ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​៥នាក់​នៅ​ក្រៅឃុំ

លោក យី សុខសាន្ត (ឆ្វេង) លោក ណៃ វង់ដា និង​លោក នី សុខា មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក រួម​ទាំង​លោកស្រី លឹម មុន្នី និង​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ដោយ​អង្គការ​លីកាដូ)

តុលាការ​មិន​បាន​បញ្ជាក់​ថា ​ហេតុផល​អ្វី​បានជា​ធ្វើការ​សម្រេច​ចិត្ត​ដោះលែង​នេះ​នៅ​ឡើយ​ទេ។

អ្នក​ការពារសិទ្ធិ​មនុស្ស​ចំនួន​បួននាក់ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ ត្រូវ​បាន​តុលាការ​ដោះលែងឱ្យ​នៅ​ក្រៅឃុំ​ នៅថ្ងៃ​ព្រហស្បតិ៍នេះ​ បន្ទាប់ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយឆ្នាំ។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួននាក់​មក​ពី​សមាគម​អាដហុក​ រួមមាន​លោកស្រី​ លឹម មុន្នី ​លោក​ នី សុខា លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត​ និង​លោក​ នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវបាន​សមាជិក​ក្រុម​គ្រួសារ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ដូច​គ្នា ​ទទួលស្វាគមន៍​នៅ​ក្រៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ។

តុលាការ​មិន​បាន​បញ្ជាក់​ថា ​ហេតុផល​អ្វី​បានជា​ធ្វើការ​សម្រេច​ចិត្ត​ដោះលែង​នេះ​នៅ​ឡើយ​ទេ។

លោក​ សែន ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ក្រោយ​ពេល​ដោះលែង​នោះ​លោក​ នីសុខា​ ត្រូវ​ការ​ឱ្យ​មាន​ការ​ជួយ​ទប់ ខ្លាច​ដួល​ដោយសារ​សុខភាព​របស់​លោក មាន​ស្ថានភាព​មិន​ល្អ រីឯ​អ្នក​ដទៃ​ទៀត​បង្ហាញ​ទឹក​មុខ​រីករាយ។ លោក​បន្ថែម​ថា ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួននាក់​នឹង​បន្ត​ការងារ​របស់​ពួកគេ​ទៀត៖

«ពួកគាត់​មាន​ឆន្ទៈ​នឹង​បន្ត​កិច្ច​ការងារ​របស់​គាត់​ជាមួយ​នឹង​សមាគម​អាដហុក​ទៀត‍»។​

សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ទាំង៥នាក់​ បាន​ជាប់​ឃុំឃាំង​ដោយ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​សូកប៉ាន់​សាក្សី​ និង​សម​គំនិត​សូកប៉ាន់​សាក្សី ក្នុង​រឿង​អាស្រូវ​ស្នេហា​អ្នកនយោបាយ​គណបក្ស​ប្រឆាំង។

លោក ​សែន ករុណា​ អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ចោល​ទាំង​ស្រុង៖

«យើង​មាន​ការ​រីករាយ និង​សាទរ ​ទោះបីជា​ការ​ដោះលែង​នេះ ​វា​មិនទាន់​ផុត​នូវ​នីតិវិធី​នៅ​ឡើយទេ​ ហើយ​យើង​សង្ឃឹម​ថា​ តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​មួយ​ទៀត​ដើម្បី​ផ្តល់​យុត្តិធម៌​ចំពោះ​ពួកគាត់​ ពីព្រោះ​ថា​ពួកគាត់​ម្នាក់ៗ​បាន​ចំណាយ​ពេល​ច្រើន​ណាស់ ​ក្នុងការ​ជួយ​កិច្ចការ​សង្គម​ជាតិ​ក្នុង​ផ្នែក​មនុស្ស​ធម៌​ ដែល​លើ​វិស័យ​សិទ្ធិ​មនុស្ស​និង​យុត្តិធម៌​សង្គម‍»។​

លោកស្រី លឹម មុន្នី ន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក ទទួល​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ ក្រោយ​ពេល​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​លោក​ស្រី និង​សកម្មជន​សិទ្ធិមនុស្ស​បីរូប​ទៀត និង អគ្គលេខាធិការរង​នៃ​គណៈកម្មាធិកា​រជាតិ​រៀបចំ​ការ​បោះឆ្នោត ពី​មន្ទីរ​ឃុំឃាំង។ (រូបថត​ដោយ​អង្គការ​លីកាដូ)

កាលពី​ថ្ងៃពុធ​ ក្រុមអង្គការ​សង្គមស៊ីវិល​បាន​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ​ដែល​បាន​បដិសេធ​ជា​បន្តបន្ទាប់​ក្នុងពេល​កន្លងមក​មិន​ឱ្យ​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ទទួល​សេវា​ព្យាបាល​ជំងឺ ​បើ​ទោះបីជា​សុខភាព​របស់​ពួកគេ​ធ្លាក់​ដុនដាប​ហើយ​ក៏ដោយ។

ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល​ និង​សហគមន៍​ជនរងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​ចំនួន​៣៣ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពីថ្ងៃ​ពុធ ​ដោយ​ចាត់​ទុក​ថា​ការ​បដិសេធនេះ​មានលក្ខណៈ​«រើសអើង‍» ​និង​«តាមទំនើង​ចិត្ត‍» ដោយសារតែ​អ្នកជាប់​ឃុំ​ទាំងនោះ​ធ្វើ​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

កាលពី​ថ្ងៃពុធនោះ​ដែរ ​តុលាការ​កំពូល​បាន​គ្រោង​ប្រកាស​សាល​ដីកា​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​ទាំង​នោះ ​ប៉ុន្តែ​បាន​លើកពេល៕

XS
SM
MD
LG