បន្ទាប់ពីសវនាការជំនុំជម្រះចំនួន២លើកកាលពីចុងខែមិថុនា ដោយមានការតតាំងសម្តីរវាងមេធាវីរបស់លោក គឹម សុខ និងមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក គី តិច តុលាការកំពូលបានច្រានចោលបណ្តឹងចំនួនពីររបស់លោក គឹម សុខ ដោយសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។ ការសម្រេចនេះត្រូវបានមេធាវីការពារក្តីឲ្យលោក គឹម សុខ លើកឡើងថា ជាការសម្រេចដែលគ្មានភាពយុត្តិធម៌។
តុលាការកំពូលនាព្រឹកថ្ងៃពុធនេះ បានសម្រេចច្រានចោលបណ្តឹងចំនួនពីររបស់អ្នកវិភាគ គឹម សុខ ក្នុងពេលតែមួយ ដោយរក្សាទុកការសម្រេចរបស់សាលាឧទ្ធរណ៍ ក្នុងការមិនអនុញ្ញាតឱ្យអ្នកវិភាគរូបនេះស្ថិតនៅក្រៅឃុំ និងមិនកោះហៅលោក ហ៊ុន សែន មកឆ្លើយតទល់គ្នាក្នុងសវនាការ។
លោកស្រី គឹម សត្ថាវី ប្រធានអង្គជំនុំជម្រះតុលាការកំពូលបានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយលើកឡើងថា ការសម្រេចបន្តឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្នតាមមាត្រា២០៤ ២០៥ និង២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ ធ្វើឡើងត្រឹមត្រូវតាមច្បាប់។ ចំណែកបណ្តឹងពាក់ព័ន្ធនឹងការទាមទារឲ្យលោក ហ៊ុន សែន មកឆ្លើយតទល់គ្នាក្នុងសវនាការ ត្រូវបានលោក ឃឹម ប៉ុណ្ណ ប្រធានអង្គជំនុំជម្រះតុលាការកំពូលប្រកាសច្រានចោលដូចគ្នា ដោយលើកឡើងថា បណ្តឹងជាលាយលក្ខណ៍អក្សររបស់លោក ជូង ជូងី ដែលជាមេធាវីរបស់លោក គឹម សុខ ធ្វើឡើងដោយគ្មានសំអាងហេតុត្រឹមត្រូវ។
ខណៈត្រូវបានអនុរក្សពន្ធនាគារបណ្តើរទៅកាន់រថយន្ត ដើម្បីបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ លោក គឹម សុខ បានស្រែកប្រាប់អ្នកសារព័ត៌មានក្នុងបរិវេណតុលាការកំពូលដែលត្រូវបានរឹតបន្តឹងការចូលយកព័ត៌មាន ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«តុលាការសម្រេចតាមការចង់បានរបស់បក្ស មិនមែនច្បាប់។ ជារបៀបនៃការចាត់ចែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន»។
បណ្តឹងរបស់លោក គឹម សុខ ចំនួនពីរដែលត្រូវបានតុលាការប្រកាសច្រានចោលនាព្រឹកថ្ងៃពុធនេះ រួមមានបណ្តឹងសុំនៅក្រៅឃុំ និងបណ្តឹងដែលលោក គឹម សុខ ប្តឹងស្នើឲ្យលោក ហ៊ុន សែន ដែលជាដើមបណ្តឹងមកឆ្លើយតទល់គ្នាក្នុងសវនាការ។ បណ្តឹងទាំងពីរនេះកើតចេញពីសំណុំរឿងពាក់ព័ន្ធនឹងការថ្លែងរបស់លោក គឹម សុខ ដែលថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាអ្នករៀបចំឃាតកម្មលើលោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គមដ៏ល្បី ដែលត្រូវបានគេបាញ់សម្លាប់កាលពីខែកក្កដាឆ្នាំមុន។
លោក គី តិច មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីស្តាប់ការប្រកាសសាលដីកានៅតុលាការកំពូលថា សកម្មភាពរបស់លោក គឹម សុខ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបន្ថែមថា លោក គឹម សុខ តែងមានចេតនាទុច្ចរិតក្នុងការទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា និងបង្កើតឲ្យមានអសន្តិសុខផ្សេងៗ បើទោះបីជាលោកកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារក្តី។
លោក គី តិច មានប្រសាសន៍ថា៖
«នៅពេលដែលគាត់និយាយទម្លាក់កំហុសទៅលើគណបក្សប្រជាជនអញ្ចឹង ហើយមុនការបោះឆ្នោតឃុំ-សង្កាត់អញ្ចឹង ប្រជាពលរដ្ឋមួយចំនួនដែលគាត់គិតមិនបានដិតដល់ មិនទាន់ស្តាប់លទ្ធផលរបស់តុលាការ គាត់សន្និដ្ឋានថា គណបក្សប្រជាជនហ្នឹងនៅពីក្រោយការស្លាប់របស់ កែម ឡី មែន។ អញ្ចឹងគាត់ប្រើសិទ្ធិគាត់ ផ្នត់គំនិតគាត់ដែលស្តាប់ គឹម សុខ ទៅគាត់ជឿ ដល់ពេលបោះឆ្នោតគាត់អត់បោះឆ្នោតឲ្យគណបក្សប្រជាជន។ អាហ្នឹងហើយជាព្យសនកម្ម និងការខូចខាតរបស់គណបក្សប្រជាជន»។
លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ការសម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោក និងបដិសេធមិនឲ្យដើមបណ្តឹងនិយាយតទល់ជាមួយចុងចោទក្នុងសវនាការ គឺជាការសម្រេចដែលមិនបានផ្តល់យុត្តិធម៌ និងតម្លាភាពដល់កូនក្តីរបស់លោក។ លោកបន្ថែមថា តុលាការអាចអនុញ្ញាតឲ្យកូនក្តីរបស់លោកស្ថិតនៅក្រៅឃុំដោយមានភ្ជាប់លក្ខខណ្ឌ ដើម្បីធានាថា លោក គឹម សុខ មិនអាចគេចចេញពីការបំពេញកាតព្វកិច្ចចំពោះមុខតុលាការ។
លោក ជូង ជូងី បន្ថែមថា សម្រាប់ការស្នើសុំឲ្យលោក ហ៊ុន សែន មកបំភ្លឺតទល់មុខកូនក្តីរបស់លោក គឺលោកបានបំពេញរាល់នីតិវិធីតាមផ្លូវច្បាប់ ដោយមានដាក់លិខិតជាលាយលក្ខណ៍អក្សរ និងមានសម្អាងហេតុត្រឹមត្រូវ។
លោក ជូង ជូងី បញ្ជាក់ថា៖
«តុលាការនៅតែមិនព្រមកោះហៅដើមបណ្តឹងមកសួរតទល់ អញ្ចឹងគឺអត់បានផ្តល់តម្លាភាព អត់មានផ្តល់យុត្តិធម៌ច្បាស់លាស់ដល់លោក គឹម សុខ ទេ។ អញ្ចឹងខ្ញុំមានការសោកស្តាយចំពោះសេចក្តីសម្រេចបដិសេធពាក្យបណ្តឹងរបស់យើងខ្ញុំជាមេធាវី ក៏ដូចជាលោក គឹម សុខ ហ្នឹង»។
លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យឃុំខ្លួនបណ្ដោះអាសន្នកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បានប្ដឹងថា លោក គឹម សុខ បានអធិប្បាយចោទប្រកាន់ដែលថា គណបក្សប្រជាជនកម្ពុជាមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក កែម ឡី ហើយលោកនាយករដ្ឋមន្ត្រីទាមទារសំណងចំនួន ៥សែនដុល្លារ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានប្ដឹងលោក គឹម សុខ មួយករណីទៀតចំពោះការអត្ថាធិប្បាយថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្នបណ្ដោយឲ្យមានការសម្លាប់មនុស្ស ហើយមិនរកមុខឃាតករពិត ដូចជាក្នុងករណីលោក កែម ឡី លោក ជា វិជ្ជា ព្រះសង្ឃ សម ប៊ុនធឿន និងលោក ឈុត វុទ្ធី ជាដើម។ លោក ហ៊ុន សែន បានប្តឹងទាមទារប្រាក់សំណង ១០លានរៀលផងដែរ សម្រាប់ករណីទាំងនោះ៕