ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ជំរុញ​ទៅមុខ​នូវ​ផែនការ​វាយប្រហារ​លើ​ទីក្រុង Rafah នៅ​ហ្កាហ្សា


ផ្សែងខ្មៅហុយឡើងពីកណ្តាលក្រុង khan Younis នៃតំបន់ហ្កាហ្សា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈការប្រយុទ្ធគ្នារវាងទាហានអ៊ីស្រាអែល​និង​ក្រុមហាម៉ាស់នៅតែបន្ត។
ផ្សែងខ្មៅហុយឡើងពីកណ្តាលក្រុង khan Younis នៃតំបន់ហ្កាហ្សា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈការប្រយុទ្ធគ្នារវាងទាហានអ៊ីស្រាអែល​និង​ក្រុមហាម៉ាស់នៅតែបន្ត។

ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យោធា​អ៊ីស្រាអែល «បាន​បង្ហាញ​ជូន​គណៈរដ្ឋមន្ត្រី [អ៊ីស្រាអែល] ទទួល​បន្ទុក​កិច្ចការ​សង្គ្រាម​អំពី​ផែនការ​មួយ​ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា (Gaza) និង​អំពី​ផែនការ​ប្រតិបត្តិការ​បន្ទាប់»។

ការ​លើកឡើង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Netanyahu បាន​ប្ដេជ្ញា​ជំរុញ​ទៅមុខ​នូវ​ផែនការ​នៃ​ការ​វាយលុក​តាម​ផ្លូវគោក​នៅ​ក្នុង​ទីក្រុង Rafah នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ដែល​នៅ​ទីនោះ​ប្រជាជន​តំបន់​ហ្កាហ្សា​ជាង​ពាក់​កណ្ដាល​កំពុង​ជ្រកពួន​គេច​ពី​សង្គ្រាម។

ការ​លើកឡើង​នេះ​មិន​បាន​ផ្ដល់​នូវ​សេចក្ដី​លម្អិត​ណា​មួយ​អំពី​ថា​តើ​ប្រជាជន​ប៉ាឡេស្ទីន​នឹង​អាច​ទៅ​ទីណា​បាន​នោះទេ។

ទីក្រុង Rafah ស្ថិត​នៅ​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា​និង​ប្រទេស​អេហ្ស៊ីប។ ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់​ហ្កាហ្សា​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​រយៈពេល ៤ ខែ​កន្លង​មក ហើយ​ប្រទេស​អេហ្ស៊ីប​បាន​បញ្ជាក់​ថា​នឹង​មិន​បើក​ព្រំដែន​របស់​ខ្លួន​នោះទេ។

អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ផែនការ​ណា​មួយ​ដែល​ចង់​ជម្លៀស​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​អំពី​ផែនការ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ការ​វាយ​ប្រហារ​លើ​តំបន់​ដែល​មាន​ប្រជាជន​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​រស់នៅ​ជាច្រើន។

លោក Netanhayu បាន​បញ្ជាក់​ក្នុង​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS News ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា នៅ​ពេល​ណា​ដែល​កងទ័ព​អ៊ីស្រាអែល​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង Rafah អ៊ីស្រាអែល​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា​នេះ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក​គឺជា​សម្ព័ន្ធមិត្ត​ចម្បង​របស់​អ៊ីស្រាអែល​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ (Hamas) នេះ ប៉ុន្តែ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​បញ្ជាក់​ក្នុង​កម្មវិធី «Meet the Press» របស់​ទូរទស្សន៍ NBC ថា លោក Netanyahu មិន​បាន​ជូន​ដំណឹង​ដល់​សហរដ្ឋ​អាមេរិក​អំពី​ផែនការ​របស់​ខ្លួន​សម្រាប់​ការ​វាយប្រហារ​លើ​ទីក្រុង Rafah និង​ការ​ជម្លៀស​ប្រជាជន​ប៉ាឡេស្ទីន​នោះទេ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG