បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ បានបោះឆ្នោតនៅសាលាបឋមសិក្សាមួយកន្លែង ស្ថិតក្នុងស្រុកតាំ្រកក់ ខេត្តតាកែវ ហើយលោកបានបង្ហាញជំនឿចិត្តថា ពលរដ្ឋនឹងបោះឆ្នោតគាំទ្រឲ្យគណបក្សលោកមានសំឡេងនៅក្នុងសភា។
ការបោះឆ្នោតជាតិសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានចាប់ផ្ដើមនៅទូទាំងប្រទេសនាព្រឹកថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបានបិទបញ្ចប់នៅថ្ងៃអាទិត្យដដែលនេះ។ នៅខេត្តតាកែវ មានការិយាល័យបោះឆ្នោតចំនួន១៥៤៥កន្លែង ដែលត្រូវបានដាក់ដំណើរការឲ្យពលរដ្ឋបង្ហាញឆន្ទៈនយោបាយរបស់ពួកគេ។
ថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីបានបោះឆ្នោតរួចនោះ លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា បរិយាកាសក្នុងថ្ងៃបោះឆ្នោត មានសភាពធម្មតា និងគ្មានអំពើហិង្សា ហើយថា គណបក្សលោកនឹងទទួលបានការគាំទ្រច្រើនពីពលរដ្ឋរស់នៅក្នុងខេត្តតាកែវ។
«ខ្ញុំអត់ចង់និយាយថា ពីប៉ុន្មានកៅអីទេ ប៉ុន្តែយើងនឹងមានសំឡេងមួយដែលមានឥទ្ធិពលខ្លាំងក្នុងសភាជាតិ»។
នៅពេលដែលគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះ លោក យ៉ង សាំងកុមារ ដែលជាអតីតប្រធានអង្គការកសិកម្មមួយ និងជាអ្នកនយោបាយថ្មីថ្មោង បានទទួលស្គាល់ការរិះគន់ជាច្រើនពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ចំពោះការបោះឆ្នោតដ៏ចម្រូងចម្រាស់នេះ ដោយហេតុតែគ្មានគណបក្សសង្គ្រោះជាតិ។
លោកអះអាងថា សម្ពាធពីអន្តរជាតិ នឹងបន្តកើតមានក្នុងករណីដែលគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាច បានឈ្នះក្នុងការបោះឆ្នោតនេះ តទៅទៀតនោះ។
«ជាពិសេសបើសិនគណបក្សកាន់អំណាចសព្វថ្ងៃហ្នឹងគឺឈ្នះឆ្នោត អីចឹងទៅក៏នៅនឹងទទួលនូវអាសម្ពាធហ្នឹងបន្តទៀត។ ផ្ទុយទៅវិញ បើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្ញុំគិតថា រឿងហ្នឹងនឹងមិនកើតមានឡើងទេ ពីព្រោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានអត់មានពាក់ព័ន្ធទេ រឿងអាបញ្ហា រឿងសិទ្ធិសេរីភាពនយោបាយ រឿងរំលាយគណបក្សសង្គ្រោះជាតិ រឿងហាមមិនឲ្យអ្នកនយោបាយ១១៨រូប ធ្វើរឿងចាប់ឃុំឃាំង ប្រធានគណបក្សយើងអត់មានពាក់ព័ន្ធទេ។ យើងជាគណបក្សមួយ ដែលលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីនិយមពិតប្រាកដ បាទ»។
នៅមុនបោះឆ្នោតជាតិកម្ពុជាបានមកដល់នោះ មានការរិះគន់ពីរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យនិងអង្គការសិទ្ធិមនុស្សជាច្រើន ថាការបោះឆ្នោតនេះ ជាការបោះឆ្នោតមិនពិតប្រាកដ និងបោកប្រាស់ប្រជារាស្ត្រខ្មែរ និងជាដំណើរបើកផ្លូវឲ្យលោក ហ៊ុន សែន បានបន្តអំណាចរបស់លោកបន្ថែមទៀត ព្រោះគណបក្សសង្គ្រោះជាតិ ត្រូវបានគេផាត់ចេញពីការបោះឆ្នោត។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលបានតាមដានយ៉ាងដិតដល់អំពីវិបត្តិនយោបាយកម្ពុជាក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ បានព្រមានដល់ការបោះឆ្នោតនេះថា នឹងធ្វើឲ្យប្រព័ន្ធនយោបាយប្រជាធិបតេយ្យស្ថិតក្នុងភាពគ្រោះថ្នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ចំណែក លោក Stephane Dujarricអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងថា លោកអគ្គលេខាធិការអ.ស.ប. រំឭកឡើងវិញថា ដំណើរការនយោបាយមួយប្រកបដោយបរិយាបន្ន និងពហុនិយមនៅតែសំខាន់សម្រាប់ការពារវឌ្ឍនភាព ដែលប្រទេសកម្ពុជាសម្រេចបានក្នុងការពង្រឹងសន្តិភាព។
ពលរដ្ឋមួយចំនួនដែលបានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ដែលលោក យ៉ង សាំងកុមារ បានទៅបោះឆ្នោតនោះ និយាយថា ពួកគេបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តសុខសន្តិភាព និងការបង្កើតការងារបន្ថែមទៀត។ តែមានពលរដ្ឋមួយចំនួនទៀត មិនបញ្ជាក់ថា ខ្លួនបោះឆ្នោត ឲ្យគណបក្សណានោះទេ។
កញ្ញា វង្ស សារឿន អាយុ២០ ឆ្នាំ និងជាកម្មការិនីរោងចក្រម្នាក់និយាយថា កញ្ញាបានបោះឆ្នោតឲ្យលោក ហ៊ុន សែន បានបន្តដឹកនាំប្រទេសទៀត ហើយសុំឲ្យលោកបង្កើតការងារឲ្យបានច្រើនសម្រាប់ពលរដ្ឋខ្មែរ។
«សុំសំណូមពរឲ្យសម្ដេចតេជោ កាន់តែមានរោងចក្រច្រើន ហើយមានការងារធ្វើនៅប្រទេសខ្មែរយើងច្រើន»។
អ្នកស្រី អ៊ូ សារុន វ័យ៧៧ឆ្នាំ រស់នៅក្បែរទីរួមខេត្តតាកែវ ស្រឡាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារស្នាដៃរបស់លោកក្នុងការរំដោះពលរដ្ឋខ្មែរពីសម័យខ្មែរក្រហម ប៉ុល ពត។
«ស្រឡាញ់គាត់ ព្រោះគាត់រំដោះ រំដោះប្រជាជនពីរបប ប៉ុល ពត មកដើម្បីកុំឲ្យវារហេមរហាម»។
សំឡេងមិនគាំទ្រដល់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ក៏បានកើតមានឡើងដែរ ទោះជាប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតនៅខេត្តតាកែវក្នុងបរិយាកាសស្ងៀមស្ងាត់ និងមិនអ៊ូអរខ្លាំងដូចអាណត្តិមុនក៏ដោយ។ អ្នកដែលត្រូវមានសិទ្ធិបោះឆ្នោតមួយចំនួននិយាយថា ពួកគេបានទៅបោះឆ្នោត ទាំងមានសម្ពាធខាងសន្តិសុខនៃមុខរបររកស៊ីរបស់ពួកគេ ឯខ្លះទៀត លើកឡើងថា ពួកគេមិនទៅបោះឆ្នោត ដោយសារគ្មានគណបក្សសង្គ្រោះជាតិ ហើយមិនដឹងបោះឆ្នោតឲ្យអ្នកណា។
អ្នកបោះឆ្នោតម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បាននិយាយថា លោកទៅបោះឆ្នោតទាំងដឹងថា ការបោះឆ្នោតនេះ«គ្មានប្រយោជន៍»។ លោកបន្ថែមថា លោកទៅបោះ ដោយបារម្ភអំពីការឃ្លាំមើលរបស់អាជ្ញាធរមូលដ្ឋាន៕