គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ណែនាំសមត្ថកិច្ចពាក់ព័ន្ធ ឱ្យត្រួតពិនិត្យ តាមដាន និងចាត់វិធានការផ្លូវច្បាប់ ចំពោះការលួចលាក់ធ្វើអាជីវកម្ម និងបើកបនល្បែងស៊ីសងខុសច្បាប់ ដូចជា ឆ្នោត កន្ទុយលេខ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ នេះបើតាមសេចក្តីណែនាំមួយចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
នេះជាប្រតិកម្មថ្មីមួយទៀត ទៅនឹងការបង្រ្កាបប្រតិបត្តិការល្បែងស៊ីសងដែលគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននីមួយៗនៅទូទាំងប្រទេស និងត្រូវចាត់វិធានបន្ទាន់ដូចជា បិទទ្វារ ឬដកអាជ្ញាបណ្ណអាជីវកម្មល្បែងស៊ីសង ក្នុងករណីមានការបង្កើតអាជីវកម្មថ្មីៗបន្ថែមទៀត។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធ្វើការកត់ចំណាំនៅក្នុងសេចក្តីណែនាំរបស់ខ្លួនថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំងដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងសំណាងពី គ.ល.ក និងការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់រួមមាន ឆ្នោត កន្ទុយលេខ ខេណូ (KENO) និងល្បែងស៊ីសងខុសច្បាប់ដទៃទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ប្រាប់វីអូអេថា សេចក្តីណែនាំរបស់ គ.ល.ក ជាសារជូនដំណឹង ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ ដូចជាប្រតិបត្តិករ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីឱ្យមានប្រសិទ្ធភាព លើការគ្រប់គ្រងល្បែងផ្សងសំណាងនៅទូទាំងប្រទេស ហើយកុំឱ្យមានការរីកសាយភាយបន្ថែមទៀត។
លោកថ្លែងថា៖ «ពាក្យថាផ្សងសំណាងផ្អែកលើសំណាង មិនមែនមានន័យថាភ្នាល់គ្នា យកឈ្នះយកចាញ់ទេ។ ហើយសំណាងមានន័យថា យ៉ាងហោចណាស់មួយអាទិត្យ ចាំមើលសំណាងអីអ៊ីចឹងទៅ។ ប៉ុនយើងមើលឆ្នោតជាតិ វាយូរ ពេលខ្លះមួយឆ្នាំ ទើបមានសំណាងម្តងអីអ៊ីចឹង អាហ្នឹងគេហៅថាសំណាង។ ប៉ុន្តែបើគាត់ទៅផ្នាល់រាល់វិនាទី អាហ្នឹងហៅថាល្បែងភ្នាល់ហើយ ហើយបើទៅជាល្បែងភ្នាល់មានន័យថា ខុសច្បាប់ហើយ។ អ៊ីចឹង ខេណូ ចេញរាល់វិនាទី រាល់នាទី អាហ្នឹងខុសច្បាប់ហើយ»។
បើតាមលោក រស់ ភីរុណ រហូតមកដល់ពេលបច្ចុប្បន្ន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន ២១ ឱ្យបើកដំណើរការ ដោយក្រុមហ៊ុនទាំងនោះ បានពង្រីកសាខាទៅតាមបណ្តារាជធានី-ខេត្តចំនួនសរុប ៤៥ ទីតាំង និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង ដែលជាទីតាំងលក់ល្បែងផ្សងសំណាងដូចជា ឆ្នោតសន្លឹក ឆ្នោតកោស និងឡូតូ ដែលទទួលបានអាជ្ញាបណ្ណពី គ.ល.ក មានចំនួន ៩០ ទីតាំង ដូច្នេះទីតាំងល្បែងផ្សងសំណាងទាំងអស់នៅទូទាំងប្រទេស មានចំនួនសរុប ១៥៦ ទីតាំងប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកថា អាជ្ញាធរមានសមត្ថកិច្ចក៏មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅជិតសាលារៀនផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំឱ្យប្រតិបត្តិករ អនុវត្តឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុកស្តីពីលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ពោលគឺត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវនៅគ្រប់ទីតាំងអាជីវកម្ម បន្ទាប់ពីទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន និងត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាពី គ.ល.ក។ នេះបើតាមសេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក)។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ក្នុងសេចក្តីណែនាំនោះថា៖ «ក្នុងករណីប្រតិបត្តិករ ដែលកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង មិនអនុវត្តតាមការណែនាំខាងលើនេះ ឬលួចលាក់បង្កប់ការលេងល្បែង ដែលមិនមានការអនុញ្ញាតពី គ.ល.ក ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវប្រឈមនឹងការពិន័យអន្តរកាណ៍»។
ប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏ព្រមានដកហូតអាជ្ញាបណ្ណ ឬព្យួរអាជ្ញាបណ្ណ និងផ្តន្ទាទោសតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងផងដែរ ប្រសិនបើមានករណីបំពាន។
កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ បានរិះគន់យ៉ាងខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញមួយឈ្មោះថា DIG88 តាមរយៈតារាកំប្លែងល្បីឈ្មោះម្នាក់ ឈ្មោះនាយ គ្រឿន ដែលបានចូលរួមផ្សព្វផ្សាយក្នុងវីដេអូបទចម្រៀងមួយរួចបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយមានប្រតិកម្មពីមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនាយគ្រឿន ក៏បានប្រកាសជាសាធារណៈថា លោកឈប់ផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនល្បែងនោះ និងក្រុមហ៊ុនស្រាបៀផ្សេងទៀត។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ បានឱ្យដឹងដែរថា គ.ល.ក មិនដែលផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្មល្បែងអនឡាញ និងការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញនោះទេ ហើយសកម្មភាពទាំងនោះ គឺខុសច្បាប់។
លោកបន្តថា ទាក់ទងនឹងបញ្ហាទាំងអស់នេះ ក្រុមការងាររបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋ និងអ្នកដែលមានឥទ្ធិពលតាមបណ្តាញសង្គម (influencers) ឱ្យយល់ដឹងបន្ថែមទៀត។
លោកបន្ថែមថា៖ «ការផ្សាយល្បែងខុសច្បាប់ គឺគាត់ចូលរួមធ្វើទង្វើខុសច្បាប់។ អ៊ីចឹងមានតែការផ្សព្វផ្សាយឱ្យគាត់យល់បន្ថែមទៀត ព្រោះកន្លងមកគាត់អត់បានយល់ច្បាស់ គាត់គិតថាអាហ្នឹងស្របច្បាប់ អីអ៊ីចឹង គឺវាជាការគិតខុស»។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវថ្លែងថា ដើម្បីគ្រប់គ្រងប្រតិបត្តិការល្បែងស៊ីសងក្នុងប្រទេសឱ្យមានប្រសិទ្ធិភាព រដ្ឋាភិបាល គួរតែបញ្ចប់ការផ្តល់អាជ្ញាបណ្ណ ហើយអាជ្ញាធរ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះទីតាំងល្បែងផ្សងសំណាងជាសាធារណៈ និងដើម្បីឱ្យពលរដ្ឋអាចរាយការណ៍ ពេលឃើញមានការបើកអាជីវកម្មល្បែងខុសច្បាប់។
លោកប្រាប់វីអូអេថា៖ «ដូច្នេះបញ្ហាទាំងអស់នេះ គឺជាកាតព្វកិច្ចមួយដែលខ្ញុំគិតថា រាជរដ្ឋាភិបាល និងអាជ្ញាធរគួរតែធ្វើការត្រិះរិះពិចារណាឡើងវិញ ហើយគួរតែបិទបញ្ចប់ការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនទាំងឡាយណា ដែលមានបំណងរកស៊ី ទាក់ទងជាមួយនឹងល្បែងស៊ីសងអនឡាញ ឬល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា»។
លោកបន្ថែមថា៖ «បើសិនជាគ្មានជម្រើសថារដ្ឋាភិបាលដាច់ខាតត្រូវតែផ្តល់អាជ្ញាបណ្ណទៅឱ្យក្រុមហ៊ុនឯកជន អ៊ីចឹងយើងត្រូវតែបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលដែលរកស៊ីហ្នឹងឱ្យបានច្បាស់លាស់ មានប្រវត្តិរូប មានឈ្មោះក្រុមហ៊ុន មានទីតាំងនៅកន្លែងណាខ្លះ ហើយត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅក្នុងបណ្តាញសង្គម បណ្តាញសារព័ត៌មាន គ្រប់ទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងថាល្បែងណាខ្លះ? ក្រុមហ៊ុនណាខ្លះ? ឬក៏បុគ្គលណាខ្លះ រកស៊ីល្បែងស៊ីសងស្របច្បាប់?»។
បើតាមលោក សេក សុជាតិ ក្នុងករណីរកឃើញថា មន្ត្រីមូលដ្ឋាន ឬមន្ត្រីមានអំណាចរូបណាដែលធ្វើជាខ្នងបង្អែក កាងនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ទាំងនោះ ពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែង។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅពេលកាន់តំណែង បានព្រមានដកមន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធ ចេញពីមុខតំណែងភ្លាមៗ ប្រសិនបើនៅតែអសកម្ម ឬមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដូចជាជល់មាន់ កន្ទុយលេខ ឬហៅថាឆ្នោតវៀតណាម ក្នុងមូលដ្ឋាននីមួយៗនោះ។
នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យអស់ទីតាំងបញ្ចាំ និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ៕
វេទិកាបញ្ចេញមតិ