រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យអស់ទីតាំងបញ្ចាំ និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ការអត្ថាធិប្បាយយ៉ាងដូចេ្នះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រោយការចេញបទបញ្ជារបស់រដ្ឋមន្ត្រីមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ចនឹងផ្តោតលើការកំណត់ឱ្យបានជាក់លាក់លើការផ្តល់សិទ្ធិធ្វើអាជីវកម្ម និងទីតាំងល្បែងផ្សងសំណាងទាំងអស់នៅតាមមូលដ្ឋាននីមួយៗដើម្បីងាយស្រួលក្នុងការបង្ក្រាប។
លោកថ្លែងថា៖ «អាចថា ធ្វើម៉េចរកឱ្យឃើញ តើចំនួនដែលផ្តល់សិទ្ធិឱ្យធ្វើអាជីវកម្ម និងចំនួនបើកលេងជាក់ស្តែងតាមមូលដ្ឋានហ្នឹងវាស៊ីគ្នាអត់? ជួនកាលផ្តល់ច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មប៉ុណ្ណេះ តែទៅបើកជាបន្តបន្ទាប់លើសពីចំនួនដែលច្បាប់ផ្តល់សិទ្ធិធ្វើអាជីវកម្ម។ អ៊ីចឹងរកឱ្យឃើញថា តើវាយ៉ាងដូចម៉េចដែរ? នៅពេលរកឃើញច្បាស់ណាស់ បើគ្មានអាជ្ញាបណ្ណគ្មានច្បាប់ អាហ្នឹងត្រូវតែអនុវត្តតាមច្បាប់ ពោលគឺបិទចោលនៅទីតាំងល្បែងនោះ»។
លោកបន្ថែមទៀតថា ក្នុងរយៈពេលប្រាំខែនេះ ពោលគឺគិតចាប់តាំងពីដើមខែកញ្ញា ឆ្នាំ ២០២៣ រហូតដល់ខែមករា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានចំនួនជាង ៥០០ ករណី និងឃាត់ខ្លួនមនុស្សបានជាងពីរពាន់នាក់ ហើយក៏កសាងសំណុំរឿងខ្លះទៅតុលាការ។
បទបញ្ជារបស់លោក ស សុខា កើតមានឡើងតែប៉ុន្មានថ្ងៃ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលស្នើឱ្យអាជ្ញាធរខេត្ត រាជធានីទាំងអស់ ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅទូទាំងប្រទេស។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ប្រាប់វីអូអេថា មានក្រុមហ៊ុនល្បែងចំនួនប្រាំពីរ កំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្ត។ លោកថា បន្ទាប់ពីទទួលបានបញ្ជាពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក សមត្ថកិច្ចក្នុងភូមិសាស្រ្តរបស់លោកបានចុះធ្វើបច្ចុប្បន្នភាពភ្លាមៗ ដើម្បីអនុវត្តតាមបទបញ្ជានៃការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់។
លោកលើកឡើងថា៖ «យើងបានធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តតាមបទបញ្ជា ទៅតាមការណែនាំហ្នឹង ចំពោះល្បែងណាដែលមិនមានច្បាប់។ ចំពោះល្បែងមានច្បាប់ ប៉ុន្តែអនុវត្តមិនបានត្រឹមត្រូវ អាហ្នឹងយើងត្រូវតែបញ្ឈប់ លុបបំបាត់»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បាននៅឡើយទេ។
លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យ យល់ឃើញថា ការបង្ក្រាបល្បែងស៊ីសងនេះ កាលពីអាណត្តិមុនក៏មានការបញ្ជាពីថ្នាក់ដឹកនាំប្រទេសឱ្យបង្ក្រាបដែរ តែហាក់បីដូចជាមានប្រសិទ្ធភាពបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
លោកថ្លែងថា៖ «យុទ្ធាការបង្ក្រាបល្បែងស៊ីសងអីផ្សេងៗនេះ យើងឃើញអាណត្តិរដ្ឋាភិបាលមុនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់មានដាក់បទបញ្ជាដែរ។ ប៉ុន្តែបទបញ្ជាពេលនោះគឺធ្វើបានតែមួយប្រាវៗហ្នឹងក៏ស្ងប់ស្ងាត់ បានតែពីដំបូងទេ។ យើងឃើញថា ក្រោយមកគឺរីករាលដាលដូចផ្សិតទៀតនៅតាមមូលដ្ឋាន»។
សម្រាប់យុទ្ធនាការលើកនេះ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់នូវបទបញ្ជារបស់នាយករដ្ឋមន្ត្រី និងក្រសួងពាក់់ព័ន្ធក្នុងការបិទចោលទីតាំងលេងល្បែងស៊ីសងខុសច្បាប់។
លោកថ្លែងថា៖ «យើងសង្ឃឹមថា អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ក្នុងហ្នឹងក៏មានអភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តទៅតាមបទបញ្ជានេះ ព្រោះអីគាត់មានប្រសាសន៍ម៉ឺងម៉ាត់ថា បើសិនជាមិនធ្វើតាមទេ បុណ្យសក្តិតួនាទីរបស់មន្ត្រីទាំងនោះអាចនឹងជ្រុះតាមហ្នឹង»។
លោកបន្ថែមទៀតថា បើសិនជាមិនមានការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងលេងល្បែងខុសច្បាប់នោះទេ សុវត្ថិភាពភូមិឃុំនឹងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់៕
វេទិកាបញ្ចេញមតិ