្បាប់កំណត់ឲ្យអ្នកមានបំណងប៉ងយកតំណែងទាំងបួនខាងលើនោះ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។
លោកថ្លែងថា៖ «អត់ទេ ច្បាប់នេះ មានទាក់ទងរឿងប្រមូលអំណាចឲ្យអ្នកណា។ គេកំណត់ទៅលើមុខតំណែងតើ! មុខតំណែងទាំងបួនហ្នឹង គេអត់កំណត់ទៅលើបុគ្គលណាណ៎ា! អីចឹងអ្នកណាក៏ដោយ ឲ្យតែចង់បានមុខតំណែងទាំងបួនហ្នឹង ត្រូវតែលាលែងសញ្ជាតិផ្សេងចេញ។ អាហ្នឹង គឺមានជម្រើសតើហ្នឹងហើយ!»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្នកនយោបាយខ្មែរគ្មានជម្រើសណា ក្រៅពីទទួលយកច្បាប់កំណត់សញ្ជាតិខ្មែរនេះទេ ដោយសារតែវាបានក្លាយជាច្បាប់រួចទៅហើយ។ លោកបន្តថា ច្បាប់នេះ ក៏មិនអាចការពារអំណាចរបស់គណបក្សប្រជាជនទាំងស្រុងបានដែរ ប៉ុន្តែវាអាចប៉ះពាល់ដល់ពលរដ្ឋខ្មែររាប់លាននាក់ដែលមានសញ្ជាតិពីរ និងរស់នៅក្រៅប្រទេសកម្ពុជា។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ការលះបង់សញ្ជាតិអាមេរិកាំងរបស់លោក ដើម្បីប្រយោជន៍ជាតិនោះ ជារឿងងាយស្រួលបំផុត។
លោកថ្លែងថា៖ «អារឿងការលះបង់ ដើម្បីកាន់តំណែងធំៗហ្នឹង ខ្ញុំជឿថា វាជាហេតុផលមួយងាយមែនទែន ជនជាតិណាក៏ដោយ យើងថា យើងធ្វើដើម្បីកុំឲ្យមានជនជាតិដទៃហ្នឹងអាចមកកាន់តំណែងខ្ពស់ហ្នឹងបាន។ ខ្ញុំឧទាហរណ៍តែជនជាតិ ដែលនៅជុំវិញប្រទេសយើងហឹ្នង។ បើសិនជាគេឈានដល់កម្រិត ទៅកាន់តំណែងអស់ហ្នឹង គេក៏អាចលះបង់សញ្ជាតិហ្នឹងបានដែរ សញ្ជាតិរបស់គេ។ អាហ្នឹងវាអត់មានអីសំខាន់ទេ លះបង់ទៅ ហើយមកកាន់ទៅ ប៉ុន្តែសំខាន់មែនទែនឆន្ទៈតើ! មនសិការរបស់បុគ្គលហ្នឹងទេ»។
នៅក្នុងសំណុំរឿងសញ្ជាតិនេះ ការស៊ើបអង្កេតកាលពីឆ្នាំ២០១៩ របស់ទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា រដ្ឋាភិបាលកោះស៊ីប បានផ្ដល់សញ្ជាតិដល់អភិជននយោបាយ និងពាណិជ្ជករជំនិតៗនឹងលោកនាយករដ្ឋមន្ត្រី រួមមានគ្រួសារនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាក្មួយប្រសាររបស់លោក ហ៊ុន សែន គ្រួសាររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងគ្រួសាររបស់សមាជិកព្រឹទ្ធសភាលោក ឡៅ ម៉េងឃីន។
លោក សេង សារី អ្នកវិភាគនយោបាយ មើលឃើញថា ច្បាប់កំណត់សញ្ជាតិពីរនេះ គឺមានគោលដៅពីរ ទីមួយរារាំងលោកសម រង្ស៊ី មិនឲ្យបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងបង្អាក់ដំណើរឈានមកតំណែងនេះរបស់អ្នកនយោបាយជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។
លោកថ្លែងថា៖ «ច្បាប់ហ្នឹង វាជាច្បាប់មួយដែលគេហៅថា ព្រួញមួយបាញ់បានសត្វពីរ»។
លោក សេង សារី បន្ថែមថា ច្បាប់កំណត់សញ្ជាតិនេះ ក៏មិនអាចរារាំងការវិលត្រឡប់របស់ក្រុមថ្នាក់ដឹកនាំ និងសមាជិកបក្សជំទាស់មកធ្វើនយោបាយក្នុងប្រទេសបានដែរ។ ចំណុចសំខាន់នោះ គឺនៅត្រង់ថា តើក្រុមអ្នកនយោបាយជំទាស់ទាំងនោះ ហ៊ានលះបង់សញ្ជាតិប្រទេសផ្សេងបានដែរ ឬយ៉ាងណា បើសិនចង់បានតំណែងបួនសំខាន់ៗនេះ។ លោកសង្កត់ធ្ងន់ថា អ្វីដែលអតីតគណបក្សសង្គ្រោះជាតិគួរធ្វើនោះ គឺរកផ្លូវមកចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ជាមុនសិន៕