កាលពីថ្ងៃពុធ ក្រុមមន្រ្តីសុខាភិបាលក្នុងប្រទេសប៉ាគីស្ថានបានរកឃើញករណីពីរដំបូងនៃមនុស្សមានផ្ទុកមេរោគវីរុសកូរ៉ូណានៅក្នុងប្រទេស ដោយភ្ជាប់ពួកគេជាមួយការរាតត្បាតនៅក្នុងប្រទេសអ៊ីរ៉ង់នៅជិតខាង។
អ្នកជំងឺម្នាក់ក្នុងបណ្តាអ្នកជំងឺទាំងពីរនាក់នេះ ដែលមានឈ្មោះថា Yahya Jaffri អាយុ២២ឆ្នាំ បានធ្វើដំណើរតាមយន្តហោះកាលពីពេលថ្មីៗនេះជាមួយគ្រួសារលោកមកពីប្រទេសអ៊ីរ៉ង់ទៅកាន់ក្រុង Karachi ដែលជាទីរួមខេត្ត Sindh នៅប៉ែកខាងត្បូងប្រទេស។
លោក Murtaza Wahab អ្នកនាំពាក្យរដ្ឋាភិបាលខេត្តនេះបាននិយាយថា គ្រួសារនៃអ្នកជំងឺនេះក៏បានត្រូវដាក់ឱ្យនៅដាច់ពីគេក្នុងមន្ទីរពេទ្យមួយដើម្បីពិនិត្យមើលថាតើពួកគេមានឆ្លងមេរោគ COVID-19 ឬទេ។
លោក Wahab បាននិយាយថា ក្រុមមន្ត្រីបានប្រមូលទិន្នន័យពីអ្នកដំណើរដែលបានធ្វើដំណើរជាមួយលោក Jaffri និងគ្រួសារលោកមានគ្នីគ្នាច្រើននាក់ដើម្បីបញ្ចៀសកុំឱ្យមានការរាលដាលមេរោគវីរុសនេះ។
លោក Zafar Mirza រដ្ឋមន្ត្រីសុខាភិបាលសហព័ន្ធនៃប្រទេសបានប៉ាគីស្ថានបានសរសេរ tweet ថា «ខ្ញុំអាចបញ្ជាក់ថា មានករណីពីរដំបូងនៃអ្នកមានផ្ទុកមេរោគវីរុសកូរ៉ូណានៅក្នុងប្រទេសប៉ាគីស្ថាន។ អ្នកជំងឺទាំងពីរនាក់នេះបានទទួលការព្យាបាលតាមស្តង់ដារខាងគ្លីនិក ហើយអ្នកទាំងពីរមានស្ថានភាពនឹងនរ។ មិនត្រូវភ្ញាក់ផ្អើលទេ អ្វីៗទាំងអស់ឋិតនៅក្រុមការត្រួតត្រា»។
គ្មានសេចក្តីលម្អិតជាបន្ទាន់អំពីអ្នកជំងឺទីពីរទេ។
កាលពីថ្ងៃចន្ទ ប្រទេសបា៉គីស្ថានបានប្រកាសថា ខ្លួនបិទព្រំដែនខ្លួនជាមួយប្រទេសអ៊ីរ៉ង៉ជាបណ្តោះអាសន្នដែលនៅទីនោះគេបានរកឃើញមនុស្សមានជំងឺនេះជាដំបូងកាលពីមួយសប្តាហ៍មុននេះ ហើយមានមនុស្ ស១៩នាក់បានស្លាប់ក្នុងចំណោមអ្នកជំងឺ ១៣៩នាក់។
ពលរដ្ឋប៉ាគីស្ថានរាប់ពាន់នាក់បានជាប់គាំងនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីប្រទេសប៉ាគីស្ថានបានបិទព្រំដែនជាមួយប្រទេសជិតខាងខ្លួននៅទិសខាងលិច៕