ក្រុមអង្គការសង្គមស៊ីវិលចម្រុះ បានទទូចរួមគ្នាក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សុំឲ្យ អាជ្ញាធរដោះលែងលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និង សកម្មជនបរិស្ថាន៣រូបផ្សេងទៀត ក្រោយពីចុះឃ្លាំមើលសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅតំបន់ព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី១២ មីនា ហើយត្រូវគេចាប់ខ្លួន។
សកម្មជនទាំងបួនរូប មានលោក អ៊ូច ឡេង ដែលជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦ ហើយនឹង សកម្មជនបរិស្ថាន ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ ៣រូបទៀតគឺលោក ខេម សុខឃី លោក ស្រី ថី ហើយនឹងលោក មេន ម៉ាត់ ដែលគេរាយការណ៍មកថា រងនូវអំពើហិង្សាពេលដែលត្រូវឃាត់ខ្លួនដោយកម្លាំងសន្តិសុខក្រុមហ៊ុន Think Biotech Com, Ltd ហើយក្រោយមកត្រូវឃុំខ្លួននៅក្នុងអធិការស្រុកសំបូរ ខេត្តក្រចេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមតំណាងសង្គមស៊ីវិលឯករាជ្យចំនួន២៤ បានចាត់ទុកថា សកម្មភាព ឃាត់ខ្លួននេះគឺជារូបភាពនៃការគំរាមកំហែងដល់សកម្មជនបរិស្ថាននិងព្រៃឈើ ដែលគ្រាន់តែធ្វើ សកម្មភាពដោយសន្តិវិធីក្នុងការឃ្លាំមើល និង រាយការណ៍អំពីសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និង តំបន់ផ្សេងទៀតស្របតាមសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា និងច្បាប់ស្តីពីកិច្ចគាំពារបរិស្ថាន និង គ្រប់គ្រងធម្មជាតិ ដែលបានលើកទឹកចិត្តនិង លទ្ធភាពឲ្យសាធារណៈជនចូលរួមក្នុងកិច្ចការបរិស្ថាន និង ការពារធនធានធម្មជាតិ។
ក្រៅពីការសរសើរដល់សកម្មជនទាំងបួនរូប ក្រុមសង្គមស៊ីវិល បានអំពាវនាវឲ្យនគរបាលស្រុក សំបូររក្សាសុវត្ថិភាព និងដោះលែងសកម្មជនបរិស្ថានទាំង៤រូប ដោយឥតលក្ខខណ្ឌ ហើយស៊ើប អង្កេតនិងផ្តន្ទាទោសជនដៃដល់ចំនួន២នាក់ដែលប្រើអំពើហិង្សាលើសកម្មជនបរិស្ថានម្នាក់គឺលោក មេន ម៉ាត់៕