គណបក្សកាន់អំណាចកម្ពុជាបានឲ្យដឹងថា ខ្លួនទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតដែលគ្មានគូប្រកួតប្រជែងកាលពីថ្ងៃអាទិត្យ។ លទ្ធផលដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេរំពឹងទុកជាមុនរួចទៅហើយ បន្ទាប់ពីគណបក្សប្រឆាំងធំបំផុត ត្រូវបានរំលាយ ដែលត្រួសត្រាយផ្លូវសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបន្តកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់លោក។
លោក ហ៊ុន សែន ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨៥ នៅពេលដែលប្រទេសកម្ពុជាពោរពេញទៅដោយសង្គ្រាមស៊ីវិល បានបង្ក្រាបទៅលើគូប្រឆាំងរបស់លោកនៅមុនការបោះឆ្នោតក្នុងឆ្នាំនេះ ដាក់សម្ពាធទៅលើអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគូប្រជែងនយោបាយរបស់លោក។
ការបង្ក្រាបនេះបានធ្វើឲ្យលោក ហ៊ុន សែន មានការប្រកួតប្រជែងតិចតួចបំផុត ហើយគ្មានគូប្រជែងពិតប្រាកដនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AFP កាលពីល្ងាចថ្ងៃអាទិត្យថា គណបក្សរបស់លោករំពឹងនឹងឈ្នះបានជាង១០០អាសនៈក្នុងរដ្ឋសភា ដែលមានអាសនៈសរុបចំនួន១២៥ ដោយយោងទៅតាមតួលេខបឋមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងឆ្នោតគាំទ្រជាង៨០ភាគរយ។ នេះគឺជាជ័យជម្នះដ៏ធំធេងរបស់យើង»។
លោក ហ៊ុន សែន វ័យ៦៦ឆ្នាំ ដែលជាអតីតកម្មាភិបាលខ្មែរក្រហម បានលើកឡើងពីស្ថិរភាពនិងកំណើនសេដ្ឋកិច្ច ជាសមិទ្ធផលនៃការដឹកនាំរបស់លោក ដែលនេះជាសារមួយដែលត្រូវបានលើកឡើងកងរំពងក្នុងចំណោមអ្នកគាំទ្ររបស់លោក។
លោកបានថ្លែងលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ថា «អរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះដ៏ច្រើនលើសលុប! បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស»។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តួលេខអ្នកទៅបោះឆ្នោតមានចំនួន៨២ភាគរយ ដែលជាតួលេខមួយខ្ពស់ជាងការបោះឆ្នោតឆ្នាំ២០១៣ ដែលមានត្រឹមតែប្រមាណ៦៩ភាគរយប៉ុណ្ណោះ នៅពេលដែលមានគណបក្សប្រឆាំងចូលរួម។
ប៉ុន្តែក៏មានសញ្ញានៃការបាក់ទឹកចិត្តនិងភាពព្រងើយកន្តើយផងដែរ ហើយអ្នកជំនាញទៅលើការបោះឆ្នោតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ម្នាក់បាននិយាយថា តួលេខអ្នកទៅបោះឆ្នោតខ្ពស់អាចធ្វើឲ្យគេយល់ច្រឡំ។
លោក Lee Morgenbesser នៃសាលាទំនាក់ទំនងរដ្ឋាភិបាលនិងអន្តរជាតិនៃសាកលវិទ្យាល័យ Griffith University ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា៖ «ជាទូទៅការបោះឆ្នោតដែលមានគណបក្សនយោបាយតែមួយ តួលេខអ្នកទៅបោះឆ្នោតគឺខ្ពស់ជាងមុន មិនមែនទាបជាងមុននោះទេ ដោយសារតែគណបក្សនោះ នៅក្នុងករណីនេះគឺគណបក្សប្រជាជនកម្ពុជា ពឹងផ្អែកទៅលើការធ្វើទុក្ខបុកម្នេញអ្នកបោះឆ្នោត និងការទិញសន្លឹកឆ្នោតជាដើម ដូច្នេះតួលេខអ្នកទៅបោះឆ្នោតគួរតែខ្ពស់ជាងមុន»៕