ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការថ្កោលទោសសកម្មភាពអ៊ីស្រាអែលនៅហ្កាហ្សាកើនឡើងក្រោយពីមនុស្សរាប់សិបនាក់ស្លាប់ពេលរង់ចាំទទួលជំនួយ


ពលរដ្ឋប៉ាឡេស្ទីនម្នាក់​សម្រាក​ព្យាបាល​របួស​នៅមន្ទីរពេទ្យ Al-Shifa ក្នុង​តំបន់ហ្កាហ្សា ក្រោយពី​បាន​រងរបួស​នៅក្នុង​ករណីទាហាន​អ៊ីស្រាអែល​បាញ់​លើ​មនុស្ស​ដែល​ទៅ​ទទួល​ជំនួយ​ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ពលរដ្ឋប៉ាឡេស្ទីនម្នាក់​សម្រាក​ព្យាបាល​របួស​នៅមន្ទីរពេទ្យ Al-Shifa ក្នុង​តំបន់ហ្កាហ្សា ក្រោយពី​បាន​រងរបួស​នៅក្នុង​ករណីទាហាន​អ៊ីស្រាអែល​បាញ់​លើ​មនុស្ស​ដែល​ទៅ​ទទួល​ជំនួយ​ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រទេស​តួកគី​បានចូលរួម​ជាមួយប្រទេសអារ៉ាប៊ី​សាអ៊ូឌីត ​អេហ្ស៊ីប​និង​ហ្ស៊កដានី ​ក្នុង​ការថ្កោលទោស​កងកម្លាំង​អ៊ីស្រាអែលដែលបានបាញ់​លើជនជាតិ​ប៉ាឡេស្ទីន​រង់ចាំ​ការ​ប្រគល់ជំនួយ។ ​ក្រសួង​ការបរទេស​តួកគីហៅ​ហេតុការណ៍នេះ​ថា​ជា «ឧក្រិដ្ឋកម្ម​មួយ​ទៀតប្រឆាំង​នឹងមនុស្សជាតិ»។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP​ នៅ​ថ្ងៃសុក្រ​នេះ។ ​

អ៊ីស្រាអែល​បាន​និយាយថា មនុស្ស​ច្រើននាក់បានស្លាប់​ដោយ​ត្រូវ​ជាន់គ្នា​នៅ​ក្នុង​ចលាចលដើម្បីទទួល​ជំនួយ​ស្បៀងអាហារ​ ហើយ​ថា​ ទាហាន​ខ្លួនបានបាញ់តែ​នៅពេល​ពួក​គេ​យល់​ថា​ស្ថិត​ក្នុង​គ្រោះថ្នាក់​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​នៅ​ហ្កាហ្សានិយាយ​ថា មនុស្សជាង​ ១០០ ​នាក់ត្រូវ​បាន​សម្លាប់​ហើយ​ថាមនុស្ស​យ៉ាងតិច​ណាស់​ ៧០០ ​នាក់​ទៀត​បាន​ត្រូវ​របួស។

មន្ត្រី​មន្ទីរពេទ្យ​ហ្កាហ្សា​ដំបូង​បាន​រាយការណ៍​ពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ហ្វូង​មនុស្ស​នៅ​ឯ​រង្វង់មូល​ al-Nabusi ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ហ្កា​ហ្សា។ សាក្សី​ក្រោយមក​បាន​និយាយ​ថា ​ទាហាន​អ៊ីស្រាអែល​បាន​បើក​ការបាញ់​ប្រហារ​ នៅពេល​ដែល​មនុស្ស​ទាញម្សៅ ​និង​ទំនិញ​កំប៉ុង​ចេញ​ពី​រថយន្ត​ជំនួយ។

មាន​ជំនួយ​តិចតួច​ប៉ុណ្ណោះ​បាន​ទៅ​ដល់​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ហើយ​ភាពអត់ឃ្លាន​កំពុង​កើនឡើង។ អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា​ ទុរ្ភិក្ស​ជិត​មកដល់​ហើយ។

ដំបូងឡើយ​ មន្ត្រី​អ៊ីស្រាអែល​បាន​ទទួលស្គាល់​ថា ​ទាហាន​បាន​បើក​ការបាញ់ប្រហារ​ ដោយ​និយាយ​ថា ​ពួកគេ​បាន​ធ្វើ​ដូច្នេះ ​ដោយសារ​ពួកគេ​គិត​ថា​ ប្រជាជន​ដែល​ប្រញាប់​ប្រញាល់​ទៅរក​រថយន្ត​ជំនួយ​ «បង្ក​ការគំរាម​កំហែង» ។

ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​វីដេអូ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃព្រហស្បតិ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X ​អ្នកនាំពាក្យ​របស់​កងកម្លាំង​ការពារ​អ៊ីស្រាអែល​បាន​និយាយ​ថា ​កងទ័ព​បាន​ត្រឹមតែ​«បាញ់​ព្រមាន​ពីរបី​គ្រាប់​ប៉ុណ្ណោះ» ​ដើម្បី​បំបែក​ហ្វូង​ប្រជាជន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG