ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រាប់​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​ថា​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​«បដិវត្តន៍​ពណ៌» និង​សម្រេច​បាន​​ការ​រួបរួម​ជាតិ​​​​​​​​


រូបឯកសារ៖ ព្រះសង្ឃមួយអង្គសម្លឹងមើលទង់ជាតិខ្មែរ ដែលត្រូវបានដាក់តាំងនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧។
រូបឯកសារ៖ ព្រះសង្ឃមួយអង្គសម្លឹងមើលទង់ជាតិខ្មែរ ដែលត្រូវបានដាក់តាំងនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួងការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរ​ជាតិលោក​អ៊ុច​បូររិទ្ធ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​មួយពី​ការ​សម្រេច​ជោគជ័យ​ក្នុង​ការ​ទទួលបាន​សន្តិភាព​ការ​បង្រួបបង្រួម​ជាតិ​និង​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​នូវ​អ្វីដែលគេ​ហៅ​ថា «បដិវត្តន៍ពណ៌»​នៅ​ក្នុង​ប្រទេស។

លោក ​អ៊ុច បូររិទ្ធ​ ដែល​ត្រូវ​ជ្រើស​តាំងជា​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ក្នុងសន្និសីទ​លើក​ដំបូង​នៃការ​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ការ​បង្កើត​«ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ»​ចាប់ពី​ថ្ងៃទី១១​ដល់​ទី​១២​ខែ​តុលា​ថា​កម្ពុជា​បាន​ហែល​ឆ្លង​គ្រប់​រស​ជាតិ​ក្នុងការ​តស៊ូ ដើម្បី​ឯករាជ្យ​ការ​កសាង​សន្តិភាព​និង​ការ​កសាង​ប្រទេស។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​ជាសាធារណៈ​កាលពី​ថ្ងៃ​អង្គារ។

យោង​តាម​សេចក្តី​ប្រកាស​ដដែល ​លោក ​អ៊ុច ​បូររិទ្ធ ​បាន​ប្រាប់​សន្និសីទ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​ធ្វើ​នៅ​ទីក្រុង​ប៊ែលក្រាដ​ប្រទេស​ស៊ែប៊ី​ថា៖ «កម្ពុជា​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ហើយ​តាម​បទ​ពិសោធន៍​របស់យើង​ខ្ញុំ​សន្តិភាព​ ស្ថិរភាព​និង​សន្តិ​សុខ​គឺ​មាន​តម្លៃ​ខ្ពង់​ខ្ពស់​ឧត្តុង្គ​ឧត្តម​បំផុត​ដែល​យើង​ខ្ញុំ​ខិតខំ​ការពារ​និង​តស៊ូ​ប្រយុទ្ធប្រឆាំង​គ្រប់​ការ​ប៉ុន​ប៉ង​តាម​រយៈ​អ្វី​ដែល​គេហៅ​ថា​បដិវត្តន៍​ពណ៌​ដកហូត​សិទ្ធិ​កំណត់​ជោគវាសនា​របស់​យើង​ខ្ញុំ»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បញ្ចប់​ការ​បង្ហូរ​ឈាម​និង​ការ​សម្រេច​បាន​នូវ​សន្តិភាព​និង​ការបង្រួប​បង្រួម​ជាតិ​តាម​រយៈ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​ នាយករដ្ឋ​មន្ត្រី​នៃ​យើង​ក្នុង​ឆ្នាំ​១៩៩៨»។

បើ​តាម​លោក ​អ៊ុច បូររិទ្ធ​ ខណៈកម្ពុជា​បាន​មើល​ឃើញ​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិនោះ​ប្រទេស​ជាច្រើន​នៅ​មិន​ទាន់​ទទួល​បាន​សន្តិភាព​នៅ​ឡើយ ហើយ​រដ្ឋ​សមាជិក​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ខ្លះ​ក៏​បាន​រង​គ្រោះ​ពី​ការ​លូក​ដៃ​ពីខាងក្រៅ និង​ការ​ផ្លាស់​ប្តូរ​របប សង្គ្រាម​ស៊ីវិល​និង​សង្គ្រាម​ជន​ជាតិ​ភាគតិច។

លោក​កត់​សម្គាល់​ក្នុងន័យ​ដើម​ថា៖ «ជា​អកុសល​សន្តិភាព​នៅតែ​ជា​សុបិន​ដែល​មិន​អាច​សម្រេច​បាន​សម្រាប់​ប្រទេស​ជាច្រើន»។ លោក​បន្ថែម​ទៀតថា៖ «ជាការ​ពិត​សន្តិភាព​អាច​ត្រូវបាន​ចរចា​ដោយ​ជោគ​ជ័យ​ប៉ុន្តែ​វា​មិន​អាច​ត្រូវ​បាន​កំណត់​ដោយ​តួអង្គ​ខាងក្រៅ​ហើយ​ការ​កសាង​រដ្ឋ​ក៏មិន​អាច​នាំចូល​ឬនាំ​ចេញ​បាន​នោះ​ទេ»។

នៅ​ពេល​កម្ពុជា​បង្ហាញ​ជោគជ័យ​នៃ​ការ​ទទួល​បានសន្តិភាព​នៅ​ចំពោះ​មុខ​ប្រទេស​ជា​សមាជិក​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធនោះ​ប្រទេស​ក្នុង​តំបន់​អាស៊ីគេ្នយ៍​មួយ​នេះ​ត្រូវ​បាន​មើលឃើញ​ថា​កំពុង​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ធំ​ពីរ​គឺ​សហរដ្ឋ​អាមេរិក​និង​ចិន។

ប្រទេស​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណា​និគមនិយមបារាំង​មួយ​នេះ​ក៏​បាន​ឆ្លងកាត់​ជម្លោះ​នយោបាយ​ជា​ច្រើន​ដំណាក់​កាល​ហើយមក​ដល់សព្វថ្ងៃ​នេះ​ការ​តទល់គ្នា​រវាង​គណបក្ស​ប្រឆាំង​ដ៏ធំមួយ​និង​គណបក្ស​គ្រប់​គ្រង​ប្រទេសបានក្លាយជា​ជម្លោះនយោបាយ​រ៉ាំរ៉ៃដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​នៅ​ឡើយ។ នេះ​បើតាម​ការ​សង្កេត​របស់​អ្នកវិភាគ​មួយចំនួន។​

អ្នកវិភាគ​នយោបាយ​លោក ​សេង​ សារី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​គ្មាន​សញ្ញា​នៃ​ការ​ដោះស្រាយ​ជម្លោះ​នយោ​បាយ​ដែល​បាន​កើតឡើងក្រោយ​ពីការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​ដោយ​លើក​ហេតុផល​ថា​អ្នកនយោបាយ​ខ្មែរ​ជើង​ចាស់​នឿយ​ណាយ​ជាមួយនឹង​ការ​ជជែក​គ្នា។ លោក​សង្ឃឹម​ថា​ អ្នកនយោបាយ​ជំនាន់​ថ្មី​អាច​នាំមក​ឲ្យ​កម្ពុជា​នូវ​របៀប​របប​ធ្វើ​នយោបាយ​ថ្មីមួយ​ដែល​យក​ការ​ចរចា​ជាធំ​ជា​ជាង​ការ​ផ្ចាញ់​ផ្ចាល​គ្នា​ដូច​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

លោក​និយាយ​ថា៖ «ជម្លោះ​នយោបាយ នយោបាយរវាង​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ​គណបក្ស​កាន់​អំណាច​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ហ្នឹង​ខ្ញុំមើល​ឃើញ​ថា​វា​លែង​មាន​ពន្លឺ​នៅ​ក្នុង​ការ​ចរចា​ផ្សះផ្សា​ហើយ។ អ្វីដែល​សំខាន់ហ្នឹងយើង​មាន​តែ​ចាំ​ពេល​វេលា​ដែល​ពួកគាត់ចេញ​ពី​ឆាកនយោបាយ​ហើយ​អាច​អ្នកនយោបាយ​ជំនាន់​ថ្មី​ឬក៏​អ្នក​នយោ​បាយ​ឈាម​ថ្មី​ហ្នឹង​អាច​មាន​របៀប​របប​ធ្វើ​នយោបាយ​បែប​ថ្មី​ដែលអាចយក​ការ​ចរចា​ជា​ឧបករណ៍​នៅ​ក្នុងប្រកួត​ប្រជែង​នយោបាយ​ឲ្យបាន​ច្រើន​ជាង​មុន»។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​សំណុំរឿង​ប្រជែង​ឥទ្ធិពល​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​កម្ពុជា​រហូត​កម្ពុជា​ត្រូវ​បណ្តាញ​សារព័ត៌មាន​អន្តរជាតិមួយ​ចំនួន​រាយការណ៍​ថា អាច​នឹង​ក្លាយ​ជាទី​នៃការ​តាំង​មូលដ្ឋាន​របស់​ចិន​ហើយ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​នោះ​លោក ​សេង សារី លើកឡើង​ថាកម្ពុជា​ ត្រូវបន្ត​បកស្រាយ​ជូនមហាជន​និង​ដៃគូ​ប្រជែង​របស់​ចិន​ឲ្យ​បាន​ច្បាស់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដើម្បី​បញ្ជាក់​ពី​ជំហរ​អព្យាក្រឹត​កម្ពុជា​ក្នុងទំនាក់​ទំនង​កិច្ចការ​បរទេស។

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖ «ដូច្នេះ​សំខាន់​សំណួរ​នៅ​ត្រង់​ថា​តើ​បាន​ទទួល​យក​ការ​រិះគន់​ហ្នឹង​យក​ទៅ​ពិចារណា​ដើម្បី​ធ្វើម៉េច​រក្សា​តុល្យ​ភាព​ការ​គិត​ឬក៏ទស្សនៈ​របស់​មហាជន​ទៅលើ​រដ្ឋាភិបាល​ទាក់​ទងទៅ​នឹង​រឿង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា»។

ក្នុង​ការ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ទីក្រុង​ Montreal (ម៉ុងរ៉េអាល់) ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​អះអាង​ថា​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ នឹង​ជួយ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។​

មេដឹកនាំ​បក្ស​ជំទាស់​រូបនេះ​បាន​ចោទ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​«ចូល​ដៃ»ជាមួយ​ចិន ដែល​តោង​ឲ្យប្រទេស​ផ្សេងៗ​មកផ្តោត​លើ​កម្ពុជា ដើម្បី​ធានា​ថា​កម្ពុជា​មិន​ចូល​ដៃ​ជាមួយ​ប្រទេស​ចិន។

ប៉ុន្តែ​លោក ​ហ៊ុន សែន ​បាន​អះអាង​ថា​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាចដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​នោះ​គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​និង​រក្សា​ឥទ្ធិពល ទាំង​នយោបាយ​យោធា ​និង​សេដ្ឋកិច្ច​របស់​ខ្លួន «បាន​និង​កំពុង​គំរាម​កំហែង​ដល់​សុខ​សន្តិភាព​និង​ស្ថិរភាព​ទាំង​នៅ​ក្នុង​តំបន់​និង​អន្តរជាតិ»។

នៅ​ក្នុង​សារ​លិខិត​អបអរ​ទិវា​សន្តិភាព​អន្តរជាតិ​២១ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​មាន​កម្រាស់​៤​ទំព័រ​លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ប្រទេស​មហា​អំណាច​ខ្លះ និង​សម្ព័ន្ធ​មិត្ត​នៅ​បន្ត​ប្រើ​ប្រាស់​គ្រប់​ល្បិចកល គំរាម​កំហែង​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​តាម​រយៈ​ការ​អនុវត្ត​ស្តង់ដា​ពីរ​អំពី​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»។

បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​អ៊ុច បូររិទ្ធ​ ចលនា​មិនចូល​បក្ស​សម្ព័ន្ធ​ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​៦០​ឆ្នាំ​មុន​នោះ​គឺ​ដើម្បី​ផ្តល់​ជា​ជម្រើសមួយ​ក្នុង​ការ​ប្រឆាំងនឹង​ការ​បែក​បាក់​នៃ​ការ​បែង​ចែក​ភូមិសាស្ត្រ​នយោបាយ​និង​មនោគមវិជ្ជា​ដែល​កើត​ចេញ​ពី​សង្គ្រាម​ត្រជាក់​ហើយ​នេះ​ជា​បាតុភូត​មួយ​ដែល​រដ្ឋសមាជិក​ចលនា​មិនចូល​បក្ស​សម្ព័ន្ធ​បានចាត់​ទុក​ថា មិន​មាន​សារៈប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ក៏ដូច​ជា​មិន​គាំ​ទ្រ​ដល់​ពហុភាគី​និយម​ដែល​ជា​ស្នូល​នៃ​អង្គការ​សហប្រជាជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG