លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ លើកឡើងថា ការអំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោត គឺជាការប្រឆាំងនឹងព្រះមហាក្សត្រ ដែលទើបបានចេញព្រះរាជសារអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែមិថុនា នេះ លោកនាយករដ្ឋមន្រ្តីថ្លែងថា ការអំពាវនាវដោយប្រើពាក្យថា«ដេកផ្ទះឈ្នះឯង» ដែលជនមួយចំនួនបាននិងកំពុងតែធ្វើគឺជាការប្រឆាំងនឹងព្រះរាជសាររបស់ព្រះមហាក្សត្រ និងថា ជាបទល្មើសពានវាំង។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖
«តើគេហ៊ានចេញមុខប្រឆាំងជាមួយព្រះរាជសារព្រះមហាក្សត្រ ឬទេ? បើគេចេញមុខប្រឆាំង សូមកុំភ្លេចថា នេះជាទោសពានវាំងតែម្តង ព្រោះទង្វើបែបនេះច្បាស់ណាស់ថា ថ្ងៃណាមួយគេនឹងបំផ្លាញរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងប្រឆាំងព្រះមហាក្សត្រ ផ្តួលរំលំរាជបល្ល័ង្កតែម្តង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្រើពាក្យព្រមានជាច្រើនករណីលើអ្នកដែលមានបំណងមិនទៅបោះឆ្នោត ក៏បានរិះគន់ពាក្យ«ដេកផ្ទះឈ្នះឯង»ថា ជាការលើកឡើងដែលមិនសមហេតុផល។
លោកនិយាយថា៖
«ឥឡូវខ្ញុំកំពុងរង់ចាំមើលរបស់ដែលហៅថា «ដេកផ្ទះឈ្នះឯង»។ វាមិនដែលម៉ែអាណា«ដេកផ្ទះឈ្នះឯង»ទេវើយ! សូម្បីតែរកអង្ករច្រកឆ្នាំងក៏រកមិនបានផង។ វាទាល់តែទៅធ្វើការទើបបានអង្ករច្រកឆ្នាំង។ វាមិនដែលបង្កើតទ្រឹស្តីម៉ែអាណា«ដេកផ្ទះឈ្នះឯង»។ គេសំដៅទៅលើសិទ្ធិពលរដ្ឋដែលអំពាវនាវកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។ ប៉ុន្តែខ្ញុំរង់ចាំមើល តើគេប្រឆាំងចំពោះព្រះមហាក្សត្រ វាយ៉ាងម៉េច»?
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជសារមួយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ និងទើបត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ដោយព្រះអង្គមានព្រះបន្ទូលថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់។ ព្រះអង្គបានបន្ថែមដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងគ្រប់វិស័យ ឲ្យបានគ្រប់ៗគ្នា។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលក្នុងព្រះរាជសារតាមន័យដើមថា៖
«សូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឲ្យសោះ។ ខ្ញុំ សូមជនរួមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី»។
ថ្មីៗនេះគេឃើញអ្នកនយោបាយ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានបញ្ចេញវោហារសាស្រ្តរៀងៗខ្លួនពាក់ព័ន្ធនឹងការទៅ ឬមិនទៅចូលរួមបោះឆ្នោត។ បញ្ហានេះ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា ទៅបោះឆ្នោត ឬអត់។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងស្ថិតនៅបរទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនបើមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដោយលោកថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយសម្រាប់បង្គ្រប់កិច្ចឲ្យគណបក្សកាន់អំណាចដឹកនាំប្រទេសតាមរបៀបផ្តាច់ការ។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានថតរូបភ្ជាប់នឹងបដារដែលសរសេរថា«ដេកផ្ទះ ឈ្នះឯង» និង «ខ្ញុំមិនទៅបោះឆ្នោតទេ ព្រោះគ្មានគណបក្សដែលខ្ញុំពេញចិត្ត» ដោយបង្ហោះលើគណនីរបស់ពួកគេជាដើម។
ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់វិធានការផ្លូវច្បាប់លើការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាមិនទៅបោះឆ្នោតនេះ។
ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ និងទើបប្រកាសថា នឹងបន្តកាន់អំណាចត្រឹមរយៈពេល១០ឆ្នាំទៀតនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយភ្ជាប់នឹងការព្រមានជាបន្តបន្ទាប់ថា ប្រសិនបើអ្នកមិនទៅបោះឆ្នោត ហើយបែរជាយកទឹកខ្មៅ ឬថ្នាំលាបសក់មកលាបលើម្រាមដៃបន្លំថា បានទៅបោះឆ្នោត នោះនឹងត្រូវប្រឈមនឹងការមានទោស។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាកុំទៅបោះឆ្នោត បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា លិខិតដែលព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខអាចជាលិខិតដែលធ្វើឡើងក្រោមការគំរាមកំហែងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សម រង្ស៊ី បន្ថែមថា កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមព្រះមហាក្សត្រថា នឹងរំលាយរាជបល្ល័ង្ក ប្រសិនបើព្រះមហាក្សត្រមិនយល់ព្រមប្រថាប់ត្រាលើសន្ធិសញ្ញាបំពេញបន្ថែមក្នុងរឿងព្រំដែន ដែលអ្នករឹះគន់អះអាងថា បានកាត់ទឹកដីឲ្យទៅប្រទេសវៀតណាម ដែលរួមមានទាំងកោះត្រល់ផង។
លោក សម រង្ស៊ី បញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«លិខិតព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ថ្ងៃ២៩ កក្កដា ខាងមុខគឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយដែលបានធ្វើឡើងក្រោមការគំរាមកំហែងពីជនផ្តាច់ការ ហ៊ុន សែន ដែលចេះតែដើរគំរាមកំហែងអ្នកដទៃ មានទាំងព្រះមហាក្សត្រផងដែរ ...។ សូមបងប្អូនជនរួមជាតិនិងក្មួយៗ កុំចាប់អារម្មណ៍ពីលិខិតចុងក្រោយរបស់ព្រះមហាក្សត្រនេះ ពីព្រោះតាមផ្លូវច្បាប់ អ្វីដែលធ្វើឡើងក្រោមការគំរាមកំហែងមិនអាចយកជាការបានទេ»។
ក្រុមគណៈកម្មការចំពោះកិច្ចរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៥ ខែមិថុនា ពីរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ដោយប្រកាសក្នុងន័យដើមថា៖
«អង្គប្រជុំបានសម្រេច រៀបចំជំរុញ និងលើកទឹកចិត្តខ្មែរ ទាំងក្នុង និងក្រៅប្រទេស ធ្វើយុទ្ធនាការមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ។
កាលពីខែកុម្ភៈកន្លងទៅ មាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងការការពារព្រះមហាក្សត្រ ត្រូវបានធ្វើវិសោធនកម្ម ដោយមានចែងដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រឲ្យជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀនដល់១០លានរៀល។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ប្រាប់ VOA ថា ការអំពាវនាវរបស់ព្រះមហាក្សត្រមិនមែនជាការបញ្ជា ឬការចាប់បង្ខំឲ្យប្រជាពលរដ្ឋត្រូវតែធ្វើតាមនោះទេ។ លោកបន្ថែមថា ការអំពាវនាវណាមួយដែលផ្ទុយពីការអំពាវនាវរបស់ព្រះមហាក្សត្រក្នុងករណីនេះក៏មិនមែនជាការប្រឆាំងនឹងព្រះមហាក្សត្រដែរ។
លោកមានប្រសាសន៍ថា៖
«ការអំពាវនាវរបស់ព្រះមហាក្សត្រ មិនមែនជាសេចក្តីសម្រេចឯណា ព្រោះអំពាវនាវមានន័យថា គ្រាន់តែស្នើសុំឲ្យអ្នកបោះឆ្នោតទៅបោះទេតើ។ ពាក្យប្រឆាំងដែលជាបទល្មើសលុះត្រាតែចង់រំលាយ ឬរំលំរបបរាជានិយម ឬក៏បើសិនជាព្រះមហាក្សត្រ ជាសេចក្តីសម្រេចរបស់ព្រះអង្គ ហើយយើងទៅប្រឆាំងនឹងសេចក្តីសម្រេច អាហ្នឹងបានជាការប្រឆាំង»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនមានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ គេឃើញអង្គការ និងស្ថាប័នជាតិ អន្តរជាតិមួយចំនួន បង្ហាញការបារម្ភថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅដោយមិនមានតម្លាភាព និងមិនយុត្តិធម៌។
យ៉ាងណាក៏ដោយ ទាំងគ.ជ.ប. និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុទ្ធតែបានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលឆ្នោតពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕