ការបោះឆ្នោតនៅកម្ពុជាបានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាត្រូវគេរំពឹងថានឹងឈ្នះការបោះឆ្នោតនេះដោយភ្លូកទឹកភ្លូកដី បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុនមក។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារំពឹងថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនះធំធេង និងបាននិយាយថា ប្រជាពលរដ្ឋ «សម្រុកទៅបោះឆ្នោត»។
អ្នកបោះឆ្នោតម្នាក់បាននិយាយថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកជួយសង្គ្រោះប្រទេសកម្ពុជា។ ខ្ញុំបោះឆ្នោតឲ្យលោក និងគណបក្សប្រជាជនកម្ពុជា»។
រីឯអតីតមេឃុំមួយរូបនៃគណបក្សសង្គ្រោះជាតិ បាននិយាយថា៖ «ខ្ញុំមិនបានទៅបោះឆ្នោតនោះទេ។ ខ្ញុំដេកនៅផ្ទះ។ មិត្តភ័ក្ដិរបស់ខ្ញុំជាច្រើនក៏មិនបានទៅបោះឆ្នោតដែរ»។
ច្បាប់បោះឆ្នោតរបស់កម្ពុជា ហាមមិនឲ្យមានការធ្វើយុទ្ធនាការមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃចំថ្ងៃបោះឆ្នោត។
រដ្ឋាភិបាលកម្ពុជាបានប្រើច្បាប់នេះជាហេតុផលដើម្បីបង្អាក់ដល់ដំណើរការគេហទំព័រព័ត៌មានចំនួន ១៥ ដែលក្នុងនោះមានទាំងគេហទំព័ររបស់ VOA ផងដែរ នៅចុងសប្ដាហ៍នេះ ប៉ុន្តែអនុញ្ញាតឲ្យគេហទំព័រព័ត៌មានដែលមានទំនោរទៅរករដ្ឋាភិបាលបន្តរាយការណ៍ជាធម្មតាដោយគ្មានការរំខាន។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា៖ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិ មានច្បាប់ត្រង់មាត្រាទី ៤២ ដើម្បីធ្វើអ្វីគ្រប់យ៉ាងទាំងអស់ គ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាឲ្យការបោះឆ្នោតនេះមានភាពសេរី និងយុត្តិធម៌»៕