ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនៅ​ហ្កាហ្សា​កើន​ជាង ៣ ម៉ឺននាក់


ពលរដ្ឋប៉ាឡេស្ទីនពិនិត្យមើលសាកសពសាច់ញាតិនិងជនរងគ្រោះ​ដែលបាន​ស្លាប់​ដោយសារការ​វាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល នៅមន្ទីរពេទ្យ Al Aqsa ក្នុងក្រុង Deir al Balah កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ពលរដ្ឋប៉ាឡេស្ទីនពិនិត្យមើលសាកសពសាច់ញាតិនិងជនរងគ្រោះ​ដែលបាន​ស្លាប់​ដោយសារការ​វាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល នៅមន្ទីរពេទ្យ Al Aqsa ក្នុងក្រុង Deir al Balah កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជនជាតិ​ប៉ាឡេស្ទីន​ជាង ៣០.០០០ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) តាំងពី​ពេល​ចាប់ផ្ដើម​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) ជិត ៥ ខែ​កន្លង​មក ខណៈ​ដែល​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​ហ្វូង​មនុស្ស​ដែល​រង់ចាំ​ជំនួយ​នៅ​ក្នុង​ទីក្រុង​ហ្កាហ្សា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ស្លាប់​និង​រង​របួស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​តំបន់​ហ្កាហ្សា។

មនុស្ស​យ៉ាង​តិច ៧០ នាក់​ត្រូវបាន​សម្លាប់ និង ២៨០ នាក់​បាន​រង​របួស នៅ​ពេល​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​ជាច្រើន​តម្រង់ជួរ​ដើម្បី​ទទួល​ជំនួយ​មនុស្សធម៌។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​លោក Ashraf al-Qidra។

សង្គ្រាម​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន​ប្រហែល ៨០% ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន ២,៣​ លាន​នាក់​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង ហើយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ប្រជាជន​ប្រហែល​មួយ​ភាគ​បួន​កំពុង​អត់ឃ្លាន។

បន្ទាប់ពី​ការ​វាយ​ប្រហារ​នេះ ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​បាន​បញ្ជាក់​ថា ចំនួន​ប្រជាជន​ប៉ាឡេស្ទីន​ដែល​បាន​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​កើន​ដល់ ៣០.០៣៥ នាក់ និង​អ្នក​រង​របួស​មាន​ចំនួន ៧០.៤៥៧ នាក់។ ក្រសួង​នេះ​មិន​បាន​បញ្ជាក់​នៅ​ក្នុង​តួលេខ​របស់​ខ្លួន​នេះ​ថា​យុទ្ធជន​មាន​ប៉ុន្មាន​នាក់​និង​អ្នក​ដែល​មិន​មែន​ជា​យុទ្ធជន​មាន​ប៉ុន្មាន​នាក់​នោះទេ។ អ៊ីស្រាអែល​បាន​បញ្ជាក់​ដោយ​មិន​ផ្ដល់​ភ័ស្តុតាង​ថា ខ្លួន​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ ១០.០០០ នាក់។

សង្គ្រាម​នេះ​បាន​បង្ក​ឱ្យ​មាន​មហន្តរាយ​មនុស្សធម៌​នៅ​ក្នុង​តំបន់​ហ្កាហ្សា និង​បណ្ដាល​ឱ្យ​មាន​ក្ដី​បារម្ភ​ជា​សាកល​ទាក់ទិន​នឹង​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​បំផុត​នៃ​តំបន់​ហ្កាហ្សា​តាម​បណ្ដោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​អេហ្ស៊ីប។ នៅ​ក្នុង​ទីក្រុង​នោះ ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ១,៤​លាន ​នាក់​បាន​ជ្រកកោន​ដើម្បី​សុវត្ថិភាព​ពី​ការ​បាញ់ផ្លោង​របស់​អ៊ីស្រាអែល​ជា​រៀងរាល់​ថ្ងៃ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG