ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អេង ឆៃអ៊ាង ប្រាប់​អ្នកគាំទ្រ​នៅ​កម្ពុជា​ត្រៀម​ធ្វើ​សកម្មភាព «បញ្ចប់​របប​ផ្តាច់ការ‍»


ពលរដ្ឋខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (យូ សុធារី/VOA)
ពលរដ្ឋខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (យូ សុធារី/VOA)

តួលេខ​បឋម​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​ជាង​៨២​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត បើទោះបី​ជា​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅផ្ទះ​កុំ​ចេញ​ទៅ​បោះឆ្នោត​ក៏ដោយ​ហើយ​ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅ​ទូទាំង​ពិភពលោក​បាន​ធ្វើ​បាតុកម្ម​​​ព្រមៗ​គ្នា​ប្រឆាំង​នឹង​ការបោះឆ្នោត​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​ឆ្នោត​ជាតិ​ដែល​បាន​បោះ​កាល​ពី​ថ្ងៃ​អាទិត្យទី​២៩ខែ​កក្កដា​ហើយ​ប្រកាស​បន្តធ្វើ​យុទ្ធនាការ​អន្តរជាតិ ដើម្បី​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា។

លោក ​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​ដឹកនាំ​បាតុកម្ម​ទ្រង់​ទ្រាយតូច​មួយ​នៅ​ពីមុខ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃអាទិត្យ​នេះ​បានប្រកាស​ថា៖

«ទីមួយ​គឺ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការបោះឆ្នោត​ក្លែងក្លាយ​ហ្នឹង ហើយ​យើង​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ជាមិត្ត​របស់​កម្ពុជា​សូមកុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ហ្នឹង​ហើយ​សូមឱ្យ​បណ្តា​ប្រទេស​ជាមិត្ត​បន្ត​កិច្ចការ​របស់​ខ្លួន​ដើម្បី​ជួយ​កម្ពុជា​តទៀត‍»។

តួលេខ​បឋម​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​ជាង​៨២​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត បើទោះបី​ជាគណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅផ្ទះ​កុំ​ចេញ​ទៅ​បោះឆ្នោត​ក៏ដោយ​ហើយ​ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ពិភពលោក​បាន​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា​ប្រឆាំង​នឹង​ការបោះឆ្នោត​នេះ។

លោក អេង ឆៃអ៊ាង បាន​អំពាវនាវ​ទៅ​អ្នកគាំទ្រ​ដែល​នៅ​ប្រទេស​កម្ពុជា​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី​នេះ៖

«ចាប់ពី​ថ្ងៃស្អែក​តទៅ​គឺ​យើង​អត់​ដេកផ្ទះ​ទៀត​ទេ។ យើង​អត់​រក្សា​ម្រាមដៃ​ស្អាត​ទៀត​ទេ​គឺ​យើង​នឹង​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​របប​ផ្តាច់ការ​នៅ​កម្ពុជា​ហើយ​ខ្ញុំ​សូម​ឱ្យ​បងប្អូន​កុំ​ចាប់​អារម្មណ៍​ កុំ​យក​ចិត្ត​ទុក​ដាក់​អំពីតួលេខ​លទ្ធផល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រជាជន​បាន​ប្រកាស​ហ្នឹង​ព្រោះ​យើង​ដឹង​ហើយ​ថា​តួលេខ​ហ្នឹង​ លទ្ធផល​ហ្នឹង​គឺ​ជា​តួលេខ​ក្លែង​ក្លាយ​លទ្ធផល​ក្លែងក្លាយ​ចេញពី​ការបោះឆ្នោត​ក្លែង​ក្លាយ‍»។

លោក ​អេង ឆៃអ៊ាង បាន​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា សកម្មភាព​ណា​ខ្លះ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវធ្វើ​នោះទេ​ដោយ​លោក​ព្រួយ​បារម្ភ​ថា​អាច​នឹង​រង​ការបង្ក្រាបពី​គណបក្ស​កាន់អំណាច​នៅ​មុន​ពេល​កំណត់។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​និង​អ្នកគាំទ្រ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើសកម្មភាព​ការទូត​ជាច្រើន​ចាប់តាំង​ពី​តុលាការ​កំពូល​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំង​នេះ​កាលពី​ចុងឆ្នាំ​២០១៧​និង​ហាមឃាត់​មន្ត្រីសំខាន់ៗ​ចំនួន​១១៨រូបមិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។ ប៉ុន្តែ​អ្នកគាំទ្រ​នៅក្នុងប្រទេ​សកម្ពុជា​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ធំដុំ​ទេ​ដោយសារតែ​រងការគាប​សង្កត់​ពី​អាជ្ញាធរ​កម្ពុជា។

រូបឯកសារ៖ លោក អ៊ុង រិទ្ធី (ស្តាំ) ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក។
រូបឯកសារ៖ លោក អ៊ុង រិទ្ធី (ស្តាំ) ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក។

លោក​ អ៊ុង ឫទ្ធី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅអាមេរិក​បាន​បញ្ជាក់​បន្ថែម​ថា​ចាប់ពី​ថ្ងៃនេះ​តទៅ​គឺ​អ្នកគាំទ្រ​គណបក្ស​នៅ​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​ត្រូវ​ធ្វើ​សកម្មភាព​តស៊ូ​មតិរួមគ្នា។​

«បន្ទាប់ទៅ​យើង​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ​នៅ​ក្នុង​និងក្រៅ​ប្រទេស​នឹង​ធ្វើ​ការ​រួមគ្នា​ដើម្បី​រិះរក​យុទ្ធវិធីថ្មី​ក្នុងការ​ធ្វើ​កិច្ច​ការ​បន្ត​ទៀត​ក៏ប៉ុន្តែ​យើង​អត់​នៅស្ងៀម​ទេ។ យើង​ថា​បងប្អូនយើង​កុំ​ឱ្យ​នៅ​ស្ងៀម​ឱ្យ​សោះគឺដល់ពេលវេលា​យើង​ត្រូវ​ធ្វើការងារ​ហើយ​នៅគ្រប់កន្លែង​ទាំងនៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដើម្បីតស៊ូមតិ​របស់​ខ្លួន​រៀងខ្លួន​ហើយ​យើង​តស៊ូ​មតិ​ទាំងក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ក្នុងការ​ណែនាំ​ទទួលសារ​នយោបាយ​ពីយើង​ផង​ដើម្បី​ធ្វើការរួមគ្នា​ទាញ​យក​លទ្ធិប្រជាធិបតេយ្យ​មក​វិញ‍»។​

មានគណបក្សនយោបាយចំនួន​២០បាន​ប្រកួតប្រជែងគ្នា​ដើម្បី​ដណ្តើម​អាសនៈ​សភា​ចំនួន​១២៥និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាលថ្មី។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន​ដែល​កាន់អំណាច​ជិត​៤០ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​អាច​នឹង​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាងច្រើននិង​ដោយ​ងាយស្រួល​ដោយ​សារតែ​គ្មាន​គូប្រជែង​ណា​ដែល​មាន​កម្លាំង​ប្រហាក់ ប្រហែល។​

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន AFP កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា គណបក្ស​របស់​លោក​រំពឹង​នឹង​ឈ្នះ​បាន​ជាង​១០០​អាសនៈ​ក្នុង​រដ្ឋសភា​ ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៥ ដោយ​យោង​ទៅ​តាម​តួលេខ​បឋម​ពី​គណៈ​កម្មា​ធិ​ការ​ជាតិរៀបចំ​ការ​បោះឆ្នោត។ លោក សុខ ឥសាន ចាត់ទុក​ថា​នេះ​គឺជា​«​ជ័យជម្នះ​ដ៏​ធំធេង​‍»របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សហគមន៍អន្តរជាតិបានរិះគន់​ការបោះឆ្នោត​នេះផងដែរ​ដោយ​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​បានសម្រេច​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ចូលរួម​ទេ។​

លោក​អាឡាំង លូវឹនសល​គឺជា​អ្នកតំណាងរាស្រ្ត​អាមេរិកាំង​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​កម្ពុជាក្នុង​នោះបាន​បញ្ជាក់​ថា​លោក​នឹង​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ​ទេ។​ រីឯ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តីព្រាងច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ឆ្នាំ​២០១៨​ដោយ​បាន​ស្នើឱ្យ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​និង​ទិដ្ឋាការមន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ខូចលទ្ធិប្រជាធិបតេយ្យ​កម្ពុជា។ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹងត្រូវ​ព្រឹទ្ធសភា​អនុម័ត​ជាមុន​សិន​មុន​នឹង​បញ្ជូនទៅការិយាល័យ​លោក​ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា​ទៅជាច្បាប់បាន។

លោកស្រី រ៉ានី លូហ្ស៊ឹនស្គី អនុប្រធាន​សមាគមខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​បាន​បញ្ជាក់ថា​នេះ​ជាកិច្ចការ​បន្ទាប់​ដែល​សហគមន៍​ខ្មែរ​នឹង​ត្រូវ​ធ្វើ៖

«នេះ​ជាយុទ្ធនាការបន្តទៀត​ដែល​យើង​នឹង​ធ្វើ​ហើយ​គ្រប់​រដ្ឋ​ទាំងអស់​យើង​សហការរួមគ្នា​ទាំងខាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ខាង​គណៈកម្មការ​ស្ត្រី​នៅក្នុង​សហរដ្ឋ​អាមេរិក​ហើយ​ជាមួយ​នឹង​ទាំងខាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាងក្រៅនេះ​។ យើង​នឹង​រួមគ្នា​ជាមួយ​អង្គការ​ខ្ញុំ​គឺ​សិទ្ធិ​មនុស្ស​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅស្រុក​អាមេរិក​នេះ​។​ នេះ​ជាកិច្ចការ​ធំ​មួយ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​យុទ្ធនាការ​ត្រូវ​ទូរស័ព្ទ​និង​ចុះហត្ថលេខា​លើញត្តិ​ដើម្បី​ផ្ញើទៅខាង​ព្រឹទ្ធសភា‍»។​

​សហគមន៍​អឺរ៉ុបក៏កំពុងតែ​ពិនិត្យ​មើល​ឋានៈអនុគ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍»​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សា​រ​របស់​ខ្លួន​ដោយសារ​លក្ខខណ្ឌ​ក្នុងការ​ទទួល​បានឋានៈ​នេះ​មានភ្ជាប់​នឹង​ការគោរព​សិទ្ធិ​មនុស្ស៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG