ភ្នំពេញ — ៣ ឆ្នាំក្រោយការដកវត្តមានគណបក្សសង្គ្រោះជាតិពីស្ថាប័នរដ្ឋអំណាចនៅកម្ពុជា ដោយតុលាការកំពូលរំលាយបក្សនេះ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ការបង្ក្រាបនយោបាយនៅកម្ពុជាកើតមានជាបន្តបន្ទាប់។
គណបក្សប្រឆាំងដ៏ធំនេះត្រូវបានគេមើលឃើញថាជាគូប្រកួតប្រជែង ដែលគំរាមកំហែងដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ក្រោយមានការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិដណ្តើមបានកៅអីតំណាងរាស្ត្រចំនួន ៥៥ ក្នុងចំណោម ១២៣ អាសនៈក្នុងរដ្ឋសភា ឬទទួលបានសំឡេងឆ្នោតប្រមាណ ៣ លាន ទល់នឹងសំឡេងឆ្នោតជាង ៣ លាន ២ សែនរបស់គណបក្សប្រជាជនកម្ពុជា។
ក្រោយការរំលាយគណបក្សជំទាស់ដ៏ធំនេះ ថ្នាក់ដឹកនាំសំខាន់ៗរបស់បក្សនេះរងការចោទប្រកាន់ដោយបណ្តឹងតុលាការកម្ពុជា ដែលក្រុមជំទាស់ចាត់ទុកថាជារឿងនយោបាយ។
លោក កឹម សុខា ប្រធានគណបក្សនិងជាសហស្ថាបនិកកំពុងស្ថិតនៅក្រៅឃុំក្រោយជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ខណៈសវនាការលើសំណុំរឿងរបស់លោកនៅបន្តអូសបន្លាយ។ រីឯលោក សម រង្ស៊ី ប្រធានស្តីទីនិងជាសហស្ថាបនិកកំពុងនិរទេសខ្លួននៅក្រៅប្រទេស តាំងពីឆ្នាំ ២០១៥ មក ដើម្បីគេចពីការចាប់ខ្លួននិងផ្តន្ទាទោសពីបទចោទប្រកាន់ជាច្រើន ទាំងរឿងនយោបាយនិងរឿងផ្ទាល់ខ្លួន។
«ហើយបើអត់កញ្ចក់ ឬកញ្ចក់ហ្នឹងបែកហើយ មិនយកកញ្ចក់ហ្នឹងមកឆ្លុះទេ មើលមិនដឹងទេថា ខ្លួនល្អឬអាក្រក់»
ការណ៍នេះបានធ្វើឲ្យមេដឹកនាំនិងគណបក្សជំទាស់ដ៏សំខាន់មួយនេះ ពុំបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ ២០១៨។ ក្នុងការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំងអស់ ១២៥ ក្នុងសភានិងគ្រប់គ្រងអំណាចផ្តាច់មុខតាមរបៀបឯកបក្ស បន្ទាប់ពីបានប្រកួតជាមួយគណបក្សចំនួន ១៩ ដែលគ្មានកម្លាំងប្រជែងនោះ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមើលឃើញថា អវត្តមាននៃគណបក្សជំទាស់ដ៏ធំតែមួយគត់នេះ បានបង្កឲ្យមានអតុល្យភាពនយោបាយ និងភាពតានតឹងនយោបាយ ព្រមទាំងគ្មានប្រព័ន្ធផ្ទៀងផ្ទាត់របៀបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
លោក កន សាវាង្ស មន្ត្រីអង្កេតការបោះឆ្នោតរបស់អង្គការ Comfrel ថ្លែងថា នៅពេលមានវត្តមានគណបក្សជំទាស់នៅក្នុងសភាមានការជជែកដេញដោលតវ៉ាខ្លាំងៗ មុននឹងអនុម័តច្បាប់ណាមួយ និងមានការកោះហៅតំណាងអង្គនីតិប្រតិបត្តិ ដែលអសកម្មមកសួរនាំពីបញ្ហាសង្គមនានា។
លោកបានប្រៀបធៀបវត្តមានគណបក្សសង្គ្រោះជាតិទៅនឹង «កញ្ចក់ដ៏សំខាន់» ដែលអាចឆ្លុះឃើញបញ្ហាភ្លាមៗ និងអាចធ្វើការកែសម្រួលឡើងវិញ។
លោកប្រាប់វីអូអេថា៖ «ហើយបើអត់កញ្ចក់ ឬកញ្ចក់ហ្នឹងបែកហើយ មិនយកកញ្ចក់ហ្នឹងមកឆ្លុះទេ មើលមិនដឹងទេថា ខ្លួនល្អឬអាក្រក់»។
លោក កន សាវាង្ស បន្តថា ការប្រកួតប្រជែងបម្រើផលប្រយោជន៍ដល់ពលរដ្ឋនៅតាមមូលដ្ឋានក៏លែងមានភាពសកម្មដូចមុនដែរ។
សម្រាប់លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញការទូតនៅមហាវិទ្យាល័យ Occidentalសហរដ្ឋអាមេរិក ចាត់ទុកថា គណបក្សសង្គ្រោះជាតិនៅតែជាគណបក្សតែមួយ ដែលអាចជាដៃគូប្រជែងជាមួយគណបក្សកាន់អំណាច។
លោកសរសេរតាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖ «មានគណបក្សជំទាស់តូចៗផ្សេង ដែលរងការគាបសង្កត់ដែរ ដោយមេដឹកនាំគេត្រូវដាក់ឲ្យជាប់ពន្ធនាគារ។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិនៅតែជាគណបក្សតែមួយគត់ ដែលកំពុងគំរាមកំហែងយ៉ាងពិតប្រាកដដល់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ គណបក្សនេះនៅតែជាក្តីសង្ឃឹមចុងក្រោយនៅកម្ពុជា»។
សម្រាប់អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ការរំលាយនិងការយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យកាលពីបីឆ្នាំមុន បានឆ្លុះបញ្ចាំងពីភាពបញ្ច្រាស់នៃទិសដៅលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ឡៅ ម៉ុងហៃ ថ្លែងថា៖«ពេលដែលរំលាយគណបក្សសង្គ្រោះប្រជាធិបតេយ្យ យើងលែងមានទៀតហើយ គឺបែរក្បាលទៅរកទិសដៅរបបផ្តាច់ការ។ ដូច្នេះ គេធ្វើអ្វីៗក៏ដោយ គឺសម្រាប់បម្រើផលប្រយោជន៍មេដឹកនាំ»។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយមើលឃើញថា បញ្ហាសង្គមនានាមិនត្រូវបានដោះស្រាយដោយប្រសិទ្ធភាពនោះទេ រួមមានជាអាទិ៍បញ្ហាបំណុលការប្រាក់ធនាគារ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ជម្លោះដីធ្លីការសង្ស័យអំពីវត្តមានយោធានៃកងទ័ពចិនលើទឹកដីកម្ពុជា និងបញ្ហាព្រំដែនជាដើម។
អ្នកស្រីថ្លែងប្រាប់វីអូអេយ៉ាងដូច្នេះថា៖ «បើសង្គ្រោះជាតិនៅក្នុងសភាយើងច្បាស់ជាមានការតវ៉ា ហើយចុះទៅមើលផ្ទាល់ដល់ទីកន្លែង។ ឥឡូវ អត់មានវត្តមាន គឺថាស្ងាត់ឈឹង គឺថាឲ្យតែងើបដឹងតែគេចាប់ដាក់ពន្ធនាគារ។ នេះគឺជាការបាត់បង់នូវសំឡេងពលរដ្ឋ។ យើងទុកឲ្យរដ្ឋអំណាចលោក ហ៊ុន សែន ធ្វើអ្វីស្រេចតែចិត្ត។ ខាតបង់ផលប្រយោជន៍ពលរដ្ឋ ខាតបង់ផលប្រយោជន៍ជាតិធំណាស់»។
ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថា មាន ឬគ្មានគណបក្សជំទាស់នៅក្នុងសភា មិនមានអ្វីខុសប្លែកគ្នានោះទេ។
លោក សុខ ឥសាន ថ្លែងថា៖ «អត់គណបក្សប្រឆាំង ការអនុម័តគេទៅយ៉ាងរលូន វាគ្មានអ្នកប្រឆាំងគ្មានអ្នកជំទាស់។ ទោះបីបក្សតែមួយដូចគណបក្សប្រជាជន ចឹងគេមាននីតិវិធីត្រឹមត្រូវ។ ប៉ុន្តែ បើទោះជាមានគណបក្សប្រឆាំងក៏ជំទាស់មិនកើតដែរ ព្រោះគណបក្សប្រជាជនមានសំឡេងភាគច្រើន»។
«ការដែលអ្នកគាំទ្រ ឬសកម្មជនបក្សបន្តរងការចាប់ខ្លួននេះ គឺជាសញ្ញាណនៃភាពស្មោះស្ម័គ្ររបស់ពួកគេទៅកាន់គណបក្ស។ ការណ៍នេះ ធ្វើឲ្យស្មារតីរបស់គណបក្សបន្តមាននៅតាមមូលដ្ឋាននៅកម្ពុជា។ […] «រង្វាន់ចំពោះការលះបង់» នេះគឺនៅពេលដែលមានវត្តមានជាក់ស្តែងរបស់ថ្នាក់ដឹកនាំគណបក្សជំទាស់នៅកម្ពុជា»
កាលពីសប្តាហ៍មុនគណបក្សសង្គ្រោះជាតិជាថ្មីម្តងទៀត បានប្រកាសពីការវិលត្រឡប់មកកម្ពុជាវិញ។ ឆ្នាំមុន នៅក្នុងខែវិច្ឆិកាដដែល ផែនការមាតុភូមិនិវត្តន៍ ដែលមេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី សន្យាថា ត្រឡប់មកកម្ពុជាបានបរាជ័យម្តងហើយ។ កាលនោះ លោក សម រង្ស៊ី បានចោទរដ្ឋាភិបាលថា បានប៉ុនប៉ងរារាំងជើងយន្តហោះ និងរារាំងលោកដោយកម្លាំងប្រដាប់អាវុធ ជាពិសេសនៅតាមព្រំដែនខ្មែរ-ថៃ។ ខាងមន្ត្រីរដ្ឋាភិបាលវិញលើកយកហេតុផលនៃការការពារសន្តិសុខ ហើយបានចោទប្រកាន់តបវិញថា លោក សម រង្ស៊ី កំសាកមិនហ៊ានត្រឡប់មកកម្ពុជាដោយខ្លួនឯង។
នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះ គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ «របបលោក ហ៊ុន សែន បានប្រើប្រាស់អំណាចផ្តាច់មុខ ក្នុងការគាបសង្កត់បិទសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រមទាំងធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ឬ) ចំនួន ២០% បាត់បងអព្យាក្រឹតភាព និងបាត់បង់បូរណភាពទឹកដី»។
គិតចាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រហូតដល់ខែមីនា ឆ្នាំ ២០២០ នេះ យ៉ាងហោចណាស់អ្នកគាំទ្រ សកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្តនិងរាជធានី និងថ្នាក់ដឹកនាំរបស់បក្សនេះចំនួន ១២០ នាក់ ត្រូវបានតុលាការចោទប្រកាន់ ឬរងការចាប់ខ្លួនទាក់ទងនឹងបទ «ក្បត់ជាតិ» បទ «រួមគំនិតក្បត់» ឬបទ «ញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋ» ជាដើម។ នេះបើយោងតាមរបាយការណ៍នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយនៅឆ្នាំ ២០២០ នេះ។
ក្នុងនោះ កាលពីចុងឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យដោះលែងសកម្មជននិងសមាជិកគណបក្សសង្គ្រោះជាតិជាង ៧០ នាក់ ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ពួកគេបានចាញ់បោកលោក សម រង្ស៊ី។
យ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា សកម្មជននិងអ្នកគាំទ្រទាំងនោះ នៅតែមានក្តីសង្ឃឹមចំពោះស្មារតីនិងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ។
លោក អៀ សុផល សរសេរក្នុងសារអេឡិចត្រូនិកដូច្នេះថា៖ «សកម្មជនទាំងនោះ គឺជាវីរបុរសពិតប្រាកដ។ ពួកគេជឿជាក់និងមានស្មារតីប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ។ ពួកគេពុំមានជម្រើសផ្សេងក្រៅពីក្រោកឈរឡើង ដើម្បីគោលការណ៍ដែលគេជឿជាក់នោះទេ»។
អ្នកជំនាញកិច្ចការកម្ពុជានៃសាកលវិទ្យាល័យ Lund ក្នុងប្រទេសស៊ុយអែតអ្នកស្រី Astrid Norén-Nilsson យល់ថា ការប្រកាសពីគម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈមានការរីករាលដាលនៃជំងឺកូវីដ១៩ នេះ គ្រាន់តែជាការរំលឹករបស់ថ្នាក់ដឹកនាំគណបក្សនេះថា គណបក្សជំទាស់នៅមានវត្តមាននៅលើផែនដីនេះប៉ុណ្ណោះ។
អ្នកស្រាវជ្រាវរូបនេះសរសេរនៅក្នុងសារអេឡិចត្រូនិក យ៉ាងដូច្នេះថា៖ «ការដែលអ្នកគាំទ្រ ឬសកម្មជនបក្សបន្តរងការចាប់ខ្លួននេះ គឺជាសញ្ញាណនៃភាពស្មោះស្ម័គ្ររបស់ពួកគេទៅកាន់គណបក្ស។ ការណ៍នេះ ធ្វើឲ្យស្មារតីរបស់គណបក្សបន្តមាននៅតាមមូលដ្ឋាននៅកម្ពុជា។ […] «រង្វាន់ចំពោះការលះបង់» នេះគឺនៅពេលដែលមានវត្តមានជាក់ស្តែងរបស់ថ្នាក់ដឹកនាំគណបក្សជំទាស់នៅកម្ពុជា»។
ក៏ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ការចាប់ខ្លួនសកម្មជននិងអ្នកគាំទ្រគណបក្សជំទាស់ គឺដោយសារពួកគេធ្វើសកម្មភាពខុសច្បាប់។
«គ្មានអនាគតទេ (គណបក្សសង្គ្រោះជាតិ) ងាប់បាត់ទៅហើយហ្នឹង។ អាចាប់ខ្លួនហ្នឹង ដោយសារគាត់គាំទ្រអ្នកខុសច្បាប់។ គាំទ្រអ្នកខុសច្បាប់ គឺខុសច្បាប់។ ចឹងការចាប់ហ្នឹង គឺចាប់ត្រូវច្បាប់។ ចាប់អ្នកខុសច្បាប់មិនមែនចាប់ប្រជាជនឯណា»។
ថ្នាក់ដឹកនាំចំនួន ១១៨ នាក់ នៃគណបក្សសង្គ្រោះជាតិត្រូវបានដកហូតសិទ្ធិនយោបាយ រយៈពេល ៥ ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៧។ មកទល់ពេលនេះយ៉ាងហោចណាស់ អតីតមន្ត្រីបក្សជំទាស់ចំនួន ១៤ រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ពួកគេអះអាងថា ការណ៍នេះគឺដើម្បីប្រមូលសំឡេងអ្នកគាំទ្របក្សជំទាស់ និងកសាងកម្លាំងនៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ អតីតមន្ត្រីបក្សជំទាស់មួយចំនួនតូច បានចាកចេញពីគណបក្សនេះ រួចបង្កើតគណបក្សនយោបាយថ្មី ឬចូលរួមជាមួយគណបក្សកាន់អំណាច។
អ្នកស្រី មូរ សុខហួរ ថ្លែងថា គណបក្សសង្គ្រោះជាតិមិនរង់ចាំគេផ្តល់សិទ្ធិនយោបាយឲ្យនោះទេ។
«យើងអត់ចាំអ្នកណាឲ្យសិទ្ធិយើង ដើម្បីធ្វើនយោបាយទេ។ សព្វថ្ងៃ យើងកំពុងធ្វើនយោបាយហើយ។ នៅក្រៅប្រទេសមែន ប៉ុន្តែសំឡេងយើងបានឮដល់គ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសដែរ។ បើយើងចាំគេឲ្យសិទ្ធិមកយើង គេមិនដែលឲ្យសិទ្ធិមកយើងទេ»។
អ្នកស្រី មូរ សុខហួរ មិនទាន់បង្ហាញជំហរគណបក្សថា នឹងត្រឡប់មកកម្ពុជា ឬត្រឡប់ចូលឆាកនយោបាយក្នុងរូបភាពណាមួយច្បាស់លាស់នៅឡើយទេ។ អ្នកស្រីគ្រាន់តែបញ្ជាក់ថា រាល់ការសម្រេចចិត្ត នឹងត្រូវពិភាក្សាជាមួយអ្នកគាំទ្រខ្លួនជាមុនសិន។ អ្នកស្រីនិយាយថា គណបក្សនេះមិនដែលទាត់ចោលការចរចាជាមួយគណបក្សកាន់កាប់រដ្ឋាភិបាលកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន គូសបញ្ជាក់ថា គណបក្សកាន់អំណាចនឹងមិន «ចរចា» ជាមួយគណបក្សសង្គ្រោះជាតិនោះទេ ដោយលោកសំអាងថា គណបក្សសង្គ្រោះជាតិជាគណបក្សមិនស្របច្បាប់។
ក្រោយការបោះឆ្នាំ ២០១៨ ស្ថាប័ននយោបាយថ្មីមួយហៅថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» កើតឡើងចេញពីតំណាងគណបក្សគ្មានអាសនៈក្នុងសភា និងទើបបង្កើតថ្មីទាំង ១៦។រដ្ឋាភិបាលថា ស្ថាប័ននេះជាកញ្ចក់ឆ្លុះដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាល។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលរដ្ឋាភិបាលបានបង្កើតឡើង ក្រោយពេលគ្មានវត្តមានគណបក្សសង្គ្រោះជាតិនោះ អះអាងថា វត្តមាននៃឧត្តមក្រុមប្រឹក្សានេះ មានប្រសិទ្ធភាពជាងអតីតក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងសភា។ លោក ផលវរុណ ផ្តល់ការបកស្រាយដោយខ្លីយ៉ាងដូច្នេះថា៖
«ល្អទ្វេដងល្អរាប់សិបដង។ ល្អត្រង់ថា ការលើកឡើងរបស់ប្រតិភូគណបក្ស មិនផ្អែកលើកត្តានយោបាយទេ គឺផ្អែកលើអង្គហេតុនិងអង្គច្បាប់នៃបញ្ហា ដែលកើតមានក្នុងសង្គម»។
យ៉ាងណាក៏ដោយ អ្នកតាមដាននយោបាយមើលឃើញពីប្រសិទ្ធភាពនិងសារៈសំខាន់តិចតួចនៃស្ថាប័ននេះ។ ចំណែកគណបក្សគ្មានអាសន:ក្នុងសភា និងទើបបង្កើតថ្មីផ្សេងទៀតនៅកម្ពុជា ត្រូវបានគេមើលឃើញថា មិនសកម្មគ្រប់គ្រាន់។
លោកកន សាវាង្ស ថ្លែងថា ស្ថាប័ននយោបាយថ្មីនេះមិនបានកើតឡើងចេញពីឆន្ទៈពលរដ្ឋ ដូចគណបក្សជំទាស់នោះទេ។
ចំពោះលោកបណ្ឌិត ឡៅ ម៉ុងហៃ បណ្តាគណបក្សផ្សេងៗគ្រាន់តែជាគណបក្សរណប ដែលជារូបមន្តនៃការដឹកនាំមួយដែ លយកលំនាំតាមរបបកុម្មុយនិស្តចិនប៉ុណ្ណោះ។
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាឆ្នាំ ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ ២០២៣ ខាងមុខ ដែលគណបក្សជំទាស់ដ៏ធំនេះ មានបំណងចូលរួមប្រកួតក្នុងការបោះឆ្នោត បើមានការព្រមព្រៀងនយោបាយណាមួយជាមួយគណបក្សកាន់អំណាចនៅនាទីចុងក្រោយ ទៅតាមការស្នើសុំពីសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផង។
ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីដើមខែវិច្ឆិកានេះ អតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោត។ លោក បៃដិន ត្រូវបានគេរំពឹងថា នឹងផ្តល់ក្តីសង្ឃឹមថ្មីមួយដល់លំហនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចពេលមុនៗដែលគណបក្សប្រជាធិបតេយ្យនេះបានឈ្នះឆ្នោតនិងកាន់កាប់អំណាចក្នុងសហរដ្ឋអាមេរិក៕