ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ឲ្យ​មាន​ការដោះលែង​អតីត​មន្ត្រី​បក្ស​ជំទាស់


អ្នកស្រី ព្រុំ ចន្ថា​ កាន់​ញត្តិស្រែករកវត្តមាន​ព្រះមហាក្សត្ស​នៅ​ក្បែររបងព្រះបរមរាជវាំង ក្នុងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ព្រុំ ចន្ថា​ កាន់​ញត្តិស្រែករកវត្តមាន​ព្រះមហាក្សត្ស​នៅ​ក្បែររបងព្រះបរមរាជវាំង ក្នុងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

ក្រុម​គ្រួសារ​ប្រពន្ធ​កូន​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បានព្យាយាម​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ ព្រះ​បាទ​នរោត្តម​សីហមុនី ដើម្បី​ស្នើសុំ​ព្រះ​រាជ​អន្តរាគមន៍ ឲ្យ​មាន​ការ​ដោះលែង​ស្វាមី និង​ឪពុក​របស់​ពួក​គេ។

ក៏​ប៉ុន្តែ​ ពុំ​មាន​មន្ត្រី​ក្នុង​ព្រះ​បរមរាជ​វាំង​ចេញ​មក​ទទួល​ ហើយ​ពួក​គាត់​ត្រូវ​បាន​ប្រាប់​ដោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ថា ពួក​គាត់​គួរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ឬ​ព្រឹទ្ធសភា​វិញ។

អ្នក​ស្រី ​ព្រុំ ចន្ថា ជា​អ្នក​តវ៉ា និង​ដែល​ជា​តំណាង​អ្នក​ដាក់​ញត្តិ​ម្នាក់​ បាន​ស្រែក​នៅ​ក្រៅ​របង​ព្រះ​បរមរាជ​វាំង​នៅ​ពេល​ប៉ូលិស​ ៣​នាក់​ បាន​ស្នើ​ឲ្យ​អ្នក​ស្រី​ចាក​ចេញ​ពី​ច្រក​ចូល​ព្រះ​បរម​រាជ​វាំង​មួយ​ ដែល​មាន​ក្រុមប៉ូលិស​មួយ​ចំនួន​ទៀត ឈរ​យាមកាមយ៉ាង​តឹងរ៉ឹង។

«តែ​ប៉ុណ្ណឹង​សោះ​ ដេញ​ដែរ​ ខ្ញុំ​ឆ្ងល់​ដែរ​នៀក​ អត់​យល់!​...ហើយ​ព្រះអង្គ​ទៅ​ណា​ហើយ​ ព្រះអង្គ​ទៅ​ណា​ហើយ​ព្រះ​អង្គ កូន​ចៅ​វេទនា​ណាស់​ កូន​ចៅ​វេទនា​ណាស់​...កូន​ចៅ​វេទនា​ណាស់។ ​ប្តី​កូន​ចៅ​ជាប់​គុក»។

ស្វាមី​របស់​អ្នកស្រី​ឈ្មោះ កាក់ កុម្ភារ អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បានរំលាយ ហើយ​លោក​កំពុង​ជាប់​ឃុំ​ជាមួយ​អតីត​មន្រ្តី​បក្ស​ប្រឆាំង​ផ្សេង​ទៀត។

អ្នកស្រី ព្រុំ ចន្ថា និង​ស្រ្តីផ្សេង​ទៀត​ជាង​១០​នាក់ បាន​បន្ត​ការ​តវ៉ា​ នៅ​ពេលពួក​គេ​មក​ឈរ​នៅ​ទល់​មុខ​នឹង​ច្រក​ចូល​ព្រះ​បរម​រាជ​វាំង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុលាការ​កំពូល។ ក្រុម​អ្នក​តវ៉ាដែល​មាន​ទាំងកុមារ​ផង​នោះ​ ត្រូវ​បាន​កង​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញ​ មិន​ឲ្យ​ចូល​ទៅជិត​របង​ព្រះ​បរមរា​ជ​វាំង​ទេ។ ពួកគេ​បាន​កាន់​ព្រះ​ឆាយលក្ខណ៍​អង្គ​មហាក្សត្រ​ និង​រូប​ថត​សាច់​ញាតិ​ដែល​ជា​ប្តី និង​ឪពុក។

លោក​ គឹម វុត្ថា ប្រធានកងសន្តិសុខ​ខណ្ឌដូនពេញ និយាយជាមួយអ្នកតវ៉ា ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៦ ខែវិច្ឆិកា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
លោក​ គឹម វុត្ថា ប្រធានកងសន្តិសុខ​ខណ្ឌដូនពេញ និយាយជាមួយអ្នកតវ៉ា ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៦ ខែវិច្ឆិកា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក ​គឹម វុត្ថា ប្រធាន​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ប្រាប់​ក្រុមអ្នកតវ៉ាថា​ ពួក​គាត់​មិន​បាន​ធ្វើ​តាម​លំដាប់​នៃ​ការ​ដាក់​ញត្តិ ដោយ​លោក​ថា​ ត្រូវ​ដាក់​ទៅ​ស្ថាប័ន​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា។

«បង​ឯង​ភ្លឹប​មក​ព្រះ​មហាក្សត្រ​ ហើយ​លោក​ទៅ​យាង​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយទេ​ យល់​អ៊ីចេះ»។

ព្រះមហាក្សត្រ​គ្រោង​យាង​ពី​ប្រទេស​ចិន​វិញ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ក្រោយ​ព្រះ​អង្គ​បាន​ចេញ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ។

ក្រុម​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​២០​នាក់​ ដែល​ភាគ​ច្រើន​ជា​អតីត​ក្រុម​ប្រឹក្សា​ និង​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយ​សារ​ការ​អត្ថា​ធិប្បាយ​ និង​ចែក​រំលែក​ព័ត៌មាន​ទាក់​ទិន​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស ​និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​ និង​ការ​គាំទ្រ​គម្រោង​វិល​ត្រឡប់ចូល​ប្រទេស​វិញ​របស់​លោក ​សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។​

ការ​តវ៉ា​នៅ​ថ្ងៃនេះ​ ក្រុម​សាច់​ញតិ្ត​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន ដែល​ជាប់​ឃុំ​ដោយ​សារ​តែ​ការ​តវ៉ា ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​រ៉ុង​ ឈុន មេដឹកនាំ​សហជីព។

ស្ត្រី​អ្នក​តវ៉ា​មួយ​រូប គឺ​អ្នកស្រី​ សេង ចាន់​ថន ភរិយា​របស់​លោក​ ស៊ុន ធន់​ អតីត​សមាជិក​ក្រុមប្រឹក្សាស្រុក​ក្នុង​ខេត្ត​កំពង់​ធំ បាន​ស្រែក​សួរ​រក​មន្ត្រី​វាំង​ឲ្យ​មក​ទទួល​ញត្តិ។ អ្នកស្រី​ប្រាប់​វីអូអេ​ថា​ ការ​មក​ស្នើ​សុំ​ជំនួយ​ពី​ព្រះ​មហាក្សត្រ​នេះ​ ដោយសារ​ស្វាមី​អ្នកស្រី​ មិន​បាន​ប្រព្រឹត្ត​កំហុស​ ប៉ុន្តែត្រូវ​ប្រឈម​នឹង​ការ​ជាប់​ឃុំ។

«ក្នុង​នាម​គាត់​ជា​បិតា​ ប្រទេស​ទាំង​មូល​ អ៊ីចឹង​រាល់​ការ​ដែល​កូន​ចៅ​មាន​ទុក្ខ​លំបាក​ទំាង​អស់​ហ្នឹង​ គាត់​គួរ​តែ​ជួយ​មើល​ ជួយ​ដោះ​ទុក្ខ​ កូន​ចៅ​ទាំង​អស់​ហ្នឹង​»។

អ្នកស្រី សេង ចាន់ថន ភរិយាលោក​ស៊ុន ធន់​ អតីតមន្ត្រីក្រុមប្រឹក្សា​គណបក្សសង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ធំ។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី សេង ចាន់ថន ភរិយាលោក​ស៊ុន ធន់​ អតីតមន្ត្រីក្រុមប្រឹក្សា​គណបក្សសង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ធំ។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា ហេង ម៉ូរ៉ូឡា សុំឲ្យអង្គមហាក្សត្រ​ដោះលែង​ឪពុកនាងដែលកំពុងជាប់ឃុំ​ក្នុង ពន្ធនាគារ​។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា ហេង ម៉ូរ៉ូឡា សុំឲ្យអង្គមហាក្សត្រ​ដោះលែង​ឪពុកនាងដែលកំពុងជាប់ឃុំ​ក្នុង ពន្ធនាគារ​។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា​ ហេង​ ម៉ារ៉ូ​ឡា​ វ័យ​១៧​ឆ្នាំ​ កំពុង​កាន់​រូប​ថត​របស់​ឪពុក​នាង គឺ​លោក ​ហេង ច័ន្ទសុទ្ធី​ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ យុវតី​រូប​នេះ ក៏​មិន​សុខ​ចិត្ត​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ឪពុក​របស់​នាង​ដែរ។

«ចង់​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​សម្រាល​ទោស​ ក៏ដូច​ជា​មើល​ដល់​អ្នក​ទោស​នយោបាយ​ទាំង​អស់​ដែល​គាត់​អត់​មាន​កំហុស​ហ្នឹង។ ជួយ​សម្រាល​ទោស​ឲ្យ​ពួក​គាត់»។

បើ​តាម​ញត្តិ​ដែល​មាន​ភ្ជាប់​បញ្ជីឈ្មោះ​អ្នក​ជាប់​ឃុំ​៣២​នាក់ ក្រុម​អ្នក​តវ៉ា​ទូល​ព្រះ​មហាក្សត្រ​អំពី​ដំណើរ​រឿង​នៃ​ការ​ចាប់ និងឃុំខ្លួន​សាច់​ញាតិ​របស់​ពួក​គាត់ និង​ក្រុម​សកម្មជន​ជា​ច្រើន​នាក់​ដែល​កំពុង​ជាប់ឃុំ។

ក្រុម​អ្នក​តវ៉ា​បាន​លើក​ឡើង​ក្នុង​ញត្តិ​នោះ​ថា៖ «ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​ជា​កូន​ចៅ​ព្រះអង្គ​មាន​ការ​រងា ភ័យ​ព្រួយ​ កើត​ទុក្ខ​ មិន​សុខ​ចិត្ត​នឹង​តុលាការ​និង​អាជ្ញាធរ​ភ្នំពេញ​ដែល​បាន​ចាប់​គ្រួសារ​ពួក​ទូល​ព្រះ​បង្គំ​ទៅ​ដាក់​ពន្ធនាគារ​ ធ្វើ​ឲ្យ​គ្រួសារ​កូន​ដែល​ក្រីក្រ​ស្រាប់​ កាន់​តែ​ក្រីក្រ​ថែម​ទៀត​ ហើយ​គ្មានមុខ​របរ​ គ្មាន​ប្រាក់​ចំណូល​ នាំ​ឲ្យ​កូន​ចៅ​វេទនា​ បោះ​បង់​ការ​រៀន​សូត្រ​ហាក់​គ្មាន​ពន្លឺ​សោះ​ទៅ​អនាគត»។

ញត្តិ​ដដែលបន្ថែម​ថា៖ «​អាស្រ័យ​ដូច​បាន​ទូលថ្វាយ​ខាង​លើ​ សូមព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ជាទី​គោរ​ព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់...ទ្រង់​ព្រះ​មេត្តា​មាន​ព្រះរាជ​តម្រិះ​លើក​លែង​ទោស​ចំពោះ​អ្នក​ដែល​មាន​សាលក្រម​ដាក់​ទោស​ និង​សូម​ព្រះ​អង្គ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍​ឲ្យ​តុលា​ការ​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​កូន​ចៅ​ស្លូត​ត្រង់​របស់​ព្រះ​អង្គ​ដែល​កំពុង​រង​ទុក្ខ​ក្នុង​ពន្ធនាគារ​សព្វ​ថ្ងៃ»។ ​

VOA ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៅ​ព្រះបរមរាជ​វាំង​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ប្រាប់​វីអូអេ​ថា​ ការ​តវ៉ា​របស់​ស្ត្រី​ទាំង​នោះ​ មាន​លក្ខណៈ​នយោបាយ​ ដែល​គ្មានប្រយោជន៍​ខាង​ច្បាប់​ ដើម្បី​ជួយ​ដល់​សាច់​ញាតិ​ជាប់​ឃុំ​ពួកគេ​នោះ​ឡើយ។

«ការ​ដាក់​ញតិ្ត​អី​នេះ​ វា​ជា​រូបភាព​នយោបាយ​ទេ​ ដែល​មាន​ការ​រៀបចំ​ចាត់​ចែង ពី​អង្គ​ការ​ចាត់​តាំង​នយោបាយ​ ហើយ​ដើម្បី​តែ​ចំណេញ​ផល​ប្រយោជន៍​នយោបាយ។ ក៏​ប៉ុន្តែ ជា​ទិដ្ឋភាព​ច្បាប់​ ​វា​មិន​មែន​ជា​មធ្យោបាយ​ តាម​ផ្លូវ​ច្បាប់​ ដើម្បី​ធើ្វ​ការ​ការ​ពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នោះ​ទេ»។​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ កត់​សម្គាល់​ថា ការ​តវ៉ា​របស់​ស្ត្រីដែល​ជា​ភរិយា និង​កូនរបស់​សាច់​ញាតិ​របស់​អតីត​មន្ត្រី​បក្ស​ជំទាស់ ទំនង​ជា​មិន​បាន​លទ្ធផល​ជា​ដុំ​កំភួន​នោះ​ទេ​ ដោយ​សារ​ការ​ចាប់​ឃុំ​ខ្លួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿងនយោបាយ។

នៅ​មុន​ធ្វើ​ដំណើរ​មក​ព្រះ​បរម​រាជវាំង​ដើម្បី​ដាក់​ញត្តិ ក្រុម​អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​បាន​ទៅ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដូច​សព្វ​ដង​ ប៉ុន្តែ​លើក​នេះ​ ពួក​គេ​មិន​រង​ការ​បង្ក្រាប​ហិង្សា​ពី​កង​សន្តិសុខ​ ដែល​តែង​តែ​មក​ការពារ​សណ្តាប់​ធ្នាប់​នៅតុលាការ​ក្រុង​នោះ​ទេ។

គួរ​បញ្ជាក់​ថាក្រុម​គ្រួសារ​របស់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ ​តែង​តែ​ចេញ​មុខ​រៀង​រាល់​ថ្ងៃ​សុក្រ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​១៥​នាក់។ បើ​តាម​អង្គការ​លីកាដូ​ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០ ​គ្រួសារ​របស់​អតីត​សមាជិក​គណ​បក្ស​ជំទាស់​ត្រូវ​បាន​អូស​ទាញ​ទាត់​ធាក់ និង​វាយដំ ​អំឡុង​ពេល​ដែល​ពួក​គាត់​តវ៉ា៕

XS
SM
MD
LG