មន្ត្រីអនុវត្តច្បាប់ដែលការពារវិមានសភាអាមេរិក នឹងចូលខ្លួនបំភ្លឺដំបូងគេក្នុងការចាប់ផ្តើមសវនាការរបស់គណៈកម្មាធិការជ្រើសរើសដោយរដ្ឋសភាដើម្បីស្រាវជ្រាវការវាយប្រហារទៅលើសភាកាលពីថ្ងៃទី៦ ខែមករា កន្លងទៅ។
ការបង្កើតគណៈកម្មាធិការនេះ និងសមាសភាពរបស់គណៈកម្មាធិការនេះ បានធ្វើឲ្យមានការបែកបាក់នយោបាយកាន់តែធំរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។
សមាជិកគណបក្សប្រជាធិបតេយ្យពីដំបូងឡើយ បានស្នើឲ្យមានគណៈកម្មការឯករាជ្យមួយ ដោយផ្អែកទៅលើជោគជ័យដែលគណៈកម្មការធ្លាប់ទទួលបានក្នុងការស៊ើបអង្កេតការវាយប្រហារភេរវកម្ម នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋក្នុងរដ្ឋសភា បានឯកភាពគ្នាទៅលើផែនការសម្រាប់គណៈកម្មការឯករាជ្យមួយ។ មានការយល់ស្របគ្នាទៅលើសំណើជាច្រើនរបស់គណបក្សសាធារណរដ្ឋ។
គណៈកម្មការនេះ នឹងមានសមាជិកស្មើគ្នាមកពីគណបក្សទាំងពីរ ដោយកំណត់បញ្ចប់របាយការណ៍ត្រឹមដំណាច់ឆ្នាំនេះ។
កាលពីពាក់កណ្តាលខែឧសភា គណៈកម្មការនេះ បានទទួលការគាំទ្រក្នុងរដ្ឋសភា ដោយសំឡេង២៣៥ ទល់នឹង១៧៥ ដោយក្នុងនោះសមាជិកសភាខាងគណបក្សសាធារណរដ្ឋចំនួន៣៥នាក់ បានបោះឆ្នោតគាំទ្របង្កើតគណៈកម្មការនេះឡើង។
ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi បានតែងតាំងសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋទី២ គឺលោក Adam Kinzinger ទៅក្នុងគណៈកម្មការនោះកាលពីថ្ងៃចន្ទ។ លោក Kinzinger និងលោកស្រី Liz Cheney ជាសមាជិកគណបក្សសាធារណរដ្ឋ ដែលបានបោះឆ្នោតជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការបង្កើតគណៈកម្មាធិការស៊ើបអង្កេតការវាយប្រហារសភាអាមេរិកនោះ៕