ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​ផ្តល់​សក្ខីកម្ម​លើ​​ការ​វាយ​ប្រហារ​វិមាន​សភា​អាមេរិក​កាល​ថ្ងៃ​ ៦ មករា ​នឹង​ចាប់​ផ្តើម​​​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ


ក្រុម​ការងារ​បច្ចេកទេស​ទូរទស្សន៍​កំពុង​រៀបចំ​នៅ​សាល​ Cannon Caucus Room នៅ​​វិមាន​សភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ២០២២ សម្រាប់​ត្រៀម​ការ​ផ្សាយ​ផ្ទាល់​សវនាការ​ផ្តល់​សក្ខីកម្ម​របស់​គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
ក្រុម​ការងារ​បច្ចេកទេស​ទូរទស្សន៍​កំពុង​រៀបចំ​នៅ​សាល​ Cannon Caucus Room នៅ​​វិមាន​សភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ២០២២ សម្រាប់​ត្រៀម​ការ​ផ្សាយ​ផ្ទាល់​សវនាការ​ផ្តល់​សក្ខីកម្ម​របស់​គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

ទស្សនាវដ្តី Newsweek របស់​អាមេរិក​បានរាយការណ៍​ថា គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​ អាមេរិក​ស្តី​ពី​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​វិមាន​សភា​អាមេរិក (US Capitol) ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ​មាន​គម្រោង​នឹង​ប្រកាស​លទ្ធផល​ស៊ើបអង្កេត​របស់​ខ្លួនជា​លើក​ដំបូង​ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គណៈកម្មាធិការ​ដែល​រួម​មានសមាជិក​រដ្ឋសភា​៧រូប​មក​ពីខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​២រូប​មកពី​ខាង​គណបក្ស​សាធារណរដ្ឋ នឹងផ្តល់​សក្ខីកម្ម​ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជាមួយ​នឹង​ការ បង្ហាញ​ភ័ស្តុតាងវីដេអូ​និង​សុន្ទរកថាផ្សេងៗ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក​ឃើញ​របស់​គណៈកម្មាធិការ​ដែលបាន​បញ្ជាក់​ថា​នឹង​បង្ហាញ​ថា​មាន​កិច្ចសហការសម្របសម្រួល​គ្នា​រវាង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ក្រុម​បក្ស​ពួក​ជំនិត​របស់​លោក ​ដើម្បី​បដិសេធលទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០២០។

សវនាការ​ផ្តល់​សក្ខីកម្ម​លើក​ទី១​ក្នុង​ចំណោមការ​ផ្តល់​សក្ខីកម្មជា​ច្រើន នឹង​ត្រូវបញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ម៉ោង​ផ្សាយដ៏​សំខាន់នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ចាប់ពី​ម៉ោង​៨​យប់​ម៉ោង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ ហើយ​ការ​ផ្តល់សក្ខីកម្មលើកទី​២ នឹង​ត្រូវ​ផ្សាយនៅ​ថ្ងៃ​ចន្ទ​ ទី១៣ ខែ​មិថុនា ​វេលា​ម៉ោង​១០​ព្រឹក។

ទស្សនាវដ្តី Newsweek បាន​រាយការណ៍​បន្ថែម​ថា ដើម្បី​ឱ្យ​សវនាការ​ផ្តល់​សក្ខីកម្ម​នោះ ទទួល​បាន​លទ្ធផល​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ គណៈកម្មាធិការ​ពិសេស​ស៊ើប​អង្កេត​ជុំវិញ​រឿង​នេះ​ត្រូវ​បង្ហាញភ័ស្តុតាងឬ​សក្ខីកម្ម​ថ្មីៗ​បន្ថែម​ទៀត​ដែល​សាធារណជនមិន​បាន​ដឹង​ក្នុង​ពេល​កន្លង​ទៅ។

រូបឯកសារ៖ ក្រុម​អ្នក​ស្មោះស្ម័គ្រ​នឹង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ធ្វើ​កុបកម្មវាយលុក​ចូល​វិមាន​សភា​អាមេរិកនៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ ២០២១។
រូបឯកសារ៖ ក្រុម​អ្នក​ស្មោះស្ម័គ្រ​នឹង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ធ្វើ​កុបកម្មវាយលុក​ចូល​វិមាន​សភា​អាមេរិកនៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ ២០២១។

សមាជិកជា​ច្រើន​នាក់​នៃ​គណៈ​កម្មាធិការ​នេះ​បាន​សន្យា​ថា នឹង​មាន​ព័ត៌មាន​ថ្មីៗ​ជា​ច្រើន​បន្ថែម​ទៀត​ដែល​នឹង​ត្រូវ​បង្ហាញ​ជូននៅ​ក្នុង​សវនាការ​ផ្តល់​សក្ខីកម្ម​នោះ​ដែល​អាច​ដាក់​កំហុស​ទៅ​លើ​លោក​ត្រាំ​និងសម្ពន្ធមិត្ត​របស់​លោក។

សមាជិក​រដ្ឋសភានៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Jamie Raskin មក​ពី​រដ្ឋMaryland ដែល​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​ពិសេស​ក្នុង​ការស៊ើបអង្កេតនោះ​បានសន្យា​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ថា ការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នឹង​ធ្វើ​ឱ្យ​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ការ​ផ្តល់​សក្ខីកម្ម​លើកទី១​ត្រូវ​បាន​រាយការណ៍​ថា នឹង​ផ្តោត​ទៅ​លើ​ក្រុម Proud Boys និង​ក្រុម​ស្តាំនិយម​ជ្រុលផ្សេង​ទៀត​ដែលត្រូវ​បាន​ចោទប្រកាន់​ថា ជាអ្នកធ្វើ​ការ​លុកលុយ​និង​វាយប្រហារ​ទៅ​លើ​វិមាន​សភា​អាមេរិក​ក្នុង​គោលបំណងបង្ខំ​ឱ្យបញ្ឈប់ការ​ផ្តល់​សច្ចាប័ន​យល់ព្រមទៅ​លើលទ្ធផល​បោះឆ្នោតប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២០។

ទស្សនាវដ្តី Newsweek ក៏​បាន​ដកស្រង់​គណៈកម្មាធិការ​ពិសេស​នេះ​ដែលបាន​និយាយ​ផង​ដែរ​ថា មន្ត្រី​ប៉ូលិសប្រចាំ​វិមាន​សភា​អាមេរិក​ លោក​ស្រី Caroline Edwards ដែល​ទទួល​រងរបួស​ធ្ងន់​នៅ​ក្នុង​ព្រឹត្តិការណ៍​កុប្បកម្ម​នោះ​និង​លោក Nick Quested ដែល​ជា​ផលិតករ​ភាពយន្ត​ឯកសារ​ដែល​បាន​ថតសមាជិក​ក្រុម Proud Boys នៅ​ពេល​ដែល​ពួក​គេ​កំពុង​វាយប្រហារ​អគារ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី៦​នោះ​ នឹង​ចូលរួមនៅក្នុង​ការ​ផ្តល់​សក្ខីកម្មនេះ​ផង​ដែរ។

គណៈកម្មការ​ពិសេស​នេះ​ក៏​បាន​រាយការណ៍ដែរ​ថា ខ្លួន​ក៏​មាន​គម្រោង​ចាក់​ផ្សាយវីដេអូនៃ​ការ​ផ្តល់​សក្ខីកម្មរបស់លោកស្រី Ivanka Trump និង​ស្វាមី​របស់​លោកស្រី​គឺ​លោក Jared Kushner ក្នុង​អំឡុង​ពេល​នៃ​សវនាការ​ផ្តល់​សក្ខីកម្មរបស់​ខ្លួន​ផង​ដែរ។

លោក​ស្រី Ivanka Trump ដែល​ជា​កូន​ស្រី​ច្បង​របស់​អតីត​ប្រធានាធិបតី Donald Trumpនិង​ជា​អតីត​ទី​ប្រឹក្សា​របស់​សេតវិមានត្រូវ​បាន​គេ​និយាយ​ថា បាន​ស្ថិត​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន​ គឺ​លោកTrumpហើយ​បាន​មើលសកម្មភាព​អំពើ​ហិង្សារបស់ក្រុម​កុបករ​អស់​រយៈពេល​ប្រមាណ​៣ម៉ោង​ មុនពេល​សម្រេច​ចិត្ត​ធ្វើ​សកម្មភាពជុំវិញ​រឿង​នេះ៕

XS
SM
MD
LG