តុលាការរាជធានីភ្នំពេញ បានកោះហៅអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិបន្ថែមទៀត ប្រមាណ៧០នាក់ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ក្នុងការគាំទ្រគម្រោងវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។ នេះបើយោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ដីកានេះត្រូវបានសមត្ថកិច្ចយកទៅបិទនៅស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។
លោក សេង ហៀង បានចេញដីកាកោះហៅជុំទីពីរក្នុងខែវិច្ឆិកានេះ ដែលអ្នកឃ្លាំមើលយល់ថា ជាចេតនាធ្វើឲ្យគណបក្សប្រឆាំងដែលត្រូវបានរំលាយនេះចុះខ្សោយ ឬក៏រារាំងមិនឲ្យគណបក្សនេះ បានចូលរួមការបោះឆ្នោតជាថ្មីទៀត។
ក្នុងការកោះហៅជុំទីពីរនេះ មានអតីតសមាជិកគណបក្សជំទាស់ចំនួន៦៨នាក់ ដែលពួកគេភាគច្រើន ជាមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ សកម្មជនបក្សនៅថ្នាក់មូលដ្ឋាន និងអ្នកគាំទ្របក្សសង្គ្រោះជាតិ។ នេះបើតាមការបញ្ជាក់របស់លោក សំ សុគង់ ដែលជាមេធាវីការពារឲ្យពួកគេ។
លោក សំ សុគង់ លើកឡើងថាការកោះហៅសកម្មជន ដែលភាគច្រើនកំពុងភៀសខ្លួនទៅក្រៅប្រទេស មានចរិតជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ លោកបញ្ជាក់ថា បើនិយាយពីការអនុវត្តច្បាប់វិញគឺជនជាប់ចោទទាំងអស់កំពុងរងភាពអយុត្តិធម៌ ពីព្រោះពួកគេមិនអាចពឹងរកមេធាវីដោយផ្ទាល់បាន ហើយក៏មិនត្រូវបានប្រាប់ដោយផ្ទាល់អំពីការចោទប្រកាន់នានាប្រឆាំងពួកគេ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែយើងឃើញថា បើយើងនិយាយពីយុត្តិធម៌របស់ជនជាប់ចោទ នៅពេលដែលចាត់តាំងមេធាវីដោយខ្លួនមិនបានជួបប្រាស្រ័យទាក់ទងជាមួយមេធាវី ហើយនិងមិនដឹងជាសាច់រឿងអី នៅពេលដែលចោទប្រកាន់ ខ្ញុំគិតថា គឺជាការរំលោភសិទ្ធិជនជាប់ចោទ»។
លោក សំ សុគង់ ឲ្យដឹងទៀតថា អតីតមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន៩រូប កំពុងស្ថិតក្នុងសំណុំរឿងឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ខណៈអតីតមន្ត្រី សកម្មជន និងអ្នកគាំទ្របក្សចំនួន១១៥នាក់ កំពុងស្ថិតក្នុងសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
បទចោទទាំងនេះ ជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលលោកត្រូវបានរារាំងមិនឲ្យចូលប្រទេសវិញទេ។
លោកមានប្រសាសន៍ថា៖ «ក្នុងបទរួមគំនិតក្បត់ បទឲ្យញុះញង់ហ្នឹង គេសំដៅទៅលើអ្វីដែលរកឃើញថា លោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹង គឺបានប្រព្រឹត្តបទឧបឃាតហ្នឹង ចង់ឲ្យថ្នាក់ក្រោមនេះធ្វើសកម្មភាពដើម្បីញុះញង់ ឬក៏រួមគំនិតជាមួយនឹងថ្នាក់ដឹកនាំ ដើម្បីផ្តួលរំលំរដ្ឋាភិបាលចឹងហើយ បានជាគេចោទពីបទរួមគំនិតក្បត់។ អ៊ីចឹងសំណុំរឿងឧបឃាតហ្នឹងមានតែ៩នាក់ទេ»។
វីអូអេមិនអាចទាក់ទងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃច័ន្ទនេះ។
កាលពីសប្តាហ៍មុន តុលាការរាជធានីភ្នំពេញ បានសម្រេចលើកពេលការកាត់ក្តីសំណុំរឿងឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពាក់ព័ន្ធនឹងក្រុមអតីតថ្នាក់ដឹកនាំគណបក្សជំទាស់ដែលត្រូវបានរំលាយ ដោយសារមិនមានវត្តមានជនជាប់ចោទ។ ការសម្រេចនេះធ្វើឡើងតាមការស្នើសុំរបស់មេធាវីរបស់ជនជាប់ចោទ។ ជនជាប់ចោទ៩នាក់ដែលត្រូវបានតុលាការកោះឲ្យចូលរួមសវនាការនោះ រួមមានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក នុត រំដួល និងលោកស្រី ជូ ឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថាការបង្កើនការកោះហៅអតីតសកម្មជនបក្សជំទាស់នេះ មិនអាចបង្ខំឲ្យសកម្មជនទាំងនោះចុះចូលដូចករណីដែលអតីតតំណាងរាស្ត្របក្សប្រឆាំងគឺលោកស្រី លី ស្រីវីណា បានស្នើសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក្រោយគ្លីនិករបស់លោកស្រីត្រូវបានក្រសួងសុខាភិបាលសម្រេចឲ្យបិទ ក្រោមហេតុផលថាមានអ្នកជំងឺម្នាក់ស្លាប់នោះទេ។
លោកមានប្រសាសន៍ថា៖ «វាមិន[មែន]ជា ចរន្តកត្តាខ្លាំងដែលជំរុញឲ្យសកម្មជនបក្សប្រឆាំងដែលជាប់បន្ទុកតុលាការហ្នឹងមកចុះចូលទេ។ បើជាចុះចូល គាត់ចុះចូលតាំងពីតុលាការកោះហៅ ឬក៏គេហៅថាដាក់បន្ទុកពីដំបូង។ បើសិនមកដល់ដំណាក់កាលនេះ បានន័យថា ឆន្ទៈឬក៏ស្មារតីសកម្មជនបក្សប្រឆាំងទាំងអស់នេះ គាត់មិនមានចេតនា ឬក៏បំណងចុះចូលទេបាទ»។
អ្នកវិភាគរូបនេះបន្តថា កំណើននៃដីកាកោះហៅរបស់តុលាការលើក្រុមសកម្មជនគណបក្សជំទាស់នេះ សំដៅធ្វើឲ្យគណបក្សនេះ ចុះខ្សោយឥទ្ធិពលរបស់ខ្លួន។
ចំណាត់ការតុលាការលើអតីតក្រុមមេដឹកនាំ និងមន្ត្រីគណបក្សជំទាស់ដែលត្រូវបានរំលាយដោយតុលាការកំពូល បានកើតឡើងជាថ្មីម្តងទៀត បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោក កាលពីចុងខែកញ្ញាថា លោកគ្រោងនឹងវិលមកប្រទេសកម្ពុជាម្តងទៀត។ នៅលើកនេះ លោកថាលោកមិនជូនដំណឹងជាមុនអំពីថ្ងៃខែជាក់លាក់សម្រាប់ផែនការវិលចូលស្រុកនោះទេ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) និយាយថា ដីកាកោះរាប់សិបរបស់តុលាការ បង្ហាញថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ចង់ចាប់ផ្តើម«សវនាការទ្រង់ទ្រាយធំដែលធ្វើឲ្យតែល្អមើល តាមរបៀបផ្តាច់ការ និងដើម្បីបោសសម្អាតសកម្មជនគណបក្សប្រឆាំងម្តងឲ្យអស់រលីងតែម្តង»។
លោកប្រាប់VOAតាមសារអ៊ីមែលថា៖ «ច្បាស់ណាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់សម្អាតឲ្យអស់បណ្តាញសកម្មជនគណបក្សប្រឆាំងដែលនៅសេសសល់ពីកម្ពុជា ដោយទាំងការបង្ខំឲ្យសកម្មជនទាំងនោះភៀសខ្លួនទៅក្រៅប្រទេស ឬដាក់គុកពួកគេ ក្រោមបទចោទប្រតិដ្ឋដោយតុលាការដែលមិនយកជាការបាននោះ»។
លោកសង្កត់ធ្ងន់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ក្លាយជាមេដឹកនាំផ្តាច់ការ ដែលគ្មានអ្នកណាមកប្រជែងបាន ដែលពាក្យសម្តីរបស់គាត់ គឺជាច្បាប់យ៉ាងតឹងរ៉ឹង។
លោកបន្ថែមថា៖ «គាត់បានតាំងចិត្តពីមុនមកក្នុងការបំផ្លាញរាល់ទម្រង់ដែលជំទាស់នឹងគាត់ មិនថាវាដោយសារតែជាគណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ឬក៏ក្នុងចំណោមជនសាមញ្ញដែលសម្តែងមតិលើបណ្តាញសង្គមហ្វេសប៊ុក...។ វាជាអំពើក្បត់នឹងការធានារបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងស្រុង ហើយជាការវិលត្រឡប់ទៅការដឹកនាំបែបផ្តាច់ការពេញទី ដែលលោក ហ៊ុន សែន ធ្លាប់បានដឹកនាំក្នុងអំឡុងពេលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទសវត្សរ៍១៩៨០»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាតុលាការកំពុងអនុវត្តវិធានការច្បាប់ទៅតាមនីតិវិធី ប្រឆាំងជនដែលត្រូវរកឃើញថាបានប្រព្រឹត្តបទល្មើស។ លោកថាដីកាកោះនឹងចេញជាបន្តបន្ទាប់ទៀត បើសិនសកម្មជនបក្សជំទាស់ នៅបន្តប្រព្រឹត្តសកម្មភាពបំពានច្បាប់។
«បាទ អានេះជារឿងធម្មតាទេ នៃការទិដ្ឋាភាពនៃការអនុវត្តន៍ច្បាប់ តែកាលណាយើងបន្តធ្វើសកម្មភាព បំពានច្បាប់ ដែលបញ្ញត្តិថាជាបទល្មើសអាហ្នឹង នឹងមានដីកាចេញមកបន្តបន្ទាប់ទៀត។ ហើយបើថា យើងមិនចង់ឲ្យមានដីកាចេញមកទៀតទេ ឈប់ធ្វើសកម្មភាពទាំងឡាយណាដែលជាការបំពានច្បាប់ទៅ អាហ្នឹងគឺវាចប់ត្រឹមហ្នឹង»។
លោកចាត់ទុកការអធិប្បាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សថាជាការចោទប្រកាន់ និងការពារសកម្មជន ដែលរងបទចោទតាមប្រព័ន្ធតុលាការកម្ពុជា៕