រដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃពុធដើម្បីបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតការវាយប្រហារកាលពីថ្ងៃទី៦ខែមករាលើវិមានសភាសហរដ្ឋអាមេរិកដោយពួកអ្នកគាំទ្ររាប់រយនាក់របស់លោក Donald Trump អតីតប្រធានាធិបតី។
ការវាយប្រហារនោះបានកើតមានឡើងនៅពេលសមាជិកសភាកំពុងធ្វើការបញ្ជាក់ថាលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យបានឈ្នះលោក Trump នៅក្នុងការបោះឆ្នោតខែកាលពីវិច្ឆិកាឆ្នាំទៅ។
សំឡេងបោះឆ្នោតបង្កើតគណៈកម្មាធិការផ្លូវការដែលអ្នកស្រី Nancy Pelosi ប្រធានសភាបានប្រកាសកាលពីសប្តាហ៍មុននោះសម្រេចសឹងតែទៅតាមបន្ទាត់នយោបាយរបស់គណបក្សដែលមានសំឡេង២២០ទល់នឹង១៩០ដោយសមាជិកគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាបានបោះឆ្នោតគាំទ្រហើយភាគច្រើននៃសមាជិកគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំង។
អ្នកស្រី Liz Cheney និងលោក Adam Kinzinger សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋដែលអ្នកទាំង២ជាអ្នករិះគន់លោក Trump បានបោះឆ្នោតស្របជាមួយគណបក្សប្រជាធិបតេយ្យដើម្បីបង្កើតគណៈកម្មាធិការនេះ។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋសភាដែលបង្កើតគណៈកម្មាធិការនេះ គណៈកម្មាធិការនេះនឹងរួមមានសមាជិក១៣រូបដែល៨រូបតែងតាំងដោយអ្នកស្រី Pelosi ហើយ៥រូបតែងតាំងដោយលោក Kevin McCarthy ដែលជាមេដឹកនាំសំឡេងភាគតិចរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋសភា«នៅក្នុងការពិគ្រោះយោបល់»ជាមួយអ្នកស្រី Pelosi គឺមានន័យថាអ្នកស្រីអាចបោះឆ្នោតវ៉េតូការជ្រើសរើសរបស់លោក។អ្នកជំនួយការម្នាក់របស់អ្នកស្រី Pelosi បាននិយាយថាអ្នកស្រីកំពុងពិចារណាតែងតាំងអ្នកសាធារណរដ្ឋម្នាក់ក្នុងចំណោមសមាជិក៨នាក់ដែលអ្នកស្រីជ្រើសរើសនេះ។
ក៏ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយថាតើលោក McCarthy មានគម្រោងតែងតាំងសមាជិកខាងគណបក្សសាធារណរដ្ឋដែរឬទេ។ លោកបានបដិសេធពុំព្រមឆ្លើយសំណួរនេះកាលពីថ្ងៃអង្គារដោយបានប្រាប់ក្រុមអ្នកយកព័ត៌មានថា«ប្រធានរដ្ឋសភាមិនដែលបាននិយាយជាមួយលោកអំពីរឿងនេះទេ»។
មេដឹកនាំសភាតំណាងរាស្ត្រដ៏សំខាន់ម្នាក់របស់គណបក្សសាធារណរដ្ឋគឺលោកតំណាងរាស្ត្រ Steve Scalise នៃរដ្ឋ Louisiana កាលពីថ្ងៃអង្គារបាននិយាយថាក្រុមគណបក្សសាធារណរដ្ឋបានប្រឆាំងការបង្កើតគណៈកម្មាធិការនេះហើយក្រុមគណបក្សសាធារណរដ្ឋខ្លះដែលគាំទ្រការបង្កើតគណៈកម្មាធិការចម្រុះគណបក្សទាំង២នេះនិយាយថាពួកគេនឹងបោះឆ្នោតប្រឆាំងគណៈកម្មាធិការនេះ៕