ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ក្រោយ​​​​គ្លីនិក​របស់​ខ្លួន​ត្រូវ​បាន​បិទ


ទិដ្ឋភាពខាងក្រៅនៃគ្លីនិក «លី ស្រីវីណា» ដែលបានបិទដំណើរការ។ (រូបថតពីបណ្តាញសង្គម)
ទិដ្ឋភាពខាងក្រៅនៃគ្លីនិក «លី ស្រីវីណា» ដែលបានបិទដំណើរការ។ (រូបថតពីបណ្តាញសង្គម)

អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប គឺ​លោកស្រី លី ស្រីវីណា ដែល​ជា​វេជ្ជបណ្ឌិត​ផង​នោះ បាន​សុំ​ចុះ​ចូលជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ខណៈ​លោកស្រី​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​ការ​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​យោង​តាម​លិខិត​ដែល​ VOA ​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី លី ស្រីវីណា ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ម្ចាស់​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​មួយ​កន្លែង​នៅ​សង្កាត់​ទួល​ទំពូងទី​២ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដែល​មាន​ឈ្មោះ​ថា «លី ស្រីវីណា» និង​មាន​សាខា​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប។

មន្ទីរពេទ្យរបស់​លោកស្រី​ត្រូវ​បាន​ក្រសួង​សុខាភិបាល​សម្រេចបិទ​ ដោយ​ក្រសួង​បញ្ជាក់​មូល​ហេតុ​ថា «ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​សង្រ្គោះ​អ្នក​ជំងឺ»។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុន​ហេង ចុះថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ ការ​សម្រេច​បិទ​នេះ ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា ​អ្នក​ជំងឺម្នាក់​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​របស់​លោកស្រី ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​២៩ ខែ​តុលា ដោយ​មាន​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​ព្រោង​ព្រាត រួច​ហើយ​បង្ហោះ​វីដេអូ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។

លោកស្រី លី ស្រីវីណា ដែល​ជា​វេជ្ជ​បណ្ឌិត​មួយ​រូប ទទួល​សញ្ញាបត្រ​ពី​សាកល​វិទ្យា​ល័យ​វេជ្ជសាស្រ្តមួយ​នៃប្រទេស​បូឡូញ ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ ១១៨ ​រូប ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ ក្រោយ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧។

នៅ​ក្នុង​ព្រះ​រាជក្រឹត្យចុះ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ព្រះមហាក្សត្រ​ទ្រង់​សម្រេចផ្តល់​នីតិសម្បទា​ឡើង​វិញ​ឲ្យ​លោកស្រី លី ស្រី​វីណា គឺ​មាន​ន័យ​ថា ​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ក្រោយ​លោកស្រី​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ​៥ ​ឆ្នាំ នៅ​ពេល​គណ​បក្ស​ប្រឆាំង​ដ៏ធំ​ត្រូវ​បាន​រំលាយ​ចោល។

ការ​សម្រេច​ឲ្យ​លោកស្រី​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយ​លោកស្រី​សរសេរ​លិខិត​ពីរ​ច្បាប់ ដែល​មួយ​ច្បាប់​សរសេរ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ចុះ​ចូល និង​មួយ​ច្បាប់​ទៀត សរសេរ​ទៅ​កាន់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយឡើង​វិញ។

ក្នុង​លិខិត​សរសេរ​ដៃ​មិន​វាយ​កំព្យូទ័រ​ ចុះ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា លោកស្រី លី ស្រីវីណា ដែល​ជា​អតីត​តំណាងរាស្រ្ត និង​ជា​អតីត​សមាជិក​គណៈ​កម្មា​ធិការ​នាយក​នៃ​បក្ស​ប្រឆាំង បាន​លើក​ឡើង​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​រំឭក​គុណ​របស់​លោក​នាយក​រដ្ឋមន្រ្តី ដែល​លោកស្រី​ថា​បាន​បញ្ជូន​លោក​ស្រី​ទៅ​សិក្សានៅ​បរទេស ទាក់​ទង​នឹង​ផ្នែក​វេជ្ជ​សាស្រ្ត ក្នុង​ឆ្នាំ ​១៩៨៩។ បន្ទាប់​មក​លោកស្រី​ថា​ លោក​ស្រី​បាន​យក​ចំណេះ​ដឹង​របស់​ខ្លួន​ទៅ​ចូល​រួម​លើក​កម្ពស់​សេវា​សុខា​ភិបាល​ឲ្យ​កាន់​តែ​ប្រសើរ​តាម «​គោល​នយោបាយ​ឈ្នះ-​ឈ្នះ» របស់​នាយក​រដ្ឋមន្រ្តី។

លោកស្រី​បន្ត​ថា៖ «ដោយ​សព្វ​ថ្ងៃ​នេះ នាង​ខ្ញុំ​មិន​មែន​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​ទាំង​អស់ និង​ដោយ​បាន​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​ ដែល​បាន​និង​កំពុង​វាយ​ប្រហារ​ដល់​សម្តេច​ ដោយ​អយុត្តិធម៌​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ដែល​នាង​ខ្ញុំ​មិន​ពេញ​ចិត្ត ដូច្នេះ​នាង​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចូលរួម​កសាង​ប្រទេស និង​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវនិង​ភ្លឺ​ស្វាង​របស់​សម្តេច​រហូត​តទៅ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់»។

លោកស្រី​បញ្ជាក់​ថា៖ «សូម​សម្តេច​ទទួល​នាង​ខ្ញុំ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្តីអនុ​គ្រោះ»។

លោក​ ហ៊ុន សែន បាន​ចារ​នៅ​លើ​លិខិត​សុំ​ចុះ​ចូលនោះ​ថា​យល់​ព្រម និង​ស្នើ​ឲ្យ​គណៈកម្មាធិការ​គណបក្ស​នៅ​រាជធានី​ភ្នំពេញ រៀប​ចំ​បែប​បទ​បញ្ចូល​លោកស្រី​ជា​សមាជិក។

លោកស្រី លី ស្រីវីណា បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់ នៅ​ពេល​អ្នក​យក​ព័ត៌មាន​ VOA​ទាក់ទង​ទៅ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​មិន​ឆ្លើយ​នៅ​ពេល​នេះ លើក​ក្រោយ​ខល​មក​ខ្ញុំ​ម្តង​ទៀត តែ​នៅ​ពេល​នេះ ខ្ញុំ​សូម​មិន​ឆ្លើយ​សិន»។

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​មុន​ការជួប​ប្រមូលផ្តុំ​នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​មុន​ការជួប​ប្រមូលផ្តុំ​នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។

កាល​ពី ​៣ ​ឆ្នាំ​មុន គឺ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០១៧ មុន​ពេល​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​លោកស្រី លី ស្រីវីណា ​បាន​សម្រេចលាលែង​ពី​គណបក្ស ហើយលោកស្រីបក​ស្រាយ​កាល​នោះ​ថា​ លោកស្រី «មិនមាន​ចេតនា» ចូលរួម​ជាមួយគណ​បក្ស​ប្រជាជនកម្ពុជា​ ដូចកា​រផ្សព្វ​ផ្សាយនានា​តាម​បណ្តាញ​សង្គម​ទេ។ លោក​ស្រី​បញ្ជាក់​ថា ​ការ​លាលែង​នេះ ដោយ​សារ​មមាញឹក​នឹង​ការងារ។

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រសាសន៍​ថា​ សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល​បិទ​គ្លីនិក​របស់​លោកស្រី «បាន​បង្ខំ​ឲ្យ[លោកស្រី] លី ស្រីវីណា ប្តូរ​នយោបាយ»។

ចំណែក​លោកស្រី មូរ សុខ​ហួរ អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែរ ថ្លែង​ប្រាប់ ​VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោកស្រី​មាន​ការ​ងឿង​ឆ្ងល់​នៃ​ការសុំចុះ​ចូល​នេះ ក្រោយ​មន្ទីរ​ពេទ្យ​របស់​លោក​ស្រី លី ស្រីវីណា ត្រូវ​បាន​បិទ ដោយ​លោកស្រី​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​រឿង​នយោ​បាយ​នោះ​ទេ។

លោកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​មន្ទីរ​ពេទ្យ​ណា​ក៏​ដោយ ក៏​តែង​តែ​មាន​អ្នក​ជំងឺ​ដែល​ស្លាប់ ជា​ការ​ធម្មតា​ទេ។ អ្វី​ដែលយើង​ត្រូវ​តែ​រក​ឲ្យ​ឃើញ​ គឺ​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដោយ​មាន​វិជ្ជាជីវៈ ឲ្យ​ច្បាស់​លាស់។ ហេតុ​ផល​នៃអ្នក​ជំងឺ​ដែល​ធ្វើ​ឲ្យ​ស្លាប់»។

លោក​ស្រី​ មូរ សុខហួរ បន្ត​ថា​ការ​បង្ខំ​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចុះ​ចូល​បាន​កើត​ឡើង​គ្រប់​រូបភាព ទាំងការ​បញ្ចុះ​បញ្ចូល​ផ្តល់​តំណែង ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ការ​គំរាម​កំហែង​ផ្ទាល់​មាត់ និង​ការ​គាប​សង្កត់​ផ្សេងៗ។ លោកស្រីចាត់​ទុកយុទ្ធសាស្រ្ត​បែប​នេះ​ជា​យុទ្ធសាស្រ្ត «អ​សីលធម៌ និង​អមនុស្ស​ធម៌»​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​ចុះ​ចូល​អ្វី​ក៏​ដោយ​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ គេ​រំលាយ​គណបក្ស​យើង។ គេ​ចាប់​មេ​បក្ស​យើង គេ​គំរាម​កំហែង​រាល់​ថ្ងៃ ហើយ​មាន​ការ​ចុះ​ចូល​ដោយ​របៀប​នេះ ខ្ញុំ​យល់​ឃើញ​ថា ​មិន​មែន​ជា​ជម្រើស​ដែល​ចេញមក​ពី​ឆន្ទៈ​នៃ​បុគ្គល​នោះ​ទេ ក៏​ប៉ុន្តែ​ជា​ជម្រើស​មួយ​រយៈ ដើម្បី​ដោះ​នូវរឿង​អី​មួយ និង​ជា​ជម្រើស​របស់​បុគ្គល​នោះ​ប៉ុន្តែ​ឧត្តមគតិ​នៃ​បុគ្គល​នោះ ខ្ញុំ​ជឿ​ជាក់​ថា​មិន​ប្តូរ​ទេ»។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល លោក ម៉ម ប៊ុនហេង បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក លី សូវ៉ាន់ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​បាន​ស្នើ​ឲ្យ​ទាក់ទង​ទៅអ្នក​នាំពាក្យ​របស់​ក្រសួង​ម្នាក់​ទៀត គឺ​លោកស្រី ឱ វណ្ណ​ឌីន ដែល ​VO A​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​តាម​រយៈ​លេខទូរស័ព្ទ​របស់​លោកស្រី និង​ប្រព័ន្ធ​តេឡេ​ក្រាម ​(Telegram)។

គេ​មិន​ទាន់​ដឹង​ថា ​តើ​ក្រុម​គ្រួសាររបស់​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់ បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​មន្ទីរ​ពេទ្យ​របស់​លោកស្រី លី ស្រីវីណា ឬ​យ៉ាង​ណា។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសាសន៍​ថា ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​ស្រី លី ស្រីវីណា មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​មិន​ចង់​ឲ្យ​ប្រើ​ពាក្យ​ «ចុះ​ចូល» នោះ​ទេ ដោយ​ចង់​ឲ្យ​ប្រើ​ពាក្យ​ «សុំ​មក​រួម​រស់​ជីវភាព​នយោបាយ​ជាមួយ​គណ​បក្ស​ប្រជាជន»។ លោក​ថា​ ការ​សុំ​ចុះ​ចូល​នេះ​មិន​មែន​ជា​ការ​បង្ខំ​អ្វី​នោះ​ទេ ហើយ​ការ​សម្រេច​របស់​ក្រសួង​សុខាភិបាល​ជា​វិន័យ​រដ្ឋ​បាល។

លោក សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប បន្ត​ថា​ លោក​មិន​ទាន់​ដឹង​ថា​តើ​លោក​ស្រី លី ស្រីវីណា នឹង​ទទួល​តំណែង​រដ្ឋាភិបាល ឬ​តំណែង​គណបក្ស​អ្វី​នោះ​ទេ ដោយ​រង់​ចាំ​ថ្នាក់​លើ។

នៅ​ពេល​សួរ​ថា​តើ​លោកស្រី លី ស្រី​វីណា នឹង​អាច​ដំណើរ​ការ​មន្ទីរពេទ្យ​របស់​លោកស្រី​ ឬ​យ៉ាងណា ក្រោយ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា៖

«អាហ្នឹង​យើង​រង់​ចាំ​មើល​ការ​ត្រួត​ពិនិត្យ​របស់​ក្រសួង​សុខាភិបាល​ថា ​តើ​គាត់​បាន​បំពេញ​បន្ថែម​លក្ខណៈ​សម្បត្តិ​អី​គ្រប់​គ្រាន់​ជា​គ្លីនិក ដើម្បី​បម្រើ​សេវា​សុខភាពរបស់​ប្រជាជន​បាន​ត្រឹម​ត្រូវ​ហើយ​ ឬ​នៅ។ បើ​ត្រឹម​ត្រូវ​ហើយ ខ្ញុំ​យល់​ថា​វា​គ្មាន​ពាក់​ព័ន្ធ​អី​នឹង​ផ្នែក​នយោបាយ​ទេ»។

លោកស្រី​ លី ស្រីវីណា ជា​មនុស្ស​ទី​១៤​ក្នុង​ចំណោម​មនុស្ស ១១៨ ​នាក់ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន យល់​ព្រម។

គួរ​បញ្ជាក់​ថា មុន​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្នាក់​ក្រោម​ជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់​ពួកគេ​ឲ្យ​នៅ​ដដែល។ លោក​បញ្ជាក់​ថា នេះ​ជា​នយោ​បាយ​ឈ្នះ-ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ពួក​ខ្មែរ​ក្រហម៕

XS
SM
MD
LG