ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទៅ​បោះ​ឆ្នោត​ ឬ​មិន​ទៅ​បោះ​ឆ្នោត​​​ក្នុងឃុំ​ដែលបក្ស​សង្គ្រោះជាតិ​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោត


ប្រជាពលរដ្ឋនៅក្នុងឃុំអរិយក្សត្រផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងការិយាល័យមួយ មុនចូលទៅបោះឆ្នោត។ (ស៊ុន ណារិន/VOA)
ប្រជាពលរដ្ឋនៅក្នុងឃុំអរិយក្សត្រផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងការិយាល័យមួយ មុនចូលទៅបោះឆ្នោត។ (ស៊ុន ណារិន/VOA)

នៅក្នុង​ឃុំ​អរិយក្សត្រ​​ ដែល​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​មួួយ​ចំនួន​បាន​លើក​ឡើង​ថា​ ពួកគេ​មិន​ទៅ​បោះ​ឆ្នោត​ ឬ​ទៅបោះ​ឆ្នោត តែ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ទាំង​នោះ​ មិន​បាន​ការ។

ខណ:ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក ហេង​ ដែលជាឈ្មោះអ្នកនិពន្ធដាក់ឲ្យដើម្បីការពារអត្តសញ្ញាណរបស់លោក និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត កំពុង​អង្គុយ​នៅ​ហាង​ពិសារ​កាហ្វេ​មួយ​ នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ឃុំ​អរិយក្សត្រ​ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

អ្នក​ខ្លះ​មិនមាន​ស្នាម​ទឹក​ខ្មៅ​លើ​ចង្អុល​ដៃ និង​អ្នក​ខ្លះ​មាន​ស្នាមទឹកខ្មៅ។ ពួកគេ​បាន​សួរ​គ្នា បែប​ជា​លេង​សើច​ថា៖«ម៉េច​ដៃ​ស្អាតទទេ​អីចឹង?»

អ្នក​ខ្លះ​ដែល​មាន​ស្នាម​ទឹក​ខ្មៅ​និយាយ​បែប​លេង​សើច​ដែរ ​ថា៖«ទុក​ឲ្យ​ខ្ញុំ​ឆ្កួត​តែ​ឯង​បាន​ហើយ​»។

កំពុង​អង្គុយ​ពិសារ​កាហ្វេទឹកកក បុរស​ម្នាក់​ឈ្មោះ ហេង មិន​មាន​ស្នាម​ទឹក​ខ្មៅ​លើ​ដៃ​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ទៅ​បោះ​ឆ្នោត​នោះទេ។ លោក​ ហេង ដែល​ជា​កសិករ​ម្នាក់​ បានបញ្ជាក់​ថា៖ «ទៅ​បោះ​ធ្វើ​អី អត់​មាន​គណបក្ស​ខ្ញុំ​ស្រឡាញ់​ផង។ ​វា​ជាសិទ្ធិ​របស់​ខ្ញុំ​ដែល​មិន​ទៅ​បោះ កុំ​ឲ្យ​តែ​ដើរ​ញុះញង់​ប្រាប់​គេ ដូច្នេះ​វា​មិន​អី​ទេ»។

នៅក្នុង​ឃុំ​អរិយក្សត្រ ដែល​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​មួួយ​ចំនួន​បាន​លើក​ឡើង​ថា​ ពួកគេ​មិន​ទៅ​បោះ​ឆ្នោត​ ឬ​ទៅបោះ​ឆ្នោត តែ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ទាំង​នោះ​ មិន​បាន​ការ។

កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​មុន​ គណបក្សសង្រ្គោះជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​២៨១៣ សំឡេង​ ខណ:គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង២៥៧៦។ សំឡេង​បោះ​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន១១០សន្លឹក។ តែ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ​បាន​បាត់​បង់​អាសន:​ក្រុម​ប្រឹក្សា​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស ក្រោយ​គណបក្សនេះត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។

នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ​អរិយក្សត្រ អ្នកស្រី សម្បត្តិ កន្និកា អាយុ៣០ឆ្នាំ​ ដែលជាឈ្មោះអ្នកនិពន្ធដាក់ឲ្យដើម្បីការពារអត្តសញ្ញាណរបស់អ្នកស្រី បានថ្លែង​ប្រាប់​VOA ក្រោយ​ការ​បោះ​ឆ្នោត​ថា អ្នកស្រីបាន​បោះ​ឆ្នោត ហើយ​គូសសញ្ញាខ្វែង​នៅ​ក្នុង​ប្រភព​គណបក្សប្រជាជន​កម្ពុជា ដើម្បីបង្ហាញការ​មិន​ពេញចិត្តរបស់អ្នកស្រី។​

ការិយាល័យបោះឆ្នោតនៅក្នុងឃុំអរិយក្សត្រដែលជាឃុំគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ការិយាល័យបោះឆ្នោតនៅក្នុងឃុំអរិយក្សត្រដែលជាឃុំគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ប៉ុន្តែ​អ្នកស្រី​ត្រូវ​បាន​គេ​ប្រាប់​ថា​ ការ​គូស​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ គឺ​មាន​ន័យ​ថា​ជា​សន្លឹក​ឆ្នោត​បាន​ការ ហើយ​ជា​សំឡេង​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី​មាន​ប្រសាសន៍៖ «ស្អប់​គណបក្ស​ហ្នឹង ទើបគូសខ្វែង​ឲ្យ។ ចង់​ឲ្យសន្លឹក​ឆ្នោត មិន​បាន​ការ»។ ​អ្នកស្រីបាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ក្រោយ​ដឹង​ថា​សន្លឹក​ឆ្នោត​ដែល​អ្នកស្រីគូសនោះ អាច​យក​ជា​បាន​ការ​បាន។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ស្តាយមែន​ទែន​ ចង់​តែយំ​ទេ។​ ថា​មិន​ចង់​មក​បោះ​ឆ្នោតផង។ មក​បោះ​។​ ថា​ចង់​គូសសន្លឹក​ឆ្នោត មិន​ឲ្យ​បាន​ការ»។

អ្នកស្រីបន្ត​ថា ​អ្នកស្រីមិន​ពេញ​ចិត្ត​នឹង​ការ​បោះឆ្នោត​នេះ ដោយសារមិនមាន​វត្តមានគណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

កន្និកា ដែលជាឈ្មោះអ្នកនិពន្ធដាក់ឲ្យដើម្បីការពារអត្តសញ្ញាណរបស់នាង ដែល​មាន​មុខ​របរ​ជា​អ្នកលក់​ទឹក​អំពៅ​តាម​ម៉ូតូ​ និង​កំពុង​លក់​ទឹក​អំពៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​មួយ​ក្នុងឃុំ​អរិយក្សត្រ បាន​និយាយ​ថា​ ​នាង​សង្កេត​ឃើញ​មិន​សូវ​មាន​អ្នក​បោះ​ឆ្នោត​ច្រើន​ទេ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ។

រីឯប្រជាពលរដ្ឋ​ម្នាក់​ទៀត​ លោក​ ចិត្រ អាយុ​៣៧​ឆ្នាំ ដែលជាឈ្មោះអ្នកនិពន្ធដាក់ឲ្យដើម្បីការពារអត្តសញ្ញាណរបស់លោក មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ តែ​លោកបាន​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មិន​បាន​ការ ដោយ​មិន​គូសវាស​អ្វី​លើ​សន្លឹក​ឆ្នោត​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ទៅ​បោះ​ឆ្នោត​ ដោយសារ​ខ្ញុំ​គិត​ថា​ជា​កាតព្វ​កិច្ច​របស់​ប្រជាពលរដ្ឋ​មួួយ​រូប ដែល​ខ្ញុំ​ត្រូវ​តែ​បំពេញ​ តែខ្ញុំ​និយាយ​ដោយ​ស្មោះ​ចុះ​ ខ្ញុំ​អត់​គូស​អ្វី​ទាំង​អស់»។

លោក​ ចិត្រ ដែល​ជា​អ្នក​ចម្ការ​ម្នាក់ មាន​ប្រសាសន៍​ថា​ ការ​បោះ​ឆ្នោត​នេះ​ «មិន​សុក្រឹត អត់យុត្តិធម៌​ ដោយសារ​អត់​មាន​បក្ស​ប្រឆាំង​ចូលរួម»។

ទោះ​ជា​យ៉ាងណា​ ការ​ដែល​លោក​ទៅ​បោះ​ឆ្នោត​នេះ គឺ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជាប្រជាពលរដ្ឋ និង​ដើម្បីបាន​ទឹក​ខ្មៅ​លើ​ដៃ​ កុំ​ឲ្យ​អ្នក​ដទៃ​សង្ស័យ​ថា លោក​មាន​និន្នាការ​គាំទ្រ​គណបក្ស​ណា​។

លោក​បាន​បញ្ជាក់​ថា៖ «បើ​មិន​បាន​ទៅ​បោះ គេ​ចោទ​ថា​យើង​ប្រឆាំង»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត អាយុ​៤៥​ឆ្នាំ បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​សម្រេច​ចិត្ត​មិន​ទៅ​បោះឆ្នោត ដោយសារ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ។​

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​គិត​ថា​អត់​មាន​គណបក្ស​ណា​ដែល​ខ្ញុំ​ពេញចិត្ត»។

លោក​បាន​បន្ថែម​ថា អយុត្តិធម៌​សង្គម​មាន​ច្រើន ដែល​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។

លោក​មាន​ប្រសាសន៍ថា លោក​មិន​ភ័យ​ខ្លាច​អ្វីនោះ​ទេ ដោយសារ​ការ​មិន​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់​លោក។

លោក​ថា៖​ «អាជ្ញាធរ​គេ​មិន​ហ៊ាន​ជាមួួយ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ស៊ី​បាយ​អាជ្ញាធរ​ផង។​ គេ​ដឹង​ថា​ខ្ញុំ​អត់គាំទ្រ​គេ គេអត់សូវ​និយាយ​រកភូមិ​ឃុំ​អី​ហ្នឹង»។

លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​មួយចំនួន​ដែល​លោក​ស្គាល់​ បាន​ទៅ​បោះ​ឆ្នោត ដោយសារ​ពួកគេ​ខ្លាច​រង​គំនាប​ពី​អាជ្ញាធរ​ក្នុង​ការ​ទទួល​បាន​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «អ្នក​មាន​អាជីវ​កម្មរក​ស៊ី បើក​ជា​ហាង​អី​ គាត់​ត្រូវ​តែ​ទៅ​បោះ​។ បើ​មិន​អីចឹងទេ អាជ្ញាធរ​គេ​មិន​ស្វាគមន៍ គេ​រើស​អើង មិន​ស៊ីញ៉េដីធ្លី​ឲ្យ»។

លោក ថោង សារុន អតីតជំទប់ទី១នៃឃុំអរិយក្សត្រ មកពីគណបក្សសង្រ្គោះជាតិ។ (ស៊ុន ណារិន/VOA)
លោក ថោង សារុន អតីតជំទប់ទី១នៃឃុំអរិយក្សត្រ មកពីគណបក្សសង្រ្គោះជាតិ។ (ស៊ុន ណារិន/VOA)

លោក ថោង សារុន អតីត​ជំទប់​ទី១​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​តែទៅ​បោះ​ឆ្នោត​ ដោយសារ​ពួកគេ​រងគំនាប​ពី​អាជ្ញាធរ​ និង​ដោយសារ​ការ​ផ្តល់​ថវិកា​ដល់​ពួកគេ។

លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​មិន​ទៅ​បោះ មាន​សំឡេង​ច្រើន។​ អ្នក​ទៅ​បោះ​ ហើយ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មិន​បាន​ការ ក៏​មាន​ច្រើន​ដែរ»។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​បោះ​ឆ្នោត​នេះ​ មិន​យុត្តិធម៌នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​បោះ​ឆ្នោត​ទាំង​មូល មិន​ជោគ​ជ័យ​នោះ​ទេ ដោយសារ​សំឡេង​តិច។ អត់​សេរី ត្រឹម​ត្រូវ អត់​យុត្តិធម៌​ទេ ដោយសារ​មាន​តែ​បក្ស​តូចៗ​ចូលរួម អត់​មាន​គណបក្ស​ប្រឆាំង​ធំ​ចូលរួម»។

គួរ​បញ្ជាក់​ថា គណបក្ស​កាន់​អំណាចនឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ដោយ​ងាយ​ស្រួល បើ​ទោះ​ជា​មាន​គណបក្ស​ប្រឆាំង​ចំនួន​១៩​ ចូលរួម​ក៏​ដោយ។​ គណបក្សប្រជាជន​កម្ពុជា​ចង់​ឲ្យ​ប្រជាជន​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន ខណ:គណបក្ស​សង្គ្រោះជាតិដែល​មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ បាន​អំពាវនាវកុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត និង​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​«ក្លែងក្លាយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG