អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសកំពុងតែបង្កើនសកម្មភាពទាមទារឱ្យប្រទេសជប៉ុនដកការគាំទ្រចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីកុំផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតសាកលក្នុងពេលខាងមុខ។
អ្នកគាំទ្រនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាគ្រោងធ្វើបាតុកម្មថ្មីមួយទៀតនៅថ្ងៃទី១៦ខែមិថុនានេះបន្ទាប់ពីបានធ្វើបាតុកម្មលើកទីមួយកាលពីដើមខែនេះ។ រីឯអ្នកគាំទ្រនៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងសហគមន៍អឺរ៉ុបក៏គ្រោងនឹងរៀបចំបាតុកម្មបន្តបន្ទាប់ដែរនៅក្នុងខែមិថុនានេះ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេថានេះជាផ្នែកមួយនៃយុទ្ធសាស្រ្តថ្មីក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិខណៈដែលវិបត្តិនយោបាយនៅបន្តអូសបន្លាយ។
លោកបានបន្ថែមថា៖
«យើងបានដឹងទាំងអស់គ្នាហើយថាជប៉ុនបានប្រឹងប្រែងខិតខំដើម្បីជួយរកដំណោះស្រាយនយោបាយហើយមកដល់ពេលនេះអ្វីដែលជាការប្រឹងប្រែងរបស់ជប៉ុនអត់ទាន់បានជោគជ័យទោះបីថារបបលោកហ៊ុនសែនមិនយកចិត្តទុកដាក់អ្វីដែលជាសំណើរបស់រដ្ឋាភិបាលជប៉ុន។ អីចឹងហើយបានបងប្អូនសហគមន៍ខ្មែរយើងដែលមិនអាចទទួលយកបានការបោះឆ្នោតក្លែងក្លាយហ្នឹងដែលសហគមន៍ខ្មែរជាពិសេសខ្មែរនៅឯនាយសមុទ្រហ្នឹងគឺបានរួមគ្នាតស៊ូមតិតាមរយៈការធ្វើបាតុកម្ម»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាដោយមិនមានគណបក្សសង្គ្រោះជាតិប៉ុន្តែមានគណបក្សនយោបាយចំនួន២០បានចុះឈ្មោះប្រកួត។ ក្នុងចំណោមនេះក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាចជិត៤០ឆ្នាំគឺគណបក្សដទៃទៀតមិនបានឈ្នះអាសនៈនៅក្នុងរដ្ឋសភាជាតិកាលពីការបោះឆ្នោតឆ្នាំ២០១៣ទេរីឯគណបក្សមួយចំនួនទៀតទើបតែបង្កើតថ្មី។
លោក អ៊ុង រិទ្ធីប្រធានគណបក្សសង្គ្រោះជាតិនៅអាមេរិកបានបញ្ជាក់ប្រាប់វីអូអេថាបាតុកម្មរបស់សហគមន៍ខ្មែរ-អាមេរិកាំងនិងកាណាដាលើកទីពីរនឹងរៀបចំនៅទីក្រុងញ៉ីវយ៉កនៅក្បែរស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ជប៉ុន។
លោក រិទ្ធីបានបញ្ជាក់បន្ថែមថា៖
«ពោលគឺយើងដឹងហើយថាការបោះឆ្នោតមិនត្រឹមត្រូវនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាដោយសារតែជំហររបស់ជប៉ុនគាំទ្រការបោះឆ្នោតរបស់រដ្ឋាភិបាលលោកហ៊ុនសែន។ ម្ល៉ោះហើយយើងធ្វើបាតុកម្មនៅស្ថានបេសកកម្មជប៉ុននៅអង្គការសហប្រជាជាតិគឺសម្តែងឱ្យដឹងថាយើងមិនគាំទ្រការសម្រេចចិត្តរបស់ជប៉ុនហើយចង់រុញច្រានជប៉ុនឱ្យដកសេចក្តីគាំទ្រចេញដើម្បីរុញច្រានរដ្ឋាភិបាលលោកហ៊ុនសែនគោរពតាមលទ្ធិប្រជាធិបតេយ្យឱ្យមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។
នៅប្រទេសជប៉ុនបាតុកម្មនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យទី១៧ខែមិថុនា។
លោក ហៃ វណ្ណាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុនបានបញ្ជាក់ពីគោលបំណងនៃការទាមទារនេះថា៖
«ទីមួយគឺយើងតែងតែថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលជួយឧបត្ថម្ភប្រជាជនកម្ពុជាយើងហើយនឹងប្រទេសកម្ពុជាយើងជារៀងរហូតមក។ ទីពីរគឺយើងស្នើសុំឱ្យជប៉ុនបញ្ឈប់ជាបន្ទាន់ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីព្រោះយើងគិតថាការបោះឆ្នោតនេះមិនមានភាពសេរីនិងយុត្តិធម៌ទេហើយទីបីយើងស្នើសុំឱ្យជប៉ុនប្រកាសជាផ្លូវការថាមិនទទួលស្គាល់ការបោះឆ្នោតហ្នឹងទេហើយបួនយើងចង់ឱ្យជប៉ុនត្រៀមខ្លួនក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោតក្លែងក្លាយហើយទីប្រាំយើងចង់ឱ្យជប៉ុនរៀបចំរឹតបន្តឹងទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលទាំងឡាយណាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហើយនឹងមន្ត្រីជាន់ខ្ពស់ណាដែលកំពុងតែគាបសង្កត់លើសិទ្ធិមនុស្សនៅកម្ពុជា»។
រីឯនៅបាតុកម្មនៅសហគមន៍អឺរ៉ុបនឹងមានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលរួមជាមួយនឹងអ្នកគាំទ្រផងដែរ។
លោក ថៃ មករា អ្នកសម្របសម្រួលគណបក្សសង្គ្រោះជាតិប្រចាំនៅសហគមន៍អឺរ៉ុបបានបញ្ជាក់ថា៖«យើងទៅហ្នឹងមិនមែនយើងទៅប្រឆាំងនឹងជប៉ុនទេគឺយើងទៅសុំអង្វរ។ យើងទៅសុំឱ្យជប៉ុនជួយដូចពាក្យស្លោករបស់យើងគឺថា«ជប៉ុនជួយប្រជាជនខ្មែរ» «ជប៉ុនជួយលទ្ធិប្រជាធិបតេយ្យស្រុកខ្មែរ»។ ដូច្នេះយើងមិនមែនសុំឱ្យគាត់ផ្តាច់ជំនួយវិនិយោគទុនផ្សេងៗទេគឺសុំឱ្យគាត់ដកជំនួយហិរញ្ញវត្ថុការបោះឆ្នោត»។
លោក មករាបានបន្ថែមថាជំនួយរបស់ជប៉ុនជាការផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតនេះប៉ុន្តែផ្ទុយនឹងឆន្ទៈរបស់ពលរដ្ឋជាង៤០ភាគរយដែលគាំទ្រគណបក្សសង្គ្រោះជាតិ៖
«បើសិនជាជប៉ុននៅបន្តសង្កេតការណ៍ឬជួយក្នុងគ.ជ.បផ្នែកការបោះឆ្នោតហ្នឹងវាហាក់ដូចជាជួយដល់រដ្ឋាភិបាលដែលកើតក្រោយហ្នឹងស្របច្បាប់ពីព្រោះជប៉ុនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ អីចឹងយើងចង់ឱ្យជប៉ុនបញ្ឈប់ដូចខាងអឺរ៉ុបអីចឹងទៅដើម្បីឱ្យពិភពលោកយល់ថាការបោះឆ្នោតហ្នឹងគឺជាការបោះឆ្នោតមិនមានប្រជាធិបតេយ្យ មិនមានការគោរពសិទ្ធិមនុស្សហើយជាការបោះឆ្នោតលេងសើច ជាការបោះឆ្នោតបន្លំភ្នែកដើម្បីក្តោបក្តាប់អំណាចតទៅទៀត»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ជប៉ុននៅទីក្រុងញ៉ីវយ៉កនិងស្ថានទូតជប៉ុនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបជាផ្លូវការនឹងសំណួររបស់វីអូអេពីជំហររបស់ជប៉ុននៅឡើយទេ។ ប៉ុន្តែបុគ្គលិកម្នាក់បានថ្លែងប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះដោយសារតែខ្លួនមិនមានសិទ្ធិនិយាយជាមួយនឹងអ្នកសារព័ត៌មានថាជប៉ុននឹងមិនមានអ្វីត្រូវថ្លែងទៀតក្រៅពីបានបញ្ជាក់ក្នុងពេលកន្លងមកទេ។ ក្នុងពេលកន្លងមកប្រទេសជប៉ុនបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យរៀបចំការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា។
ប្រទេសជប៉ុនក៏ជាអ្នកវិនិយោគទុនដ៏ធំមួយរបស់កម្ពុជាផងដែរ។ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះក្រុមហ៊ុនជប៉ុនបានវិនិយោគទុនចំនួន១,៥ពាន់លានដុល្លារនៅកម្ពុជា។ ការណ៍នេះនាំឱ្យអ្នកវិភាគនានាបានលើកឡើងថាជប៉ុនត្រូវប្រុងប្រយ័ត្នចំពោះទីផ្សាររបស់ខ្លួនជាពិសេសនៅពេលដែលប្រទេសចិនកាន់តែបង្កើនឥទ្ធិពលនៅកម្ពុជា។
លោក អេង ឆៃអ៊ាង ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ដោយចាត់ទុកថាការគាំទ្ររបស់ជប៉ុនដល់ការបោះឆ្នោតលើកនេះទេគឺជាការរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យ៖
«បើជប៉ុននៅបន្តជួយការបោះឆ្នោតក្លែងក្លាយហ្នឹងបានន័យថាជប៉ុនចូលរួមក្នុងការអនុវត្តនយោបាយផ្តាច់ការនៅកម្ពុជា ចូលរួមក្នុងការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា»។
សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកបានផ្អាកការគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ទាប់ពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ។ បច្ចុប្បន្ននេះ នៅសល់តែប្រទេសជប៉ុនមួយប៉ុណ្ណោះដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅបន្តគាំទ្រលើផ្នែកបច្ចេកទេសហើយកាលពីខែកុម្ភៈបានផ្តល់ហិបឆ្នោតជាង១០.០០០ដែលមានតម្លៃ៧,៥លានដុល្លារដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងជាអ្នកនាំពាក្យបានបញ្ជាក់ថាការបោះឆ្នោតខាងមុខបើទោះបីជាមិនមានការគាំទ្រពីប្រទេសជប៉ុនក៏មិនប៉ះពាល់ដល់ដំណើរការនៃការរៀបចំការបោះឆ្នោតទេដោយសារគ.ជ.បមានថវិកាគ្រប់គ្រាន់ហើយ។
លោកក៏បានការពារភាពស្របច្បាប់របស់ដំណើរការបោះឆ្នោតនេះផងដែរ៖
«ភាពស្របច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានរួចទៅហើយអីចឹងជប៉ុនដែលសម្រេចចិត្តបន្តជួយនិងជួយកន្លងមកនេះគឺបានសង្កេតឃើញភាពស្របច្បាប់រួចទៅហើយ។ទីពីរប្រសិនបើជប៉ុនលោកដកចេញភាពស្របច្បាប់នេះទៅតែមានព្រោះការបោះឆ្នោតនេះមិនមែនការបោះឆ្នោតបម្រើឱ្យភាគីបរទេសណាទេគឺការបោះឆ្នោតបម្រើឱ្យឆន្ទៈប្រជាពលរដ្ឋហើយយ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋច្រើនលើសលប់អាចនិយាយបានថាលើសពី៥០ភាគរយដែលរស់នៅនិងមានការគាំទ្រសម្រាប់ដំណើរការបោះឆ្នោតនេះ»។
តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ក្រោយពីចាប់ឃុំឃាំងលោកកឹម សុខាប្រធានគណបក្សដោយចោទពីបទក្បត់ជាតិនិងហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ អាសនៈសភាជាតិចំនួន៥៥និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥០០០របស់គណបក្សសង្គ្រោះជាតិត្រូវបានគណបក្សកាន់អំណាចយកទៅបែងចែកឱ្យគណបក្សមួយចំនួនដែលមិនបានជាប់ឆ្នោតទេ។ អ្នកតំណាងរាស្ត្រនិងមន្ត្រីបក្សមួយចំនួនបានរត់ភៀសខ្លួនមកនៅក្រៅប្រទេស។
គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការអំពាវនាវដល់ពលរដ្ឋកម្ពុជាមិនចេញទៅបោះឆ្នោតដោយពាក្យថា«នៅផ្ទះឈ្នះឯង»ប៉ុន្តែយុទ្ធនាការនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរិះគន់ថាបានដើរផ្ទុយនឹងការអំពាវនាវរបស់ព្រះមហាក្សត្រនរោត្តម សីហមុនីដែលបានស្នើឱ្យពលរដ្ឋចេញទៅបោះឆ្នោតតាមឆន្ទៈរបស់ពួកគេ។
អ្នកវិភាគនានាមើលឃើញថាប្រទេសកម្ពុជាអាចប្រឈមនឹងទណ្ឌកម្មអន្តរជាតិបើសិនជានៅតែមិនស្វែងរកដំណោះស្រាយនយោបាយឱ្យបានមុនការបោះឆ្នោតខាងមុខទេ។
កាលពីដើមខែឧសភា អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយរូបគឺលោកTed Yoho ដែលមកពីគណបក្សសាធារណរដ្ឋប្រចាំនៅរដ្ឋផ្លរីដាបានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយដែលមានឈ្មោះថាច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(Cambodia Democracy Act of 2018) ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាខាងផ្នែកទិដ្ឋាការនិងពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មាធិការកិច្ចការបរទេសអនុម័តកាលពីថ្ងៃទី១៧ខែឧសភាហើយកំពុងរង់ចាំបញ្ជូនទៅសភាពេញអង្គអនុម័ត។ រហូតមកដល់ពេលនេះមានអ្នកចូលរួមគាំទ្រសេចក្តីព្រាងច្បាប់នេះចំនួន៨នាក់ថែមទៀតហើយ៕