ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ក្រសួង​សេដ្ឋកិច្ច៖ រដ្ឋាភិបាល​មិន​បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​លែ្បង​ស៊ីសង​អនឡាញ​ឡើយ


បុរសម្នាក់កំពុងចូលមើលវេបសាយហ្គេមអនឡាញ DIG88 ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
បុរសម្នាក់កំពុងចូលមើលវេបសាយហ្គេមអនឡាញ DIG88 ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អនឡាញ​មួយ​ឈ្មោះ​ថា​DIG88 រហូត​ដល់​មាន​ការ​រិះគន់​យ៉ាង​សន្ធឹក​សន្ធាប់​ទៅ​លើ​តារា​កំប្លែង​ល្បី​ឈ្មោះ​ម្នាក់ ឈ្មោះ​នាយ ​គ្រឿន ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ក្នុង​វីដេអូ​បទ​ចម្រៀង​មួយ។ ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក នាយ​គ្រឿន កាល​ពី​ថ្ងៃ​ចន្ទ បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ល្បែង និង​ស្រា​ទៀត​ហើយ​ ចាប់​ពី​ពេល​នេះ។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បានផ្តល់​អាជ្ញា​បណ្ណ​ដល់ក្រុមហ៊ុន​លែ្បង​ស៊ី​សង​អនឡាញ​ឱ្យ​ប្រកប​អាជីវកម្ម ឬ​រកស៊ី​នៅ​កម្ពុជា​នោះ​ទេ ចាប់​តាំង​ពីពាក់​កណ្តាល​ឆ្នាំ​ ២០១៩​មក គឺ​នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែង​អន​ឡាញ ដែល​គេ​តែង​ហៅ​ថា​អនឡាញ​ហ្គេម។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក ​មាស សុខសេន​សាន ថ្លែង​ថា ​រដ្ឋាភិបាល​បាន​បញ្ចប់​ល្បែង​អនឡាញ តាំង​ពី​ខែ​សីហា ​ឆ្នាំ​ ២០១៩ ​មក​ម្ល៉េះ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏មិន​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង​តាម​បណ្តាញ​សង្គម​ឡើយ។

លោក​បញ្ជាក់​ជា​អក្សរ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ថា៖ ​«ពាក់ព័ន្ធ​នឹង​ល្បែង​អនឡាញ​ រាជរដ្ឋា​ភិបាល​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​គោល​ការណ៍​អនុញ្ញាត​ល្បែង​អនឡាញ​តាំង​ពី​ថ្ងៃ​ទី​ ១៨​ ខែ​សីហា ​ឆ្នាំ ២០១៩ រហូត​មក​ដល់​ពេល​នេះពុំ​មាន​ការ​អនុញ្ញាត​លើ​ការ​ផ្តល់​អាជ្ញា​បណ្ណ​លែ្បង​អនឡាញ​នោះ​ទេ»​។

ល្បែង​អនឡាញ​របស់​ DIG88.COM ដែល​មាន​ល្បែង​ស៊ីសង​ ដូចជា​កាស៊ីណូ មាន់​ជល់ ​បាញ់​ត្រី ​និង​ល្បែង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​តេឡេក្រាម YouTube និង​គេហ​ទំព័រ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋចុះ​ឈ្មោះលេង​ល្បែង​អន​ឡាញ​ទាំង​នោះ។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច លោក ​មាស សុខសេនសាន បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ក្រុមហ៊ុន​ខាង​លើ​នេះ [DIG88.COM]​ ពុំមាន​អាជ្ញា​បណ្ណទេ»។

អ្នក​នាំ​ពាក្យរូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ចំណាត់​ការ ឬ​វិធានការ​បែប​ណា​ទៅ​លើ​ក្រុមហ៊ុន​ល្បែង​អនឡាញ​នេះ​ឡើយ ក្រោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្សព្វផ្សាយ​ល្បែង​ជា​សាធារណៈ ខណៈ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​អាជ្ញាបណ្ណ​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​មួយ​នេះ​ឡើយ។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​រូប​នោះ​ថា​ក្រសួង​សេដ្ឋកិច្ច«នឹង​បន្ត​លុប​បំបាត់»។

អ្នក​នាំពាក្យរូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ​អនុលោម​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្ម វិស័យ​ល្បែង​ពាណិជ្ជកម្ម មិនស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះ​ទេ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជាដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ប្រធាន។

លោក មាស សុខសេនសាន បញ្ជាក់​ថា ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចេញ​សេចក្តីជូន​ដំណឹង​និង​សេចក្តី​ណែនាំ ​ព្រម​ទាំងកំពុង​រៀបចំ​កម្មវិធី​អប់រំណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​លេង​ល្បែង​ដែល​រួម​មាន​ការ​ផ្ញើ​សារ​អប់រំ​តាម​ប្រព័ន្ធ​ទូរស័ព្ទចល័ត ​(TRC) និង​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ការ​ផលិត​វីដេអូ​អប់រំ និង​ការ​ចង​បដា​អប់រំ​នៅ​តាម​ទី​សាធារណៈ​ជា​ដើម។

វីអូអេ​មិន​ទាន់​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី​លោក ​រស់ ភីរុណ អគ្គលេខាធិការ​នៃ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ និង​លោក ​ខៀវ សុភ័គ ​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​បាន​ដែរ។

វីអូអេក៏​មិន​ទាន់​អាច​សុំការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ល្បែង​អនឡាញ ​DIG88.COM​ តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​បាន​ដែរ។

អ្នក​តាម​ដាន​មួយ​ចំនួន​បង្ហាញ​ការ​ងឿង​ឆ្ងល់ថា​ ហេតុអ្វី​បាន​ក្រុមហ៊ុន​ល្បែង​ស៊ីសង​អន​ឡាញ​ត្រូវ​បាន​ផ្សព្វផ្សាយតាម​បណ្តាញ​សង្គម​យ៉ាង​ទូលាយ​បែបនេះ?

បុរសម្នាក់កំពុងចូលមើលវេបសាយហ្គេមអនឡាញ DIG88 ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
បុរសម្នាក់កំពុងចូលមើលវេបសាយហ្គេមអនឡាញ DIG88 ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក សេក សុជាតិ​ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​បាន​ចោទ​សួរ​អំពី​ការ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អនឡាញ​យ៉ាង​សន្ធឹក​សន្ធាប់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក​ថា ​ល្បែង​ស៊ី​សង​បាន​ជះ​ផល​អវិជ្ជមាន​ខ្លាំង​ទៅ​ដល់​ពលរដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​ក៏​ឆ្ងល់​ដែរ​ថា​រដ្ឋា​ភិបាល​ហាក់​បី​ដូចជា​មិន​អើ​ពើ​ចំពោះ​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ ហាក់​បី​ដូច​ជា​បើក​ដៃ​ឱ្យ​ការ​ផ្សព្វផ្សាយ​មាន​ភាព​ផុស​ផុល​ រហូត​ទៅ​ដល់​មាន​បញ្ហា ហាក់​បី​ធ្វើ​ជា​មិនដឹង​អី​អ៊ីចឹង»។

ក្រៅពី​ក្រុមហ៊ុន​ល្បែង​អនឡាញ ​DIG88.COM ​នេះ ​គេ​ក៏​ឃើញ​ក្រុមហ៊ុន​ល្បែង​អន​ឡាញ​ជា​ច្រើន​ទៀត​បាន​ផ្សព្វ​ផ្សាយ​អូស​ទាញ​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​លេង​ល្បែង​ស៊ីសងទាំង​នោះ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​ចំនួន​ទៀត​បាន​ផ្ញើ​សារ​(Message)​ តាម​រយៈ​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​ដៃ ទៅ​កាន់​ពលរដ្ឋ ដោយ​ដាក់​តំណភ្ជាប់ចូល​ទៅ​លេង​ល្បែង​ស៊ីសង​ទាំង​នោះ តាម​ប្រព័ន្ធ​តេឡេក្រាម និង​គេហទំព័រ។

ក្រុមហ៊ុន​ទាំង​នោះ​មាន​ឈ្មោះដូច​ជា​កាស៊ីណូ​កីឡា ​5T5T និង​កាស៊ីណូ​អនឡាញ​ PK777 ដែល​មាន​ល្បែង​ដូចជា​បាការ៉ាត់ ម៉ាស៊ីន​ស្លុត ជល់​មាន់ បាល់ទាត់ និង​ល្បែង​ជា​ច្រើន​ទៀត។

បើ​តាម​លោក សេក សុជាតិ កាល​ដែល​ក្រុម​ហ៊ុន​ល្បែង​ស៊ីសង​ផ្ញើ​សារ​តាម​រយៈ​ទូរស័ព្ទ​ដៃ គឺ«​រំលោភ​ឯកជន​ភាព​របស់​ប្រជា​ពលរដ្ឋ»។

លោក​ ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​ដែល​រិះគន់​ការ​ផ្សព្វផ្សាយ​ល្បែង​នៅ​លើ​បណ្តាញ​សង្គម យល់​ឃើញ​ថា​ការ​ផ្សព្វ​ផ្សាយ​ទាក់​ទង​នឹង​ល្បែង​ស៊ី​សងទាំង ​Online និង ​offline គឺគគ្រឹក​គគ្រេង​ ដែល​មិន​បាន​គោរព​ទៅ​តាម​ក្រម​សីលធម៌​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោកក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរពាក់ព័ន្ធ​ចាត់​វិធាន​ការ​ជា​បន្ទាន់​លើ​ក្រុម​ហ៊ុនល្បែង​ស៊ី​សង​អនឡាញ​ទាំង​នោះ។

លោក​ថ្លែងថា​៖ «ទាល់​តែ​ទាំង​ភាគី​ក្រុម​ហ៊ុន ទាំង​តារា​ខ្លួន​ឯង និង​អាជ្ញាធរ​រដ្ឋ​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែងស៊ីសង​ ជា​ពិសេស​គឺ​ Game Online ហ្នឹង​ ព្រោះ​ក្នុង​សង្គម​មួយ​ជា​ពិសេស​នៅ​ក្នុង​សង្គម​ខ្មែរ​វា​មិន​អាច​រីក​ចម្រើន​រុង​រឿង​ទៅ​បាន​ទេ បើ​សិន​បើ​ប្រជា​ពលរដ្ឋ​វក់វី​នឹង​ល្បែង​ស៊ីសង»។

ក្រៅ​ពី​ល្បែង​អនឡាញ​នេះ ក៏​មាន​ការ​រិះគន់​ទៅ​លើ​ល្បែង​មួយ​ទៀត គឺ​ឡូតូ​ដែល​អាជីវកម្ម​មួយ​នេះ​កំពុង​រីក​ដុះដាល​នៅ​តាម​ទីសាធារណៈ ជា​ពិសេស​កន្លែង​លេង​កីឡា។

ទាក់​ទងនឹង​ល្បែង​ឡូតូ​នេះ អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក វី សំណាង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​មិន​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ឆ្នោត​ឡូតូ និង​ល្បែង​ផ្សង​សំណាង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ទៀត​នោះទេ ព្រោះ​ដើម្បី​ចូលរួម​ការពារ​សនិ្តសុខ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​។ លោក​ក៏​ព្រមាន​ចាត់​វិធាន និងបង្រ្កាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «យើង​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ គឺ​យើង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បើក​នូវ​ល្បែង​ឡូតូ​ឬ​ក៏​ល្បែង​ស្អី​ផ្សេងៗ យើង​ដឹង​ហើយ​ថា​ល្បែង​វា​ឱ្យ​ផល​ត្រឡប់​មក​វិញ​ គឺ​ជា​បញ្ហា​សង្គម​ ដែល​កើត​ចេញ​ពី​ការចាញ់​ល្បែង​។ បើ​ឈ្នះ​វា​មិន​អី​ទេ តែ​ពេល​ចាញ់​ក្មួយ​ដឹង​ហើយ នៅ​ពេល​យក​របស់​របរ​ក្នុង​គ្រួសារ​អស់​ បែរ​ទៅ​យក​របស់​អ្នក​ដទៃ​ក្រៅ​ពី​របស់​គ្រួសារ វា​អាច​ទៅ​ជា​លួច​ឆក់​ប្លន់​អ៊ីចឹង»។

អភិបាល​ខេត្ត​រូប​នេះ​ក៏​អំពាវនាវ​ទៅ​កាន់ប្រជា​ពលរដ្ឋ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ល្បែង​ស៊ីសង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG