ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​សភា​អាមេរិក​បង្ហាញ​​​លទ្ធផល​ស៊ើបអង្កេត​​​លើ​កុបកម្ម​វាយប្រហារ​​​​វិមាន​សភា​អាមេរិក​​កាល​ពី​ឆ្នាំ​២០២១​


រូបភាព​មួយ​នៃ​សារ​តាម​ Twitter របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវ​បាន​បង្ហាញ​ក្នុង​អំឡុង​សវនាការ​ផ្តល់​សក្ខីកម្ម​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​គណៈកម្មាធិការ​ពិសេស​រដ្ឋសភា​ដែល​ស៊ើប​អង្កេត​លើ​កុបកម្ម​វាយប្រហារ​លើ​វិមាន​សភា​កាល​ពី​ឆ្នាំ​២០២១។
រូបភាព​មួយ​នៃ​សារ​តាម​ Twitter របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវ​បាន​បង្ហាញ​ក្នុង​អំឡុង​សវនាការ​ផ្តល់​សក្ខីកម្ម​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​គណៈកម្មាធិការ​ពិសេស​រដ្ឋសភា​ដែល​ស៊ើប​អង្កេត​លើ​កុបកម្ម​វាយប្រហារ​លើ​វិមាន​សភា​កាល​ពី​ឆ្នាំ​២០២១។

គណៈកម្មាធិការ​សភា​អាមេរិក​ដែល​ស៊ើបអង្កេត​ករណី​វាយប្រហារ​លើ​វិមានសភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី៦ មករា​ ឆ្នាំ២០២១ បាន​បើក​ធ្វើ​សវនាការ​ផ្តល់​សក្ខីកម្ម​ជាសាធារណៈ​លើក​ដំបូង​របស់​ខ្លួននៅយប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ដោយ​សមាជិក​នៃ​គណៈកម្មាធិការ​នេះបាន​ដាក់​ការ​ស្តី​បន្ទោស​លើ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​បាន​ញុះញង់នូវ​អ្វី​ដែល​គេហៅ​ថា​ ជា​ការប៉ុនប៉ងធ្វើ​រដ្ឋប្រហារដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

សវនាការ​រយៈពេល​២​ម៉ោង​ដែល​មាន​ការផ្សាយតាម​ទូរទស្សន៍​ផង​នោះ​ជាវគ្គទី១​ក្នុង​ចំណោម​សវនាការ​ដែល​នឹង​គ្រោង​ធ្វើ​ទៅ​ចំនួន​៧ដង​នៅ​ក្នុង​ខែ​មិថុនា​នេះ បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ទូលំទូលាយ​លើ​ការ​វាយ​ប្រហារនោះ​ដោយ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី Donald Trump បន្ទាប់​ពី​លោក​បាន​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០២០​លើ​គូប្រជែងរបស់​លោក​គឺ​លោក Joe Biden។

ស្រប​ពេល​ដែល​សេចក្តី​លម្អិតដ៏​សំខាន់​មួយ​ចំនួន​នៃ​លទ្ធផល​ស៊ើប​អង្កេត​នោះ​មាន​ការ​បែក​ធ្លាយ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ សមាជិកគណៈកម្មាធិការ​ស៊ើប​អង្កេត​ពិសេស​នេះបាន​ប្រើ​វេទិកា​សវនាការ​នោះ​ ដើម្បីផ្តល់​នូវ​អ្វី​ដែល​ប្រធាន​គណៈកម្មាធិការ​នោះ​គឺលោក​សមាជិក​រដ្ឋ សភា Bennie Thompson បាន​ហៅថា «ជាការ​ទទួល​ខុសត្រូវ​ដ៏​ពិត​ប្រាកដនូវ​អ្វី​ដែល​បាន​កើតឡើង​ហើយ​អ្វី​ដែល​បាន​នាំ​ទៅ​ដល់​ការ​វាយ​ប្រហារ​នោះ»។

លោក Thompson បាន​ថ្លែងនៅ​ក្នុងសុន្ទរកថា​បើក​សវនាការ​នោះ​ថា ការ​វាយ​ប្រហារ​នោះ​«គឺ​ជា​ការ​ប៉ុនប៉ងក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​មួយ»។

លោក​បន្ត​ទៀត​ថា អំពើ​ហិង្សា​នោះជា​លទ្ធផល​នៃ​ការ​ឃុបឃិត​ដ៏​ធំ​ក្នុង​ការ​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ហើយ​លោកTrumpគឺ​ជា​មនុស្សដ៏​សំខាន់​ម្នាក់នៅក្នុង​ការ​រៀបចំ​ផែនការ​នេះ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «នៅ​ទី​បញ្ចប់​គឺ​លោក Donald Trump ដែល​ពេល​នោះ​គឺ​ជា​ប្រធានាធិបតី​អាមេរិក​បាន​លើក​ទឹកចិត្ត​ក្រុម​កុបករ​ឱ្យ​ដើរ​សំដៅ​ទៅ​កាន់​វិមានសភា​អាមេរិក​ដើម្បីធ្វើ​វិទ្ធង្សនា​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក»។


ការ​វាយប្រហារ​ថ្ងៃ​ទី៦ ខែ​មករា​បានកើត​មាន​ឡើង​បន្ទាប់​ពីលោក Trump បាន​ថ្លែង​សុន្ទរកថានៅ​មុន​នោះ​បន្តិច​នៅក្នុង​ពិធី​ជួបជុំមួយ​នៅ​ជិត​សេតវិមាន​ដែលលោក​បាន​ជំរុញ​ដល់​អ្នក​គាំទ្រ​របស់​លោក​រាប់ពាន់​នាក់​ឱ្យ​ដើរ​ទៅ​វិមាន​សភា​អាមេរិក​ដើម្បី​«ធ្វើ​ការ​ប្រយុទ្ធ​ឱ្យ​បាន​ខ្លាំងក្លា»។

នៅ​ពេល​ដែល​សមាជិក​សភា​អាមេរិក​កំពុងជួប​ប្រជុំ​គ្នា​ដើម្បី​ផ្តល់​សច្ចាប័ន​យល់​ព្រម​លើលទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែលលោក Biden បាន​ឈ្នះ​ទៅ​លើ​លោក Trump នោះ​ អ្នក​គាំទ្រ​របស់​លោក Trump ប្រមាណ​ជាង​២.០០០នាក់​បាន​សម្រុក​ចូលទៅក្នុង​អគារ​វិមាន​សភា​ ដើម្បី​បញ្ឈប់កិច្ចប្រជុំ​ដែល​ផ្តល់​សច្ចាប័ន​នោះ។

អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ដែល​កំពុង​ដឹកនាំ​កិច្ច​ប្រជុំ​ផ្តល់សច្ចាប័ន​នៅ​ក្នុង​វិមាន​សភានោះ​និង​សមាជិក​សភាដទៃ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ជម្លៀស​ទៅ​រក​កន្លែង​សុវត្ថិភាព​ហើយ​បាន​ត្រឡប់​មក​វិញនៅ​ពេល​រាត្រី​នោះ​ដើម្បី​បញ្ចប់ពិធី​ផ្តល់​សច្ចាប័ន​ទៅ​លើ​ការ​បោះឆ្នោត​នោះ។

មនុស្ស​៧​នាក់​ ដែលក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​ផង​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍វាយ​ប្រហារ​នោះ។ នេះ​បើ​យោង​ទៅ​លើរបាយការណ៍​មួយរបស់​ព្រឹទ្ធសភា​អាមេរិក។ មន្ត្រី​ប៉ូលិសជាង​១៥០​នាក់​ បាន​ទទួល​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហាររបស់​ក្រុម​កុបករ​ទៅ​លើ​វិមាន​សភា​នៅ​ពេល​នោះ។ នេះ​ជា​ការ​វាយ​ប្រហារ​មួយដែល​មិន​ធ្លាប់ដែល​កើត​មានឡើងឡើយ​ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក៕

XS
SM
MD
LG