ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ស្នើ​សុំ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ពី​ប្រទេស​ជប៉ុន​ និង​ឥណ្ឌា


រូបឯកសារ៖ លោក ហ៊ុន សែន (កណ្តាល) នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។
រូបឯកសារ៖ លោក ហ៊ុន សែន (កណ្តាល) នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

ប្រទេស​ធំៗ​ដែល​កាន់​លទ្ធិ​​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​ជាដើម បាន​​​បង្ហាញ​ក្តី​បារម្ភ​អំពី​​ការ​បោះឆ្នោត​សាកល​នៅ​ពេល​ខាង​មុខ ដោយសារ​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដោយ​តុលាការ​កំពូល។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា និង​ជប៉ុន បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កម្ពុជា ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ។

បើ​តាម​សារ​បង្ហោះ​លើ​ទំព័រ​ Facebookនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព ជាមួយ​លោក កាហ៊្សូយូគី ណាកាណេ (Kazuyuki NAKANE) រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ជប៉ុន​ថា ​លោក​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ជប៉ុន​បន្ត​ជួយ​និង​គាំទ្រ​ដល់​ការ​បោះឆ្នោត​សាកល​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។

សារ​ក្នុង​ទំព័រ​ Facebookលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន មាន​អត្ថន័យ​ដើម​ថា៖

«សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ភាគី​ជប៉ុន បន្ត​ជួយ​និង​គាំទ្រ​ដល់​ការ​បោះឆ្នោត​សកល​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ កក្កដា ឆ្នាំ​២០១៨ និង​បាន​ស្នើ​សុំ​ឲ្យ​បញ្ជូន​អ្នក​សង្កេត​ការ​ជប៉ុន​មក​ចូលរួម​សង្កេត​ការ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ជា​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ចំណែក​ក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌា-កម្ពុជា នៅ​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ភាគី​ឥណ្ឌា​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​ពិនិត្យ​តាមដាន​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយលើក​ឡើង​ថា ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ ដែល​អាច​វាយ​តម្លៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​អំពី​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ​ហៅ​កាត់​ថា​ខុមហ្វ្រែល​ (Comfrel) ​លើក​ឡើង​ថា​ ការ​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោតពី​អន្តរជាតិ​ នឹង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការ​បោះឆ្នោត​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ ប៉ុន្តែ​លោក​ថា អ្នក​សង្កេតការណ៍​អន្តរជាតិ​ទាំង​នោះ ចាំ​បាច់​គឺ​ជា​អ្នក​សង្កេតការណ៍​ដែល​មក​ពី​ស្ថាប័ន​ឯករាជ្យ។

លោក កន សាវាង្ស​ ​មាន​ប្រសាសន៍​ថា៖

«ស្ថាប័ន​អន្តរជាតិចូលរួម​ច្រើន​ហ្នឹង​វា​ការ​ល្អ​ប្រសើរ​មួយ ក៏​ប៉ុន្តែ​ចេញ​ពី​ស្ថាប័ន​ដែល​មានលទ្ធិ​ប្រជាធិបតេយ្យ ​អានេះ​ជា​ការ​មួយ​ល្អ។​ បើ​សិន​ជាស្ថាប័ន​មួយ​ដែល​មិន​មែន​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ធ្វើ​ការវាយ​តម្លៃ​ដំណើរការ​បោះឆ្នោត ក៏​មិន​អាច​ថា​មាន​ទម្ងន់​នៅ​ក្នុង​ការ​វាយ​តម្លៃ​ហ្នឹង​ល្អ​ប្រសើរ​ដែរ»។

ប្រទេស​ធំៗ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​ជាដើម បាន​បង្ហាញ​ក្តី​បារម្ភ​អំពីការ​បោះឆ្នោត​សាកល​នៅ​ពេល​ខាង​មុខ ដោយសារ​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដោយ​តុលាការ​កំពូល។ ពួកគេ​ក៏​បាន​ព្រមាន​ថា ​ការ​បោះឆ្នោត​នឹង​មិន​អាច​ត្រូវ​បាន​ទទួល​ស្គាល់​នោះ​ទេ បើ​មិន​មាន​គណបក្ស​ប្រឆាំង ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់។

ទោះ​ជា​យ៉ាង​ណា​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន តែង​ប្រកាស​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​លើក​ឡើង​របស់​ប្រទេស​ទាំង​នោះ ហើយ​ថា កម្ពុជា​នៅ​តែ​រៀបចំ​ការ​បោះឆ្នោត​តាម​កាល​កំណត់ និង​មិន​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ណា​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG