ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បដិសេធ​បណ្តឹង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​​ពី​ខេត្ត​បាត់ដំបង​ឡើង​វិញ


ស្លាក​សញ្ញា​របស់​ការិយាល័យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​​ក្នុងវិមាន​រដ្ឋចម្ការមន។
ស្លាក​សញ្ញា​របស់​ការិយាល័យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​​ក្នុងវិមាន​រដ្ឋចម្ការមន។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្រេច​ទាត់​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិដែល​ស្នើ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​សម្រាប់​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១១៦​ក្នុង​ខេត្ត​បាត់ដំបង។​

សេចក្តី​សម្រេច​នេះ​តម្កល់​ការ​សម្រេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា។​

ក្រោយ​ពី​បាន​បើក​សវនាការ​អស់​រយៈ​ពេល​ប្រមាណ​ជា​ពីរ​ម៉ោង ​លោក​ឯក ​សំអុល​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​អាន​សេចក្តី​សម្រេច​នៅ​រសៀល​នេះថា​ បណ្តឹង​ពី​គណបក្ស​ជំទាស់​នេះ​ខុស​នឹង​គតិ​ច្បាប់។​

លោក​និយាយ​ថា៖​ «សម្រេច​ ​មាត្រា១ ​ទទួល​ពាក្យ​បណ្តឹង​របស់​លោក​សួន ​ចំរើន​ ចុះ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ឆ្នាំ​២០១៣​ទុក​ត្រឹម​ត្រូវ​តាម​ទម្រង់​ច្បាប់។ ​ប៉ុន្តែ​បដិសេធ​ចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់។ ​មាត្រា​២ ​តម្កល់​សេចក្តី​សម្រេច​លេខ​០២០/១៣​គ.ជ.ប.​សសរ ​ចុះ​ថ្ងៃ​ទី​១៦ ​ខែ​សីហា​ ឆ្នាំ​២០១៣​របស់​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ទុក​ជា​បាន​ការ​ពេញ​ទាំង​មូល»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ទាស់​ការ​សម្រេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប.)​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ការ​ឡើង​វិញក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​១១៦​និង​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នេះ ​ព្រមទាំង​ផ្ទៀង​ផ្ទាត់​តួលេខ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​១១៧។​

មូលហេតុ​នៃ​សំណើ​ទាំង​នេះ​ដោយ​គណបក្ស​ជំទាស់​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ ដូច​ជា​អ្នក​បោះឆ្នោត​ចំនួន​១៧០០​នាក់​ត្រូវ​គេ​បោះឆ្នោត​ជំនួស​ ​មាន​ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​ចំនួន​៣៥​០០០​នាក់​ មាន​ការ​ខុស​តួលេខ​រវាង​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ប្រកាស​ដោយ​គ.ជ.ប.​ ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​ជាដើម។​

ប៉ុន្តែ​លោក​ឯក​ សំអុល​បាន​សម្រេច​ដូច្នេះ​ដោយ​បាន​ថ្លឹងថ្លែង​ជាមួយ​សេចក្តី​អះអាង​របស់​មន្ត្រី​គ.ជ.ប. ​ហើយ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​រក​ឃើញ​ថា​លទ្ធផល​បោះឆ្នោត​មាន​ភាព​ត្រឹម​ត្រូវ​ទាំង​អស់​ ថ្វី​បើ​មាន​ការ​ខុស​តួលេខ​មួយ​ចំនួន​ក្តី ​និង​មិន​មាន​អំពើ​ហិង្សា ​ឬ​អស្ថិរភាព​ក្នុង​ពេល​បោះឆ្នោត​ ហើយ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់ ​និង​ដោយ​សេរី។​

លោក​សួន ​ចំរើន​ តំណាង​ដើម​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចោទ​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាត់​សេចក្តី​ដោយ​លម្អៀង។​

លោក​និយាយថា៖​ «លទ្ធផល​យើង​ដឹង​មុន​ហើយ​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​សម្រេច​ទៅ​តាម​គោល​ជំហរ​នយោបាយ​ដែល​ក្រុម​ប្រឹក្សា​មួយ​នេះ​បាន​លម្អៀង​ទៅ។ ​ហើយ​ការ​សម្រេច​នេះ​ធ្វើ​ទៅ​តាម​ការ​សម្រេច​របស់​គ.ជ.ប.។​ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ជំនឿ​ទាល់​តែ​សោះ​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​អាច​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ឆន្ទៈ​ខ្មែរ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក​គល់ ​បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​មួយ​ឈ្មោះ​ថា​ខុមហ្វ្រែល ​មាន​ប្រសាសន៍​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គួរ​តែ​ស៊ើប​អង្កេត​មុន​នឹង​ធ្វើ​សេចក្តី​សម្រេច​បែប​នេះ។​

លោក​និយាយថា៖​ «អង្គ​ហេតុ​នេះ​មិន​ទាន់​គ្រប់​គ្រាន់ ​ជាពិសេស​អង្គ​ហេតុនៃ​ការ​ប្រមូល​ភស្តុតាង​នានា។ ​ភស្តុតាង​មិន​ត្រឹម​តែ​ខាង​គ.ជ.ប. ​ឬ​គណបក្ស​នយោបាយ​ទេ ​ប៉ុន្តែ​យើង​អាច​ទៅ​ប្រមូល​ភស្តុតាង​ពី​ភាគី​ទី​៣​ ឬ​អ្នក​ជួប​បញ្ហា​ផ្ទាល់​នៅ​មូល​ដ្ឋាន​ដើម្បី​ឲ្យការ​សម្រេច​មួយ​មាន​ហេតុផល​ត្រឹម​ត្រូវ​ទាំង​អង្គ​ច្បាប់​និង​អង្គ​ហេតុ»។​

លោក​ទេព ​នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG