ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងឈប់បាញ់ថ្មីមួយក្នុងតំបន់ហ្កាហ្សានៅសប្តាហ៍ក្រោយ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រៀមធ្វើដំណើរចាកចេញពីទីក្រុងញូវយ៉កទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រៀមធ្វើដំណើរចាកចេញពីទីក្រុងញូវយ៉កទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទថា​ លោក​សង្ឃឹម​ថា​នឹង​មានបទឈប់បាញ់ថ្មី​មួយ​ក្នុង​តំបន់​ហ្កាហ្សាកើតឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ​ ខណៈដែល​ប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ កំពុង​ចរចាដើម្បី​ផ្អាក​ការ​ប្រយុទ្ធគ្នាចាប់​តាំង​ពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ។​

ក្រុម​អ្នក​ចរចាបាន​ប្រឹងប្រែងដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ផ្អាក​ការ​ប្រយុទ្ធ​គ្នារយៈពេល ៦ ​សប្តាហ៍។ កិច្ចព្រមព្រៀងថ្មី​នេះរួម​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង ដែល​កំពុង​ជាប់ឃុំ​ដោយ​ក្រុមហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា​ ក៏​ដូចជា​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ ដែល​កំពុង​ជាប់​ឃុំ​ដោយ​អ៊ីស្រាអែល​ផង​ដែរ។

ការ​អនុញ្ញាត​ឱ្យ​រថយន្តដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ជា​ច្រើន​រយគ្រឿង​ចូលទៅក្នុង​តំបន់​ហ្កាហ្សា​ ​ក៏​ជា​ផ្នែក​មួយនៃ​កិច្ចព្រមព្រៀង​នេះ​ដែរ។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ​Benjamin Netanyahu បាន​និយាយ​ថា​ បទ​ឈប់បាញ់​បណ្តោះ​អាសន្នមួយ​ នឹង​មិន​ផ្លាស់ប្តូរផែន​ការ​របស់​អ៊ីស្រាអែល​ក្នុង​ការវាយប្រហារតាម​ផ្លូវ​គោក​ទៅ​លើទីក្រុង​ Rafah​ ដែល​ស្ថិត​នៅ​ភាគខាងត្បូង​តំបន់​ហ្កាហ្សា ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ ក្នុង​ការ​លុបបំបាត់​ក្រុមហាម៉ាស់​នោះ​ឡើយ។ ​

ការ​រំពឹង​ទុកលើប្រតិបត្តិការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើទីក្រុង​ Rafah បង្កើត​ឱ្យ​មាន​ក្តី​បារម្ភ​ជា​អន្តរជាតិ ដោយ​សារ​តែមាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់​កំពុង​រស់នៅ​ទី​នោះ ដែល​ភាគ​ច្រើនជា​អ្នក​រត់គេចខ្លួនដើម្បីសុវត្ថិភាព​មក​ពីកន្លែងផ្សេងៗ​ក្នុង​តំបន់​ហ្កាហ្សា។

យោធា​អ៊ីស្រាអែល​បានរាយការណ៍នៅ​ថ្ងៃ​អង្គារ​នេះ ពីការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​ថ្ងៃ​ទី​ពីរជាប់ៗ​គ្នា​លើ​ប្រទេស​លីបង់​ ដោយ​សំដៅលើ​ក្រុម​សកម្ម​ប្រយុទ្ធ Hezbollah ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហាម៉ាស់។ ​

ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែលលើ​ប្រទេស​លីបង់នៅ​ថ្ងៃ​អង្គារ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ជាការ​ឆ្លើយតបទៅ​នឹង​ការ​វាយប្រហារគ្រាប់រ៉ុក្កែត​របស់​ក្រុម​សកម្មប្រយុទ្ធ​ Hezbollah លើ​ទីតាំង​យោធា​មួយ​កន្លែង​នៅ​ភាគខាង​ជើង​ប្រទេស​អ៊ីស្រាអែល​ ដែល​កងទ័ព​អ៊ីស្រាអែល​ថា​ ​មិន​មាន​ការ​ខូច​ខាតអ្វី​នោះ​ឡើយ។

ក្រុម ​Hezbollah​ បាន​បាញ់​ទម្លាក់​ដ្រូនអ៊ីស្រាអែល​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​នាំ​ឱ្យ​មាន​ការ​វាយប្រហារតាម​អាកាស​តបវិញដោយ​អ៊ីស្រាអែលនៅ​ជិត​ទីក្រុង Baalbek របស់​លីបង់​ ដែល​ក្រុម ​Hezbollah​ ថា​មាន​អ្នក​ស្លាប់​ចំនួន​ ២ នាក់៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG