នាព្រឹកថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការមិនចូលប្រជុំអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ដែលត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចយកទៅពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃចន្ទខាងមុខ។
ក្រោយកិច្ចប្រជុំអចិន្រ្តៃយ៍ ដែលបានពិភាក្សាគ្នាអស់រយៈពេលជាង១ម៉ោង រវាងក្រុមតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច និងគណបក្សជំទាស់ ដែលមានសំឡេងភាគតិចក្នុងសភា តំណាងរបស់គណបក្សនីមួយៗបានចេញមកខាងក្រៅបន្ទប់ប្រជុំដើម្បីថ្លែងប្រាប់ពីកិច្ចប្រជុំនោះ។
លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត និងជាអនុប្រធានគណបក្សជំទាស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានពន្យល់ថា សេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះមានចំណុចមួយចំនួនក្នុងមាត្រា៦ថ្មីនៃច្បាប់នេះ ដែលបានចែងរំលោភលើរដ្ឋធម្មនុញ្ញ រំលោភលើច្បាប់អន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។ លោកបន្ថែមថា ការបង្កើតច្បាប់របស់គណបក្សប្រជាជនកម្ពុជា គឺជាការបង្កើតច្បាប់ដើម្បីក្តាប់អំណាច និងរឹតត្បិតសេរីភាពដើម្បីកម្ចាត់ខ្មែរគ្នាឯង។
លោកបញ្ជាក់ថា៖
«ចំណុចទី៦ហ្នឹង យើងគួរអស់សំណើចទេ? មិនឲ្យគណបក្សនយោបាយប្រើប្រាស់របស់អ្វីដែលជាផលប្រយោជន៍សកម្មភាពរបស់ខ្លួនឯង។ វាអត់មានប៉ះពាល់ផលប្រយោជន៍ជាតិឯណា! អាហ្នឹងរំលោភរដ្ឋធម្មនុញ្ញមាត្រា៣១ មាត្រា៤០ប្លាយហ្នឹង ដែលគេចែងថា ពលរដ្ឋគ្រប់រូបហ្នឹងមានសេរីភាពធ្វើសកម្មភាពអីទាំងអស់ កុំឲ្យតែសកម្មភាពទាំងអស់ហ្នឹងប៉ះពាល់សិទ្ធិអ្នកដទៃ ឬប៉ះពាល់ផលប្រយោជន៍ជាតិ។ ឧទាហរណ៍ថា យើងយករូបរបស់ទណ្ឌិត ឬក៏សំឡេងយកមកប្រើប្រាស់ដើម្បីរកការគាំទ្រ ឬរកប្រជាប្រិយភាពរបស់ខ្លួនហ្នឹង វាអត់មានច្បាប់ណាហាមឃាត់ទេ តែឥឡូវគេធ្វើច្បាប់ហាមឃាត់បែបហ្នឹងគឺវាមិនដែលមាន! អីចឹងវាជាការរឹតត្បិតសេរីភាពប្រជាពលរដ្ឋមួយក្រុម»។
លោក អេង ឆៃអ៊ាង បន្ថែមថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនចូលរួមប្រជុំពេញអង្គជាមួយគណបក្សកាន់អំណាចដើម្បីអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះឡើយ។ លោកបញ្ជាក់ថា ការសម្រេចមិនចូលរួមអនុម័តច្បាប់នេះ គឺដោយសារច្បាប់នេះនឹងត្រូវរងការរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានមួយចំនួន ដែលលោកអះអាងថា នឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិ។
លោកមានប្រសាសន៍បន្ថែមថា៖
«ច្បាប់ហ្នឹងនិយាយឲ្យខ្លីទៅគោលបំណងរបស់គេគឺគេបង្រួមផ្លូវរបស់គណបក្សសង្គ្រោះជាតិត្រូវដើរហ្នឹង ឲ្យរួមតូច។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិគឺត្រូវធ្វើអ្វីៗដើម្បីឆ្ពោះទៅគោលដៅដែលបានកំណត់។ គោលដៅដែលបានកំណត់គឺការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត។ អីចឹងយើងត្រូវធ្វើម៉េចដើម្បីទៅដល់ការបោះឆ្នោត។ យើងអត់ដើរតាមផ្លូវគេគូសវាសទេ»។
មាត្រា៦ថ្មីដែលស្នើដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានបន្ថែមចំណុចចំនួនបីដែលក្នុងនោះមានការហាមប្រាមគណបក្សនយោបាយមិនឲ្យ«ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត» និង«យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត»។ បើសិនជារកឃើញថា មានការប្រព្រឹត្តល្មើស គឺអាជ្ញាធរនឹងរំលាយគណបក្ស ឬហាមឃាត់សកម្មភាពរហូតដល់ប្រាំឆ្នាំ ដែលនាំឱ្យបាត់សិទ្ធិក្នុងការចូលរួមការបោះឆ្នោត។
លោក ឈាង វុន តំណាងរាស្រ្តរបស់គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានលើកឡើងថា ការធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ថ្មីស្តីពីគណបក្សនយោបាយ ដោយដាក់គំនាបមិនឲ្យទណ្ឌិតពាក់ព័ន្ធនឹងគណបក្សនយោបាយនេះ គឺដើម្បីការពារកម្ពុជាកុំឲ្យមហាអំណាចលូកដៃចូល តាមរយៈយុទ្ធសាស្រ្តប្រើទណ្ឌិតមកបំបែកជាតិ ដូចធ្លាប់កើតមានតាមបណ្តាប្រទេសមួយចំនួនកន្លងមក។ លោកបន្ថែមថា គណបក្សកាន់អំណាចដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ក៏មានបំណងបង្កើតសេចក្តីស្នើច្បាប់នេះដើម្បីការពារសមិទ្ធិផលរបស់គណបក្សដែលបានកសាងនាពេលកន្លងមក។
លោកមានប្រសាសន៍ថា៖
«ហ្វីលីពីនមានហើយ ដើម្បីផ្តួលរំលំម៉ាកូស គេយកអាគីណូជិះកប៉ាល់ហោះមក ហើយគេបាញ់សម្លាប់ទៅធ្វើឲ្យមានការបែកបាក់ជាតិប៉ុណ្ណាប៉ុណ្ណី ទម្រាំតែសើរើខ្លួនឡើងវិញ ព្រោះបន្ទោសអ្នកក្នុងស្រុក គេការពារច្បាប់ គេការពាររដ្ឋធម្មនុញ្ញ។ អីចឹងហើយបើមានបញ្ហាអស់ហ្នឹង ជាតិបែកបាក់ ជាតិរលត់រលាយ។ អីចឹងដើម្បីកុំឲ្យជាតិបែកបាក់ និងរលត់រលាយ គណបក្សប្រជាជនកម្ពុជាមានភារកិច្ចការពារ សម្តេចនាយករដ្ឋមន្រ្តីលោកមានភារកិច្ចក្នុងនាមជាប្រធានបក្សប្រជាជនកម្ពុជា លោកមានភារកិច្ចការពារស្អីជាសមិទ្ធិផលរបស់លោក និងគណបក្សដែលបានកសាងមកតាំងពីឆ្នាំ១៩៧៩»។
ការធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ដែលមានបំណងទប់ស្កាត់អ្នកដែលមានទោសទណ្ឌ មិនឲ្យធ្វើសកម្មភាពឃោសនាជួយគណបក្សនយោបាយណានោះ កើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការមិនពេញចិត្តនឹងការចូលរួមឃោសនារបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនៅតាមបណ្តាញសង្គម ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងមក។
លោក សុក សំអឿន មេធាវីជើងចាស់ និងជាអ្នកជំនាញផ្នែកច្បាប់ យល់ថា សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ ជាការមិនមានប្រយោជន៍សម្រាប់កម្ពុជាទេ ជាពិសេសក្នុងយុគសម័យហ្វេសប៊ុក។
ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA លោក សុក សំអឿន មានប្រសាសន៍ថា៖
«ការធ្វើអីចឹងដូចជាខាតទៅវិញទេ ពីព្រោះធម្មតាអ្វីដែលយើងខ្សឹបខ្សៀវគឺខ្លាំងជាងយើងនិយាយត្រង់ទៀត។ ដល់ពេលយើងបិទ មិនឲ្យមនុស្សមកលូកលាន់ អីចឹងមនុស្សខំប្រឹងលួចស្តាប់ អ្នកចង់ស្តាប់រឹតតែលួចតាមដាន រឹតតែមានឥទ្ធិពលទៀត។ ខ្ញុំគិតថា មិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេ!»
ចំណែកលោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា រដ្ឋាភិបាលគួរបង្កើតច្បាប់ដែលមានប្រយោជន៍ជារួមសម្រាប់ប្រជាពលរដ្ឋ ជាជាងបង្កើតច្បាប់ដែលមានបំណងសំដៅតែលើបុគ្គល។
លោកបញ្ជាក់ថា៖
«កន្លងមកមានច្បាប់មួយចំនួនធ្វើឡើងហាក់បីដូចជាសំដៅតែលើបុគ្គលប៉ុន្មាននាក់ ដូចជាយើងឃើញច្បាប់ឯកព័ន្ធភាព និងច្បាប់ផ្សេងៗ គឺសំដៅលើបុគ្គលជាងរឿងទូទៅ។ អីចឹងខ្ញុំគិតថា វាជាការល្អ យើងគួរគិតច្បាប់ណាដែលមានប្រយោជន៍ ហើយការពារប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ»។
លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ទោសរបស់តុលាការកម្ពុជាក្នុងសំណុំរឿងជាច្រើន ក្នុងនោះរួមមានសំណុំរឿងពាក់ព័ន្ធនឹងការអត្ថាធិប្បាយថា រដ្ឋាភិបាលនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ។ លោក សម រង្ស៊ី ត្រូវបង្ខំចិត្តលាលែងចេញពីគណបក្សកាលពីដើមឆ្នាំ២០១៧នេះ ដើម្បីការពារមិនឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ។
ខណៈកំពុងរស់នៅប្រទេសបារាំង លោក សម រង្ស៊ី តែងបង្ហោះសារជាសំណេរ រូបភាព និងវីដេអូ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ព្រមទាំងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ ការណ៍នេះធ្វើមានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់គណបក្សលោក ហ៊ុន សែន និងរូបលោកផ្ទាល់៕