លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិបានទៅដល់ប្រទេសជប៉ុនដើម្បីស្នើឱ្យប្រទេសជប៉ុនដើរតួនាទីកាន់តែខ្លាំងថែមទៀតក្នុងការជួយធានាឱ្យការបោះឆ្នោតជាតិក្នុងពេលខាងមុខមានលក្ខណៈសេរីនិងយុត្តិធម៌ដោយមានការចូលរួមរបស់គណបក្សប្រឆាំង។
លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់ទូរទស្សន៍ NHK របស់ជប៉ុននៅពេលទៅដល់អាកាសយានដ្ឋាននៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា ប្រទេសជប៉ុន អាចដើរតួនាទីដ៏សំខាន់ក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាវិញបន្ទាប់ពីបានធ្លាក់ចុះចាប់តាំងពីឆ្នាំមុន។
លោកបានបញ្ជាក់ថា៖
«ខ្ញុំនឹងស្នើជប៉ុនហើយខ្ញុំគិតថាជប៉ុនកំពុងតែធ្វើកិច្ចការត្រឹមត្រូវហើយនោះគឺធានាថាការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដានឹងមានលក្ខណៈសេរីនិងយុត្តិធម៌ដោយមានការចូលរួមរបស់គណបក្សប្រឆាំងតែមួយគត់ដែលមានលក្ខណៈគួរឱ្យទុកចិត្តបាននិងមានកម្លាំងខ្លាំងនោះគឺគណបក្សសង្គ្រោះជាតិ»។
នៅក្នុងបទសម្ភាសដែលបានផ្សាយបន្តតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ីផ្ទាល់ អតីតប្រធានគណបក្សសង្គ្រោះជាតិបានរំលឹកពីតួនាទីរបស់ប្រទេសជប៉ុនក្នុងការជួយដល់ដំណើរការសន្តិភាពនៅប្រទេសកម្ពុជានិងពេលដែលមានវិបត្តិនយោបាយនៅកម្ពុជាក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
លោក សម រង្ស៊ី បន្ថែមថា ប្រទេសជប៉ុនមានឥទ្ធិពលខ្លាំងលើប្រទេសកម្ពុជាតាមរយៈជំនួយអភិវឌ្ឍន៍ដ៏ច្រើនសន្ធឹកសន្ធាប់។
ដំណើររបស់លោក សម រង្ស៊ី ទៅប្រទេសជប៉ុនកើតឡើងបន្ទាប់ពីលោក តារ៉ូ កូណូរដ្ឋមន្ត្រីការបរទេសជប៉ុនធ្វើដំណើរទៅប្រទេសកម្ពុជាកាលពីប៉ុន្មានថ្ងៃមុនហើយជប៉ុនបានទទូចឱ្យកម្ពុជារៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរីនិងត្រឹមត្រូវប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយអំពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងគណបក្សប្រឆាំងឡើយក្នុងពេលជួបពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ។
លោក សម រង្ស៊ី បានបញ្ជាក់ថាអវត្តមានរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើឱ្យការបោះឆ្នោតគ្មានន័យនិងឈានទៅដល់អស្ថិរភាពសម្រាប់រដ្ឋាភិបាលថ្មី៖
«ដូច្នេះជប៉ុនយល់ច្បាស់ណាស់ថាការបោះឆ្នោតណាមួយដែលគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិទេគឺគ្មានន័យអ្វីឡើយ។ វាអត់បានការទេហើយនឹងឈានទៅអស្ថិរភាពពីព្រោះរដ្ឋាភិបាលណាក៏ដោយដែលបង្កើតក្រោយពីការបោះឆ្នោតដែលមិនស្របច្បាប់នឹងបង្កើតរដ្ឋាភិបាលមិនស្របច្បាប់ដែរហើយនឹងមានផលវិបាកដែលមិនអាចនឹងប៉ាន់ស្មានទុកជាមុនបាន»។
លោក សម រង្ស៊ី មានអមដំណើរដោយលោកស្រីជូឡុង សូម៉ួរ៉ានិងលោកស្រីមូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិ។ មន្ត្រីគណបក្សបានបញ្ជាក់ថាលោកសម រង្ស៊ីនឹងជួបជាមួយអ្នកតំណាងរាស្រ្ត មន្ត្រីក្រសួងការបរទេសជប៉ុន សហគមន៍អ្នកជំនួញនិងសហគមន៍ខ្មែរ។
រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិកាលពីខែកញ្ញាហើយតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំមុននិងបានហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅអាទិត្យទី២៩ខែកក្កដាខាងមុខនេះហើយពេលវេលាមិននៅសល់ច្រើនប៉ុន្មានទេសម្រាប់គណបក្សប្រឆាំងដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់យកថ្ងៃទី៣០ខែមេសាដល់ទី១៤ខែឧសភាឱ្យគណបក្សដែលមានគោលបំណងចូលរួមប្រកួតប្រជែងចុះឈ្មោះ។
លោក សម រង្ស៊ី និងសហគមន៍ខ្មែរនៅក្រៅប្រទេសបានអំពាវនាវក្នុងពេលថ្មីៗនេះសូមកុំឱ្យពលរដ្ឋខ្មែរចេញទៅបោះឆ្នោតបើសិនគណបក្សសង្គ្រោះជាតិមិនអាចចូលរួមបានទេ។
ប៉ុន្តែពេលមកដល់ប្រទេសជប៉ុន លោក សម រង្ស៊ី សម្តែងសុទ្ទិដ្ឋិនិយមថាគណបក្សប្រឆាំងនឹងអាចចូលរួមការបោះឆ្នោតនេះបាន៖
«ខ្ញុំនៅតែមានក្តីសង្ឃឹមយ៉ាងខ្លាំង។ អ្វីៗអាចកើតមានឡើងនៅក្នុងប្រទេសកម្ពុជាពេលណាក៏បានដែរដរាបណាបរិយាកាសល្អត្រឹមត្រូវ និងមានការគាំទ្រត្រឹមត្រូវពីសហគមន៍អន្តរជាតិ»។
លោក សម រង្ស៊ី បានសរសើរលទ្ធិប្រជាធិបតេយ្យនៅជប៉ុនដែលកម្ពុជាត្រូវយកគំរូតាមគឺមិនមែនលទ្ធិប្រជាធិបតេយ្យបែបសហគមន៍អឺរ៉ុបឬសហរដ្ឋអាមេរិកទេ។ ជាពិសេសវិធីដោះស្រាយរបស់ជប៉ុនដែលប្រើវិធីស្ងាត់ស្ងៀម។
តាមប្រភពដែលស្និទ្ធនឹងលោក សម រង្ស៊ី បានបញ្ជាក់ថាបន្ទាប់ពីចាកចេញពីប្រទេសជប៉ុននៅថ្ងៃទី១៥ខែមេសានេះ លោកសម រង្ស៊ីនឹងបន្តដំណើរទៅប្រទេសឥណ្ឌូនេស៊ីដើម្បីជួបជាមួយនឹងមន្ត្រីនៅទីនោះទៀត។ ឥណ្ឌូនេស៊ីគឺជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕